សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​៧​នាក់​​បន្ត​ជាប់​ឃុំ

ដោយ យាង សុជាមេត្តា
2015-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាឧទ្ធរណ៍-មហា​អយ្យការ
សាលាឧទ្ធរណ៍-មហា​អយ្យការ
RFA

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ប្រកាស​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​របស់​ជនជាប់ចោទ​ចំនួន ៧​នាក់ ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​ថា បាន​ចូលរួម​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​មក។ អ្នក​ទាំង ៧​នាក់​នោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​ជាប់​ទោស​ពី ៥ ទៅ ៨​ឆ្នាំ។

ការ​ប្រកាស​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ចូលរួម​របស់​ជន​ជាប់​ទាំង ៧​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឡើយ គឺ​មាន​តែ​មេធាវី​ដែល​ជា​តំណាង​របស់​ជនជាប់ចោទ​មួយ​រូប​ចូល​រួម។

ក្នុងចំណោម​ជនជាប់ចោទ​ទាំង ៧​នាក់​នោះ ៤​នាក់ គឺ​ជា​ជនជាតិ​ខ្មែរ ហើយ ៣​នាក់​ផ្សេង​ទៀត គឺ​ជា​ខ្មែរ​កម្ពុជា​ក្រោម។

យ៉ាងណា​ក៏ដោយ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​មិន​បាន​និយាយ​យ៉ាង​ណា​នោះ​ទេ​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ពេល​នេះ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ៩​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់​ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ពេល​នោះ ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង ១៣​នាក់​ដែល​ត្រូវ​ផ្ដន្ទាទោស ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ។ ក្នុង​នោះ​ក៏​មាន​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ផង​ដែរ។

ភ្លាមៗ​នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ ជនជាប់ចោទ​ទាំង ៧​នាក់ បាន​ប្រកាស​ថា ប្តឹង​ឧទ្ធរណ៍ ហើយ​ក្រោយ​មក​ករណី​របស់​ពួកគេ​ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍​បើក​សវនាការ​ជា​ច្រើន​លើក​មុន​នឹង​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​នៅ​ពេល​នេះ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​អះអាង​ថា ការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ គឺ​ដោយសារ​ការ​ជំនុំជម្រះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិ​វិធី​ត្រឹមត្រូវ។

​កន្លង​មក មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​រិះគន់​ចំពោះ​ការសម្រេច​ផ្ដន្ទាទោស​លើ​ពួកគេ​ទាំង​នេះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​បទចោទប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ព្រោះ យូមែន រ៉ៃត៍ វ៉ច្ឆ យល់​ឃើញ​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល