តុលាការ​ចោទ​ប្រកាន់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​រឿង​លក់​ដី​មិនមែន​ជា​របស់​ខ្លួន

តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​លោក ស ថាវី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង មនុស្ស​ចំនួន​០៨​នាក់​ផ្សេងទៀត​ពី​បទ​ផ្ដើម​គំនិត​ក្នុង​ករណី​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន ប្រព្រឹត្ត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រៃព្នៅ ក្រុងភ្នំពេញ ដែល​បទល្មើស​នេះ​មាន​ចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៨ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៥ នៃ​ច្បាប់​ភូមិបាល។

ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ​លោក សាយ ណូរ៉ា កាលពី​ថ្ងៃ​ទី២ មីនា បាន​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ បាន​រក​ឃើញ​ថា លោក ស ថាវី អតីត​អភិបាលខេត្ត​ឧត្តរ​មានជ័យ និង គូកន បាន​ដើរ​ប្រមូល​ទិញ​ដី​នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ទំហំ​ជាង ៦៦ ម៉ឺន​ម៉ែត្រការ៉េ កាលពី​ឆ្នាំ​២០១៧ មិន​មាន​អាជ្ញាធរ​សង្កាត់​ដឹងឮ។

នៅ​ក្នុង​ដីកា​សន្និដ្ឋាន​របស់​តុលាការ​បាន​ឱ្យ​ដឹង​ថា លោក ស ថាវី បាន​ឱ្យ​លុយ​លោក ឡុង ដារ៉ា និង លោក ប៉ូច ថន ខ្ចី​មុន​ចំនួន ២​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​រំលោភ​យក​ដី​ពី​លោក ភីន ផល្លា។ បន្ទាប់មក​លោក ឡុង ដារ៉ា ជា​អ្នក​ឈរ​ឈ្មោះ​ជា​ម្ចាស់​ដី ទំហំ​ជាង​២​ម៉ឺន​ម៉ែត្រការ៉េ។ លុះដល់​ខែ​កញ្ញា​ឆ្នាំ​២០១៨ និង លោក ឡុញ រស់ បាន​ឃុបឃិត​គ្នា​ជាមួយ​ចៅសង្កាត់​សំរោង ឈ្មោះ យិន អ៊ិម រៀបចំ​ឯកសារ​ទិញ​លក់​ដី ខាងលើ​ឱ្យ​លោក ប៉ូច ថេន ដែល​ឈរ​ឈ្មោះ​ទិញ​ឱ្យ​លោក ស ថាវី ក្នុង​តម្លៃ​១៨​ម៉ឺន​ដុល្លារ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ស ថាវី បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​០៣ មីនា។ តែ​ទោះជា​យ៉ាងណា​តុលាការ​មិន​ទាន់​ឃាត់ខ្លួន​លោក ស ថាវី នៅឡើយ​ទេ បើ​ទោះ​បី​ជា​បទល្មើស​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។