មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ការចាប់ខ្លួនអ្នកលេងហ្វេសប៊ុកម្នាក់ដោយអាជ្ញាធរក្រុងភ្នំពេញរឿងរិះគន់ជំងឺកូវីត១៩ និងធ្វើអោយប្រជាពលរដ្ឋភ័យខ្លាចមិនហ៊ានបញ្ចេញព័ត៌មានពិត។អាជ្ញាធរមានសមត្ថកិច្ចបានថ្លែងថា វិធានការនេះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ដើម្បីទប់ស្កាត់ការបំពុលព័ត៌មានមិនពិតក្នុងសង្គម។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការឃាត់ខ្លួនប្រជាពលរដ្ឋម្នាក់ដោយសារបង្ហោះវីដេអូឃ្លិបរឿងជំងឺកូវីត១៩ នេះ មិនមែនជាការឆ្លើយតបទៅនឹងអ្វីដែលម្ចាស់វីដេអូឃ្លិប បានលើកឡើងនៅក្នុងបណ្ដាញសង្គមនោះទេ។
លោកមានប្រសាសន៍ថា សមត្ថកិច្ចមិនអាចរារាំងមិនឲ្យចែកចាយព័ត៌មាននៃការផ្ទុះឡើងនៃជំងឺកូវីត ១៩ នេះបានទេ តែផ្ទុយទៅវិញសមត្ថកិច្ចគួរតែមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានឃើញនៅករណីជំងឺកូវិត១៩ ទាំងអស់ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាលជាបន្តទៅទៀត៖ «ពីព្រោះអីករណីផ្សេងៗ ដែលកើតឡើងនេះនឹងអាចនឹងកើតមានឡើងករណីផ្សេងៗ ទៀត អាចនឹងមានការភ័យខ្លាច អាចនឹងមិនផ្ដល់ព័ត៌មានហើយអាចនឹងធ្វើឲ្យជំងឺទាំងអស់នេះវាកាន់តែរីករាលដាលឡើងហើយធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពដល់ប្រជាពលរដ្ឋយើង ហើយដែលប្រាសចាកអំពីរដ្ឋធម្មនុញ្ញដែរដែលរដ្ឋាភិបាលគឺជាអ្នកធានាការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួន»។
សមត្ថកិច្ចក្រុងភ្នំពេញកាលពីថ្ងៃទី៩ មីនា បានចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបង្ហោះវីឌីអូឃ្លីប តាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺកូវីត១៩ ដែលសមត្ថកិច្ចចោទថា ជាការបំពុលសង្គម។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត បញ្ជាក់ថា នៅថ្ងៃទី១០ មីនានេះ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យឈ្មោះ កូយ សំអាត ទៅតុលាការ ដោយចោទប្រកាន់ពីបទ ញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈការបង្ហោះវីដេអូឃ្លីបរបស់ខ្លួន លើបណ្ដាញសង្គម Facebook អំពីការឆ្លងជំងឺរលាកផ្លូវដង្ហើម Covide19៖ « ពេលដែលយើងឃាត់មកហ្នឹងដោយសារតែគាត់បំផុសធ្វើឲ្យមានការភ័យខ្លាចពីរឿងកូរ៉ូណាហ្នឹង។ បាទបើតាមបញ្ជារបស់លោកព្រះរាជអាជ្ញាហ្នឹង យើងធ្វើការឃាត់សាកសួរហើយគាត់ក៏បានឆ្លើយសារភាពដែរនូវអ្វីដែលគាត់ឡាយនៅមាត់ទន្លេហ្នឹង ហើយប្រហែលជាស្អែកយើងបញ្ជូនទៅតុលាការទៅតាមនីតិវិធី »។
កម្លាំងនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុរសឈ្មោះ កូយ សំអាត នេះ បន្ទាប់ ពីលោកបានបង្ហោះហ្វេសប៊ុករបស់ខ្លួន ដែលដាក់ឈ្មោះថា Tep Visal ។
ក្នុងវីឌីអូឃ្លីបនេះ លោក កូយ សំអាត ឬ ទេព វីសាល បាននិយាយ អរគុណវៀតណាមដែលរកឃើញករណីជនជាតិជប៉ុនផ្ទុកមេរោគសា COV2 ឬកូរ៉ូណា បន្ទាប់ពីបុរសរូបនេះចេញពីកម្ពុជា ៖
សំឡេង « បាទជម្រាបសួរបងប្អូនទាំងអស់គ្នា ! យើងទាំងអស់គ្នាគួរតែអរគុណយួនទៅ។កុំតែបានយួនស្រែកថានៅប្រទេសកម្ពុជាមានកូវីត១៩ ឬ ក៏វីរុសកូរ៉ូណាទេ។ កុំអីប្រជាជននៅទូទាំងប្រទេសអត់ដឹងថាប្រទេសកម្ពុជាមានកូវីត១៩ ឬ កូរ៉ូណាទេ។អញ្ចឹងយើងគួរតែអរគុណ យួន។ នេះសំណាងហើយដែលយួនស្រែកថាប្រទេសកម្ពុជាមានកូវីត១៩ ឬ ក៏កូរ៉ូណាហ្នឹង បើប្រជាជនធម្មតាស្រែកវិញប្រហែលជាតាមចាប់ទៀតហើយ » ។
ជនសង្ស័យមានឈ្មោះ កូយ សំអាត ឬ ទេព វីសាល នេះ មានអាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានមុខរបរអ្នកលក់ទំនិញតាម Online ផងដែរ។
នាយកនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី៩ មីនា លោកមានប្រសាសន៍ថា ការចាប់ខ្លួននេះគឺជាការរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគ្រាន់តែយល់ឃើញពីការរីករាលដាលនៃជំងឺកូវីត១៩ ប៉ុណ្ណោះ៖ «ខ្ញុំគិតថាអាជ្ញាធរគួរតែពិនិត្យមើលនឹងពិចារណាឡើងវិញចំពោះវិធានការនេះបាទ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ប្រាប់ព័ត៌មានក្នុងស្រុកថា អយ្យការនៅទូទាំងប្រទេសនឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតទៅលើអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាទាក់ទិននឹងកូវីត១៩។
ក្រសួងព័ត៌មានកាលពីថ្ងៃទី៣ មីនា បានចេញសេចក្ដីជូនដំណឹងមួយឲ្យប្រជាពលរដ្ឋបញ្ឈប់ការចែករំលែក រាល់ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និង មិនបានធ្វើការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវទាក់ទិននឹងជំងឺកូវិត១៩ ដែលអាចបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាច និង ប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាគ្រួសារជនរងគ្រោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។