តុលាការ​ចោទ​ប្រកាន់​ប្រធាន​ក្រុមហ៊ុន​ម៉ាឡេស៊ី GCGAsia ជា​ផ្លូវការ

ដោយ ហេង រស្មី
2019.05.19
សាលាដំបូង​រាជធានី​ភ្នំពេញ ៨៥៥ សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន ជី​.​ស៊ី​.​ជី​អេស៊ែ (GCGAsia) ជា​ផ្លូវការ​បន្ទាប់​ពី​មាន​បញ្ជា​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ ឱ្យ​ចាត់វិធានការ​ច្បាប់​ជាបន្ទាន់​ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ​បាន​បង្ហោះ​រូបថត និង​ឈ្មោះ​លោក ហ៊ុន សែន ថា​ នឹង​ទៅ​សម្ពោធ​ក្រុមហ៊ុន​ដោយ​គ្មាន​ការអនុញ្ញាត​ និង​ខុស​ពី​ការ​ពិត។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា ចំណាត់​ផ្លូវច្បាប់​នេះ​ហាក់ដូចជា​លឿន​ ដោយសារ​មានប្រតិកម្ម​ពី​លោក ហ៊ុន សែន។ ជាមួយគ្នានេះ​សង្គម​ស៊ីវិល​ក៏​ស្នើសុំ​អាជ្ញាធរ​បន្ត​​ស៊ើបអង្កេត​ក្រុមហ៊ុន និង​បុគ្គល​ជាច្រើន​ទៀត​ ដែល​កំពុង​ប្រើប្រាស់​ឈ្មោះ​ និង​​ឥទ្ធិពល​​របស់​​អ្នក​មាន​អំណាច​ ដើម្បី​​រក​ស៊ី​​ខុស​ច្បាប់។

តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តុប ឈុនឡុង បាន​សម្រេច​ចោទប្រកាន់​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយកន្លែង ឈ្មោះ​ជី​.​ស៊ី​.​ជី​អេស៊ែ ពី​បទ ​«​ប៉ុនប៉ង​ឆបោក» តាម​មាត្រា​៣៧៧​ មាត្រា​៣៧៨ និង​មាត្រា​៣៨១ ​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជនជាប់ចោទ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី

អាស៊ីសេរី​ពុំ​អាច​សុំ​ការ​ពន្យល់​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុផាណា អំពី​រឿងនេះ​បានទេ​នៅ​ថ្ងៃទី១៩ ឧសភា។ ក៏ប៉ុន្តែ​លោក លី សុផាណា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជន​ជាប់ចោទ​មានឈ្មោះ​ថា ឈ្មោះ YAWFOO HOE ហើយ​ការចោទប្រកាន់​នេះ​បន្ទាប់ពី​តំណាង​អយ្យការ​បានទទួល និង​ពិនិត្យ​សំណុំរឿង​ព្រមទាំង​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​ចប់សព្វគ្រប់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា

កម្លាំង​សមត្ថកិច្ច​ចម្រុះ​មកពី​ស្នងការ​នគរបាលជាតិ​ធនាគារជាតិ​កម្ពុជា និង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​​ចុះ​​ឃាត់​ខ្លួន​ប្រធាន​ក្រុមហ៊ុន GCGAsia ទាំងពីរ​នាក់​ប្តី​ប្រពន្ធ និង​បាន​បិទ​ទីស្នាក់ការ​ក្រុមហ៊ុន​នេះ​បណ្ដោះអាសន្ន​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន​ពេញ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ និង​ស្វែង​រកមុខ​ជនខិលខូច​មក​ផ្ដន្ទាទោស​តាមច្បាប់។ ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​បានសម្រេច​ដោះលែង​ប្រពន្ធ​វិញ​ ក្រោយ​រក​មិនឃើញ​កំហុស។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ទង្វើ​របស់​ក្រុមហ៊ុន​នេះ​ថា​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដោយសារ​ក្រុមហ៊ុន​នេះ​បាន​យក​រូបលោក​ទៅ​ផ្សាយ នៅលើ​វែបសាយ​របស់ខ្លួនិង​អះអាង​ថា លោក​នឹង​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ​ក្រុមហ៊ុន​នេះ នៅ​ថ្ងៃទី​២០ ខែ​ឧសភា។ លោក ហ៊ុន សែន និង​ធនាគារជាតិ​ក៏បាន​បដិសេធ​ចំពោះ​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​ដែល​បាន​អះអាង​ថា មាន​សហប្រតិបត្តិការ​ជាមួយ​នឹង​ធនាគារ​ជាតិ និង​ធនាគារ​ចិន​ក្នុង​ការ​រកស៊ី​ប្ដូរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឬ​ហៅថា Crypto Currency។

