មេធាវីការពារក្តីឲ្យលោក ឈឹម ផលវរុណ គឺលោក គួយ ធុនណា ឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចទទួលពាក្យបណ្ដឹងរបស់លោករួចហើយ កាលពីថ្ងៃទី៨ ខែកក្កដា ដែលបានប្តឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោមបទចោទចំនួន ៣ គឺបទបរិហារកេរ្តិ៍ បទក្លែងព័ត៌មាន និងបទប្រមាថចំពោះកូនក្ដីរបស់លោក។
ជុំវិញបញ្ហានេះ លោក ឈឹម ផលវរុណ មិនបានបញ្ជាក់ពីថ្លៃទាមទារសំណង និងប្រាក់ជំងឺចិត្តប៉ុន្មានក្នុងបណ្ដឹងដែលបានដាក់ទៅតុលាការនោះឡើយ។ តែលោកប្រាប់ថា លោកប្ដឹងលោក ខឹម វាសនា ចំនួន ៣ករណី ដែលបានចោទថា លោកបោកប្រាស់លុយគេ និងយកទៅផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) និងតាមវិទ្យុ។
យ៉ាងណា លោក គួយ ធុនណា បញ្ជាក់ថា កូនក្តីរបស់លោកទាមទារថ្លៃខូចខាតកិត្តិយស និងសំណងជំងឺចិត្តការខាតបង់ពេលវេលាចំនួន ១១ម៉ឺនដុល្លារ។ លោកក៏ត្រៀមដាក់ភស្តុតាងទៅតុលាការក្នុងពេលឆាប់ៗ ហើយកំពុងសិក្សាមើលផ្នែកច្បាប់ ដើម្បីប្ដឹងលោក ខឹម វាសនា បន្ថែមទៀត។
ទាក់ទងនឹងការប្ដឹងនេះ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកបន្តថា លោកកំពុងតែពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបកទៅលោក ឈឹម ផលវរុណ វិញ នៅចុងសប្ដាហ៍នេះ ឬក៏ដើមសប្ដាហ៍ក្រោយ ចំនួន ៣បទល្មើសដូចគ្នា គឺមានបទបរិហារកេរ្តិ៍ បទក្លែងព័ត៌មាន និងបទប្រមាថ ហើយលោកគ្រោងទាមទារថ្លៃខូចខាត និងប្រាក់ជំងឺចិត្តចំនួន ១២ម៉ឺនដុល្លារ លើសលោក ឈឹម ផលវរុណ។
មេធាវីការពារក្តីឲ្យលោក ឈឹម ផលវរុណ បានស្វាគមន៍ចំពោះការប្ដឹងបករបស់លោក ខឹម វាសនា ហើយថា ជាការប្រសើរដែលភាគីទាំងពីរប្រើប្រព័ន្ធផ្លូវច្បាប់ប្រយុទ្ធគ្នា។
លោក ខឹម វាសនា ជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាត់ទុកបណ្ដឹងប្រឆាំងលោក ថាមិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ដែលធ្វើឲ្យគណបក្សនេះបាត់បង់ប្រជាប្រិយភាពក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតទេ តែជារឿងទំនាស់បុគ្គលច្រើនជាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។