លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានសមត្ថកិច្ចដោះលែងពីពន្ធនាគារ ក្រោយអនុវត្តទោសគ្រប់ចំនួន។ សារព័ត៌មានក្នុងស្រុកមួយចំនួន បានរាយការណ៍នៅថ្ងៃទី៨ ខែកុម្ភៈ ថា លោក ឈូក បណ្ឌិត ដែលមានទោសដោយសារបានបាញ់កម្មករនៅរោងចក្រកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ៣នាក់ឲ្យរបួសធ្ងន់នោះ ត្រូវរួចខ្លួនពីពន្ធនាគារហើយ។
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ លោក ឈូក បណ្ឌិត បានជាប់ពន្ធនាគាររយៈពេល ១៨ខែហើយ គឺបន្ទាប់ពីលោកត្រូវឃុំខ្លួនកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។
បើទោះជាយ៉ាងណា អាស៊ីសេរី មិនអាចសុំការអធិប្បាយបញ្ជាក់ពីមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារបាននៅឡើយទេនៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះទាំង ៣នាក់ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ បណ្ដឹងនេះ ត្រូវបានប្តឹងផ្តល់គ្នាដល់សាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត ប៉ុន្តែតុលាការទាំងពីរបានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការ។
លោក ឈូក បណ្ឌិត បានគេចខ្លួនចាប់តាំងពីពេលដែលលោកបានបាញ់កម្មកររោងចក្រកៅវ៉េ ឲ្យរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ លោកបានចេញសារភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់ប៉ូលិសអន្តរជាតិ (Interpol) ក្នុងការតាមចាប់ខ្លួនលោក។
ទាក់ទងនឹងសំណងដល់ជនរងគ្រោះ មេធាវីការពារឲ្យកម្មការិនីទាំង ៣នាក់ឲ្យដឹងថា លោក ឈូក បណ្ឌិត បានសងសំណងគ្រប់ចំនួនទៅដល់ពួកគេរួចរាល់ហើយកាលពីឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
