"តុលាការ​គាំទ្រ​ទង្វើ​ខុស​ច្បាប់​របស់​ប៉ូលិស​ខេត្ត​កណ្ដាល​ដែល​មិន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង"

ដោយ ថន ថារ៉ូ
2019-10-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​ពី​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​ពី​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

សង្គម​ស៊ីវិល​ថា ការ​មិន​ដោះលែង​នេះ គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ លុះត្រាតែ​ស្ថានការណ៍​នយោបាយ​ធូរស្រាល ទើប​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់ ទទួល​បាន​ការ​ដោះលែង ក្រោម​រូបភាព​ផ្សេងៗ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ៣​នាក់ គឺ​លោក​មេធាវី ជួង ជូងី ថ្លែង​ថា កូនក្ដី​របស់​ទាំង ៣​នាក់ មិន​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង​ទេ ព្រោះ​ពួកគេ បាន​ហូប​នំ​បញ្ចុក​ច្រើន​ខែ​មក​ហើយ ទើប​ប៉ូលិស​នាំគ្នា​ទៅ​ចាប់ និង​គ្មាន​ដីកា។

លោក​មេធាវី​ឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើសុំ​ឱ្យ​ដោះលែង​កូនក្ដី​ទាំង ៣​នាក់ កាលពី​ថ្ងៃ​ទី​១០ តុលា។ លោក​ហៅ​ការ​មិន​ដោះលែង​នេះ​ថា ជា​ការ​គាំទ្រ​ចំណាត់​ការ​ខុសច្បាប់​របស់​ប៉ូលិស ហើយ​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី ទាំង​៣ ដើម្បី​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល៖ «យើង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន ពីព្រោះ យើង​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​ហ្នឹង បំពាន​ច្បាប់ ខុស​នីតិវិធី គឺ​ទៅ​ចាប់​​គាត់​ហ្នឹង គឺ​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ។ គាត់​ស៊ី​នំ​បញ្ចុក​តាំងពី​ថ្ងៃមុន គាត់​ជួបជុំ​តាំងពី​យូរហើយ ស្រាប់តែ​មក​ចាប់​ភ្លាមៗ អត់​មាន​ដីកាចាប់ខ្លួន ដោយហេតុថា វា​អត់​ចូល​នៅ​ក្នុង​បទល្មើស​ជាក់ស្ដែង ស្រាប់តែ​គេ​ចាប់ខ្លួន​គាត់​អត់​មាន​ដីកា អ៊ីចឹង​បាន​យើង​ប្ដឹង​មិន​សុខ​ចិត្តនឹង​អា​ចំណាត់​ការ​ហ្នឹង យើង​ទាមទារ​ឱ្យ​ដោះលែង​វិញ​។ ឧទ្ធរណ៍ គេ​បដិសេធ គេ​នៅតែ​រក្សា​សំអាង​ថា ការ​ចាប់ខ្លួន​ហ្នឹង​ត្រឹមត្រូវ​។ ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ហើយ​នឹង​ប៉ះពាល់​ដល់​គតិ​ច្បាប់ ពីព្រោះ​វា​មិន​ចូល​ទៅ​ក្នុង​លក្ខខណ្ឌ​បទល្មើស​ជាក់ស្ដែង​ទេ ពាក់ព័ន្ធ​នឹង​គាត់​ហូប​នំ​បញ្ចុក ហើយ​គាត់​មិន​មាន​ហូប​ទៀត​អ្វី ឥឡូវ ហើយ​ពាក់ព័ន្ធ​នឹង​ការប្រជុំ គាត់​ប្រជុំ​កាលពីមុន យូរហើយ​ហ្នឹង​។ រួច​ទៅ​យក លក្ខខណ្ឌ​មក​ចាប់​គាត់ ថា​ជា​បទល្មើស​ជាក់ស្ដែង ហើយ​មក​ចាប់​គាត់ អត់​មាន​ដីកា​។ អ៊ីចឹង ការដែល​មិន​ព្រម​បដិសេធ​អាការ​ឃុំខ្លួន​ហ្នឹង បាន​ន័យ​ថា គាំទ្រ​អា​ចំណាត់​ការ​ប៉ូលិស ដែល​ខុសច្បាប់​ហ្នឹង​ណាស់»

មន្ត្រី​ជាប់ឆ្នោត​បក្ស​ប្រឆាំង​ទាំង ៣​នាក់ នៅ​ខេត្ត​កណ្ដាល ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នៅ​កន្លែង​ផ្សេងៗ​គ្នា ក្រោម​បទ​ចោទ​ប្រមូល​ផ្ដុំ​គ្នា​ហូប​នំ​បញ្ចុក​គាំទ្រ​បក្ស​ប្រឆាំង កាលពី​ច្រើន​ខែ​កន្លង​ទៅ។ អ្នក​ទាំង​៣ គឺ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃាង មេឃុំ​ជាប់ឆ្នោត​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ លោក លី លីន និង​ជំទប់​ទី​១ ជាប់ឆ្នោត​នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ លោក ឈុន ថៃ​យុទ្ធ។ ក្រោយ​ចាប់​ខ្លួន​បាន​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សាលាដំបូង​ខេត្ត​កណ្ដាល បានសម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣​នាក់​ដាក់​ពន្ធនាគារ។

