សហ​ដើម​បណ្ដឹង​កំពុង​ពិចារណា​ថា គួរ​បន្ត​ប្ដឹង​លោក ជា មុនី ឡើង​ឧទ្ធរណ៍ ឬ​អត់ ក្រោយ​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លើក​លែង​ការ​ចោទ​ប្រកាន់

0:00 / 0:00

សហ​ដើម​បណ្ដឹង​ម្នាក់ ជា​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) និង ​​ទីប្រឹក្សា​ក្រសួង​ការងារ​ លោក ជួន មុំថុល កំពុង​ពិចារណា ជាមួយ​មេធាវី ថា​គួរ​​បន្ត​ប្ដឹង​ ទីប្រឹក្សា​សហព័ន្ធ​សហជីព​សេរី​កម្មករ លោក ជា មុនី ឡើង​ឧទ្ធរណ៍ ឬ​ទេ​​ ក្រោយ​ពេល​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់ លោក ជា មុនី ពី​បទ​ញុះញង់​ឲ្យ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌ​កម្ម លើ​រដ្ឋាភិបាល លោក ហ៊ុន សែន។

សហ​ដើម​បណ្ដឹង​ម្នាក់ ក្នុង​ចំណោម​​​១២០​សហជីព ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ លោក ជួន មុំថុល ប្រាប់​ថា ការ​សម្រេច​លើក​លែង​ទោស​ឲ្យ​ លោក​ ជា មុនី ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ហើយ​លោក ត្រូវ​តែ​គោរព។ ប៉ុន្តែ ​លោក​នឹង​​ជជែក​ជាមួយ​មេធាវី​សិន​ថា គួរ​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ឬ​អត់៖ « ធម្មតា​យើង​ប្ដឹង អ្នក​ប្ដឹង​ មាន​សិទ្ធិ​ប្ដឹង​ហើយ។ ប៉ុន្តែ​ចៅក្រម​មាន​សិទ្ធិ​មើល​ថា តើ​ភស្តុតាង វត្ថុ​តាង​ដាក់​បន្លុក​គ្រប់​គ្រាន់​អត់។ តែ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​សម្រេច។ សំណួរ៖​តើ​នឹង​ប្ដឹង​ឧទ្ធរណ៍ ឬ​ទេ ? ឆ្លើយ៖ មក​ដល់​ពេល​នេះ មិន​ទាន់​នឹក​ថា​ម៉េច​ទេ។ ប៉ុន្តែ​ចំពោះ​ខ្លួន​ខ្ញុំ គិត​ថា ចាំ​មើល​គេ​ស្រួល​បួល ខ្ញុំ​ទាក់​ទង​មេធាវី»

ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង រិទ្ធី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ជូន​ដំណឹង​​ថា ក្រោយ​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​តាម​នីតិវិធី ក៏​បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ លោក ជា មុនី ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ជា​អាទិ តាម​មាត្រា៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ឲ្យ​ដឹង​​ថា ខាង​សហជីព ​ទើប​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​នេះ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ។ សហជីព​រូប​នេះ យល់​ថា ​ចៅក្រម​ស៊ើប​សួរ រក​មិន​ឃើញ​បទ​ល្មើស​ ដោយសារ​លោក ជា មុនី គ្មាន​ទោស​តាំង​ពី​ដំបូង។ លោក ម៉ាន់ សេងហាក់​​ ថា បើ​ទោះ​ លោក ជា មុនី ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ឆាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ក៏​ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន ដែរ៖ «លោក ជា មុនី ពុំ​មាន​ធាតុ​ផ្សំ​ ដើម្បី​ដាក់​បន្ទុក​ទេ។ អ៊ីចឹង មាន​ន័យ​ថា គាត់​ជា​មនុស្ស​ស្អាតស្អំ។ ម្យ៉ាង​វិញ​ទៀត សហភាព​អឺរ៉ុប​គេ​ដាក់​ទណ្ឌ​កម្ម​យើង។ មក​ដល់​ពេល​នេះ យើង​កំពុង​តាម​ដាន​យ៉ាង​ដិតដល់។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ផ្ទាល់​គិត​ថា សហភាព​អឺរ៉ុប​អាច​ដក​ EBA សម្រាប់​រដ្ឋាភិបាល»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ ទីប្រឹក្សា​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ទេ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ។ ប៉ុន្តែ​ លោក ម៉ាន់ សេងហាក់ ប្រាប់​ថា​បច្ចុប្បន្ន លោក​ ជា មុនី កំពុង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពេល​លោក​បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស មួយ​រយៈ កាល​ពី​ចុង​ឆ្នាំ​២០១៧។

កាល​ពី​ចុង​ឆ្នាំ​២០១៧ ក្រុម​មេដឹកនាំ​សហជីព​​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ យ៉ាង​តិច ១២០​នាក់ បាន​ព្រួត​គ្នា ដាក់​បណ្ដឹង​ ប្រឆាំង​ លោក ជា មុនី ពី​បទ​ញុះញង់​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​​របប​​ក្រុង​ភ្នំពេញ​។ បណ្ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ជា មុនី បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បើ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អ្នក​រង​គ្រោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ដូច្នេះ លោក ហ៊ុន សែន គួរ​ងាក​មក​រក​ផ្លូវ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ លោក ជា មុនី​ បន្ត​ថា ការ​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​របស់​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ព្រោះ​រដ្ឋាភិបាល​នេះ​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង ​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ និង​បាន​​រំលោភ​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ហៅ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក ជា មុនី​ ជា​សញ្ញា​ល្អ​មួយ​ សម្រាប់​បើក​ផ្លូវ​ឲ្យ​សហជីព​រូប​នេះ​ មាន​​ឱកាស​ចូល​រួម​ ជួយ​ការពារ​ផល​ប្រយោជន៍​ឲ្យ​កម្មករ​វិញ និង​ជា​ផ្នែក​មួយ នៃ​សំណើ​របស់​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ លោក អាត់ ធន់ ក៏​ស្នើ​សុំ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ​ដទៃ​ផ្សេង​ទៀត​ដែរ៖ «មាន​ន័យ​ថា វា​ជា​សញ្ញា​មួយ​ល្អ ដែល​រដ្ឋាភិបាល​កាល​មុន​ លោក​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​ប្រកាស​ថា នឹង​ដោះស្រាយ​សហជីព នឹង​ដក​ឲ្យ​អស់​បណ្ដឹង ​ទម្លាក់​ចោល ឬ​ក៏​ឲ្យ​វា​ចប់​រឿង។ តែ​វា​មិន​ចប់។ ប៉ិន​ឥឡូវ​នេះ ​យើង​ឃើញ​ករណី​ លោក ជា មុនី នេះ​គឺ សញ្ញា​ល្អ ខាង​តុលាការ​ទម្លាក់​ចោល​បាន​។ អ៊ីចឹង វា​ជា​សញ្ញា​ល្អ ហើយ​សហគមន៍​អឺរ៉ុប​ត្រូវ​ហើយ ឲ្យ​តែ​យើង​បាន​ធ្វើ​​ទៅ​តាម​ការ​ស្នើ​របស់​គេ តាម​កិច្ច​ព្រមព្រៀង​របស់​គេ ទោះ​បី​រូប​ភាព​យ៉ាង​ម្ដេច​ក៏​ដោយ ជា​ការ​ទាក់​​ទាញ​ទឹក​ចិត្ត​របស់​គេ»

ក្រៅ​ពី​ទាមទារ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​លើ​មេដឹកនាំ​សហជីព សហភាព​អឺរ៉ុប ក៏​តម្រូវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បើក​សេរីភាព​ឲ្យ​គណបក្ស​ប្រឆាំង​​ធ្វើ​សកម្មភាព​នយោបាយ​ពេញទី​​ឡើងវិញ​ ផ្ដល់​នីតិ​សម្បទា​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​​វិញ និង​បញ្ឈប់​សកម្មភាព​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។