អាស៊ីសេរី​មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល

ប៉ុន្តែ លោក នេត សាវឿន បាន​ប្រាប់​សារព័ត៌មាន​គាំទ្រ​របប​ក្រុងភ្នំពេញ​ថា​ក្រុមហ៊ុន GCGASIA ជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្ដរជាតិ ហើយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​បាន​រងគ្រោះ ដោយ​សារ​ក្រុមហ៊ុន​នេះ​រួចហើយ។ លោក​បញ្ជាក់​ថា ថ្វី​ត្បិត​ក្រុមហ៊ុន​នេះ​មក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា ប៉ុន្តែ​មិនទាន់​មាន​ពលរដ្ឋ​ខ្មែរ​ចាញ់បោក​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ គឺ​ភាគច្រើន​មានតែ​ជនជាតិ​ចិន​ព្រោះ​ក្រុមហ៊ុន​នេះ​ដាក់​លក់​តែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ យល់​ថា វា​គឺជា​រឿង​ខុស​ច្បាប់ និង​អាក្រក់​មួយ​ដែល​យក​ឥទ្ធិពល​ថ្នាក់ដឹកនាំ​ទៅប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​ផ្ទាល់​ខ្លួនលោក​បន្ត​ថា ទន្ទឹមនឹង​ការអនុវត្ត​ច្បាប់​ភ្លាមៗ​តាម​បញ្ជា​របស់លោក ហ៊ុន សែន នោះ គឺ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​បន្ត​បើក​ការស៊ើបអង្កេត​ទៅ​លើ​បុគ្គល និង​ក្រុមហ៊ុន​ដទៃទៀត​ដែល បាន​យក​ឥទ្ធិពល​អ្នកមាន​អំណាច ឬ​ប្រើប្រាស់​អំណាច​ធ្វើ​ការរកស៊ី​ខុសច្បាប់ និង​ប៉ះពាល់​ដល់​ពលរដ្ឋ «ខ្ញុំ​អាច​ឃើញ​ចំណុច​មួយ​គឺ​ទី​១ គេ​ហៅថា​ជា​ការ​អន្តរាគមន៍​មួយ​ជាការ​ចេញ​ប្រតិកម្ម​ពី​លោកនាយក​រដ្ឋមន្ត្រី​ផ្ទាល់​តែម្ដង ប៉ុន្តែ​ក្នុង​ករណី​ដែល​ប៉ូលិស​ក្នុង​ប្រទេស​នេះ​សកម្ម​គឺជា​ទំនងជា​ករណី​នេះ​មិន​ចាំបាច់​រហូត​ទាល់តែ​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​នោះ​ទេ គឺ​ពួកគេ​អាច​អនុវត្តន៍​ច្បាប់​តាំង​ពី​មុន​មក​ម្ល៉េះ»។

លោក សន ជ័យ ជឿជាក់​ថា នៅមាន​បុគ្គល និង​មាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​កំពុង​ប្រើប្រាស់ ឥទ្ធិពល​ផ្ទាល់ខ្លួន និង​ឥទ្ធិពល​របស់​អ្នកមានអំណាច ដើម្បី​កាង​មុខរប​ខុសច្បាប់​របស់​ពួកគេ​ហើយ ដែល​ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​ហ៊ាន​ចាត់វិធានការ​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។