កូនប្រុស​របស់​ជំទប់​ទី​១ ជាប់ឆ្នោត​ឃុំ​ព្រែកស្ដី លោក ឈុន ថៃយុទ្ធ គឺ​លោក ថៃ សែនកុសល អះអាង​ថា ឪពុក​លោក មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទេ។ លោក​សុំ​អង្វរ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​ឪពុក​លោក​វិញ ព្រោះ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ឯ​ម្ដាយ​លោក​ក៏​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន យូរ​ឆ្នាំ​ដែរ ដែល​ត្រូវការ​ឪពុក​លោក មក​មើល​ថៃ​ជា​ចាំបាច់។ លោក ថៃ សែន​កុសល ប្រាប់​ថា ក្រោយពេល​ប៉ូលិស​ចាប់ខ្លួន​ឪពុក​លោក​មក លោក​បាន​ឈប់​ពី​ការងារ​នៅ​ភ្នំពេញ មក​មើលថែ​ម្ដាយ មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នោះ និង​ឆ្លៀត​រត់​ទៅ​មើល​ឪពុក ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ផង។លោក​បន្ត​ថា ខាង​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក​ចូល​មើល​ឪពុក​បាន ២​ដង​ក្នុង​មួយ​សប្ដាហ៍។ លោក​ថា ស្ថានភាព​លោក ឈុន ថៃយុទ្ធ ក្នុង​ពន្ធនាគារ គឺ​សម្រាន្ត​មិន​បាន​ដោយសារ​ជំងឺ​ឈឺ​ឆ្អឹងខ្នង រលាក​សន្លាក់ ហើម​ក្បាលជង្គង់​ធ្ងន់ធ្ងរ ដើរ​អូស​ជើង​ម្ខាង និង​មាន​ជំងឺ​លើសឈាម។ ទោះ​យ៉ាងណា លោក​មិន​ដឹង​ថា ឪពុក​លោក​នឹង​មានបំណង​ធ្វើ​វីដេអូ​សារភាព ឬ​វាយប្រហារ​បក្ស​ប្រឆាំង ដើម្បី​ទទួល​បាន​សេរីភាព​វិញ​ដែរ ឬ​អត់​នោះ​ទេ៖ «ខ្ញុំ​មានតែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​គាត់​អត់​មាន​កំហុស​អ្វី​ទេ​។ គាត់​បាន​ឈប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ហ្នឹង តាំងពី​មាន​បញ្ហា​ហ្នឹង​មក​ហើយ​។ អ៊ីចឹង គឺ​រឿង​នេះ សុទ្ធតែ​រឿង​ចោទប្រកាន់ អត់​មាន​ពាក់ព័ន្ធ​អ្វី​ថា គាត់​បាន​ទៅ​ធ្វើ​អ្វី ទៅ​ធ្វើ​ចលនា​បះបោរ​អ្វី​អត់​មាន​ទេ គឺ​រឿង​ចោទប្រកាន់​ទាំងស្រុង​តែម្ដង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា សំណុំរឿង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ជា​រឿង​នយោបាយ ដូច្នេះ​ការ​សម្រេច​មិន​ដោះលែង​សកម្មជន​ទាំងនោះ ជា​រឿង​ធម្មតា និង​ធ្វើ​ឡើង​ជា​ប្រព័ន្ធ។ វៀរលែង​តែ​មាន​ករណី​ស្ថានការណ៍​នយោបាយ​ធូរ​ស្បើយ ទើប​មាន​សង្ឃឹម​ទទួល​បាន​ការ​ដោះលែង។ សង្គម​ស៊ីវិល​រូប​នេះ យល់ឃើញ​ថា ប្រសិនបើ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ សារភាព ឬ​វាយប្រហារ​គណបក្សប្រឆាំង​វិញ ពួកគេ​នឹង​ទទួល​បាន​សេរីភាព​វិញ៖ «មិន​មាន​អ្វី​ចម្លែក​ទេ ក្នុង​រឿង​នយោបាយ​នៅ​ស្ថានការណ៍​នា​ពេល​ចុងក្រោយ​ហ្នឹង ការ​ច្រានចោល​ហ្នឹង វា​ជា​រឿង​មួយ ដែល​យើង​មើល​ឃើញ​ហើយ វា​សឹងតែ ជា​ការ​ធ្វើឡើង​ដោយ​ជា​ប្រព័ន្ធ​។ អ៊ីចឹង តុលាការ កាលណា​សម្រេច​មួយ ដោយ​មើល​ឃើញ​ថា មិន​មាន​ឯករាជភាព ឬក៏​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយ​ហ្នឹង គឺជា​រឿង​ដែល​អង្គការ​អន្តរជាតិ​ផ្នែក​យុត្តិធម៌​ហ្នឹង គេ​បាន​រិះគន់​រួចទៅ​ហើយ ដែល​ស្ថាប័ន​យុត្តិធម៌​នេះ គឺ​មិនមែន​ជា​ទីពឹង​អាស្រ័យ​ដោយ​ជនរងគ្រោះ​ជា​ជន​ក្រីក្រ​ក្ដី ហើយ​ទម្រាំ​ជា​អ្នកនយោបាយ​ទៅទៀត ហើយ​ស្ថានភាព​នយោបាយ​អ៊ីចឹង តើ​គេ​អាច​ដោះលែង​ពួកគាត់ ដោយ​របៀប​ម្ដេច​ទៅ​បាន»

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​តុលា​នេះ គឺ​នៅសល់​ចំនួន​តែ​២៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង លោក សម រង្សី សន្យា​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល