ក្រសួងការពារជាតិប្រកាសថា កំពុងបន្តស៊ើបអង្កេតលើប្រធានតុលាការយោធា ដែលរងការចោទថា ប្រមូលផ្ដុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។ សង្គមស៊ីវិលជំរុញឱ្យក្រសួងការពារជាតិធ្វើការស៊ើបអង្កេតដោយឆន្ទៈពិតប្រាកដ ដើម្បីមានវិធានការច្បាប់ ព្រោះករណីបក្ខពួកគ្រួសារនិយមនេះ គឺជារឿងមិនត្រឹមត្រូវនាំឱ្យមានអំពើពុករលួយ និងប៉ះពាល់ដល់ដំណើរការរបស់ស្ថាប័នទាំងនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់អាស៊ីសេរីថា លោក កំពុងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកការពិត បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រធានតុលាការយោធា លោក ន័យ ថុល បានបង្កើតឱ្យមានអំពើពុករលួយ និងបានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារ និយមរហូតដល់ជាង ១០នាក់ឱ្យមកកាន់តួនាទីនៅក្នុងតុលាការយោធាក្រោមការដឹកនាំរបស់លោក។ លោក ឈុំ សុជាត បន្តថា លោកក៏កំពុងធ្វើការផ្ទាល់ជាមួយលោក ន័យ ថុល ដែរ ប៉ុន្តែលោកមិនអាចបង្ហាញលទ្ធផលភ្លាមៗបានទេ។ លោកសន្យាថា នឹងបង្ហាញលទ្ធផលស៊ើបអង្កេតក្នុងពេលឆាប់ៗ៖ «យើងកំពុងតែតាមដាន (Follow up) រឿងនេះហើយ។ យើងមិនទាន់បានលទ្ធផលជាក់ស្ដែងទេ តែក្រសួងការពារជាតិស្វះស្វែងរកចម្លើយជូននៅពេលខាងមុខ។ និយាយរួមក្រសួងការពារជាតិក្ដី រដ្ឋាភិបាលក្តី លោកមានជំហរដាច់ខាតណាស់ ចំពោះបញ្ហាគ្រួសារ និយមបក្ខពួកនិយម។ យើងសង្ឃឹមថា នឹងអនុវត្តតាមច្បាប់»។
នៅពេលថ្មីៗ នេះ មន្ត្រីនៅតុលាការយោធា ដែលសុំលាក់អត្តសញ្ញាណ ទម្លាយថា ប្រធានតុលាការយោធាឧត្ដមសេនីយ៍ឯកផ្កាយ៣ លោក ន័យ ថុល ដែលកាន់តំណែងនេះ តាំងពីឆ្នាំ១៩៨៧ មក និងជាចៅក្រមនៅសាលាក្ដីខ្មែរក្រហមផង បានតែងតាំងភរិយាគឺអ្នកស្រី ខឹម សម្បត្តិ និងកូន ប្រុសបង្កើតពីរនាក់របស់ខ្លួនឱ្យធ្វើជាចៅក្រម និងជាអនុប្រធានតុលាការយោធា។ កូនប្រុសទាំងពីរ ឈ្មោះ ផូរ ភិរម្យ និង ឈ្មោះ ផូរ វីរៈ នេះ មិនត្រឹមតែមានតួនាទីត្រឹមជាអនុប្រធានតុលាការយោធា និងជាចៅក្រមដូចម្ដាយទេ គឺពួកគេក៏ជានាយការិយាល័យចៅក្រមស៊ើបសួរព្រមទាំងជានាយទាហាន មានឋានន្តរសក្ដិឧត្ដមសេនីយ៍ត្រី និងទោទៀតផង។ ចំណែកកូនទី៣ លោក ន័យ ផូរច័ន្ទគង្គារ ក៏កំពុងធ្វើការនៅក្នុងតុលាការយោធាដែរ។ ប្រភពអះអាងថា ករណីអំពើពុករលួយ និងបញ្ហាបក្ខពួកគ្រួសារនិយមនៅក្នុងស្ថាប័នតុលាការយោធានេះ គឺធ្វើឡើងជាប្រព័ន្ធ និងលាក់បាំងបំផុត ដែលសូម្បីតែឈ្មោះត្រកូលក៏ផ្លាស់ប្ដូរដែរ។
លោក ន័យ ថុល ក៏ប្រមូលសាច់ញាតិមួយចំនួនទៀត ដូចជា លោកឧត្ដមសេនីយ៍ទោ នុត សោភ័ណ្ឌ ត្រូវជាប្អូនជីដូនមួយ កំពុងកាន់តួនាទីជាអនុប្រធានតុលាការយោធា ជាចៅក្រម និងជានាយការិយាល័យហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មានបងប្អូនបង្កើតម្នាក់ទៀតឈ្មោះ នុត សុផែន កំពុងធ្វើការក្រោមបង្គាប់របស់លោក។ ប្រភពបន្តថា សូម្បីតែអ្នកបើកឡានឱ្យលោក ន័យ ថុល ឈ្មោះ អ៊ូ សេរី ក៏ត្រូវបានដំឡើងឱ្យធ្វើជាចៅក្រមដែរ។ ក្រៅពីនេះ ចៅក្រមមួយចំនួនទៀត ក៏ជាសាច់ញាតិ និងបក្ខពួករបស់លោក ន័យ ថុល ដែរ ដូចជាលោកចៅក្រម ង៉ូវ វុទ្ធី ចៅក្រម ឃឹម សុឃាន និងចៅក្រម ពិន សំអឿន។
រីឯមន្ត្រីគ្រាក់ៗ នៅក្នុងស្ថាប័ននេះមួយចំនួន ក៏យកគំរូតាមលោក ន័យ ថុល ដោយពួកគេប្រមូលកូន និងសាច់ញាតិចូលធ្វើការជាហូរហែដែរ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាចៅក្រមតុលាការយោធានាយឧត្ដមសេនីយ៍ ផ្កាយ៤ លោក សាវ សុខ ក៏មានកូនស្រីម្នាក់ឈ្មោះ សុខ គីណូ កត្តា ជាចៅក្រមតុលាការយោធា និងមានឋានន្តរសក្ដិវរសេនីយ៍ត្រី។ រីឯអនុប្រធានតុលាការយោធា និងជាចៅក្រម លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន មានកូនប្រុសឈ្មោះ ប៉ុន វណ្ណៈ ជាចៅក្រម។
ប្រធានតុលាការយោធា លោក ន័យ ថុល មិនឆ្លើយតបចំពោះការចោទប្រកាន់នេះទេ និងបានបិទ ទូរស័ព្ទគ្រប់ពេលដែលអាស៊ីសេរីសួរនាំករណីនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការប្រមូលផ្តុំគ្រួសារសាច់ញាតិធ្វើការក្នុងអង្គភាពតែមួយនេះគឺជាអំពើពុករលួយ។ លោកបន្តថា ករណីនេះ គួរតែស៊ើបអង្កេតឱ្យបានដិតដល់និងចាត់វិធានការច្បាប់ដូចនៅប្រទេសផ្សេងៗដែល ហាមដាច់ខាតមិនឱ្យមានបក្ខពួកនិងគ្រួសារនិយមក្នុងស្ថាប័នរដ្ឋនោះទេ ព្រោះវាបង្កឱ្យមានអំពើពុករលួយខ្ពស់ប៉ះពាល់ដល់ថវិកាជាតិ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងាររបស់ស្ថាប័ន៖ «វាគឺជាទម្លាប់អាក្រក់មួយហើយយើងឃើញថា វាជាការពង្រឹង អំណាចរបស់ខ្លួននៅក្នុងស្ថាប័ននីមួយៗ ដើម្បីមានអំណាចនិងអាចឈរជើងបាន អ៊ីចឹងបង្កើតទៅជាបក្ខពួកនិយមគ្រួសារនិយម។ប៉ុន្តែករណីនេះវាខុសពីផ្លូវច្បាប់។ យើងឃើញថា ក្រោយមកនេះ រដ្ឋាភិបាលដូចជាមានវិធានការជាបន្តបន្ទាប់ដែរ។ អ៊ីចឹងចំពោះករណីនេះ គួរតែពិនិត្យពិចារណាធ្វើការស្រាវជ្រាវឱ្យបានដិតដល់ដើម្បីជៀសវាងការរិះគន់ និងបង្កើតគ្រួសារបក្ខពួកនិយម»។
ប្រភពឱ្យដឹងដែរថា ចៅក្រមនៅក្នុងតុលាការយោធាមានចំនួនលើសពី ២៥រូប ហើយក្នុងនោះអនុប្រធានតុលាការយោធាមិនតិចជាង ១០នាក់នោះទេ ខណៈតុលាការនេះ មិនសូវមានសំណុំរឿងកាត់ក្តីឡើយ។ ប្រភពឱ្យដឹងថា ក្នុងមួយឆ្នាំ តុលាការយោធាមានសំណុំរឿងប្រហែល ២ ទៅ ៣សំណុំរឿងប៉ុណ្ណោះ។ ប៉ុន្តែមូលហេតុដែលមានការតែងតាំងអនុប្រធានតុលាការ និងចៅក្រមច្រើនបែបនេះ ព្រោះពួកគេមានបំណង ដើម្បីតែបើកប្រាក់ខែរដ្ឋ ដែលម្នាក់ៗ មិនតិចជាង ៤លានរៀល ឬជាង ១ពាន់ដុល្លារនោះទេ ប្រសិនបើបូកទាំងតួនាទី និងមុខងារដ៏សំពីងសំពោងរបស់ពួកគេ។
លោក អំ សំអាត យល់ថា ប្រសិនបើករណីនេះ ជាពិតគឺបង្ហាញថា វាជាការបង្ហិនថវិកាជាតិដល់មន្ត្រីដែលមិនមានការងារធ្វើចាំតែបើកប្រាក់ខែ។ លោក អំ សំអាត សង្ឃឹមថា ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធនឹងដោះស្រាយករណីនេះឱ្យមានប្រសិទ្ធភាព៖ «គួរតែកំណត់បុគ្គលិកឬចៅក្រមឬព្រះរាជអាជ្ញានៅក្នុងតុលាការយោធា។ គួរតែទុកប៉ុន្មានដើម្បីឱ្យសមាមាត្រជាមួយរឿង ដែលកើតឡើង។ កុំទុកឱ្យច្រើនហួសហេតុ ព្រោះវាទៅជារឿងបង្កើនការចំណាយថវិកាអត់ប្រយោជន៍ហើយវាធ្វើឱ្យប៉ះពាល់ស្ថាប័នផ្សេងៗទៀត។ បើយើងទុកថវិកាសម្រាប់ឱ្យស្ថាប័នផ្សេងៗ វាមានប្រយោជន៍ជាង»។
នៅក្នុងស្ថាប័នរដ្ឋសព្វថ្ងៃនេះ វាសឹងតែជារឿងធម្មតាទៅហើយសម្រាប់មន្ត្រីកំពូលៗរបស់ គណបក្ស កាន់អំណាច បើមានឪពុក ឬក៏ម្ដាយជាតំណាងរាស្ត្រ ជាប្រធានស្ថាប័ន ឬក៏មន្ត្រីជាន់ខ្ពស់នៅកន្លែងណាមួយគឺតែងតែ យកប្រពន្ធ ប្តី កូន ឬក៏សាច់ញាតិមកដាក់ឱ្យកាន់តំណែងក្រោមឱវាទរបស់ខ្លួន ឬក៏កន្លែងខ្លាញ់ណាមួយដែរ។ ពួកគេអាចធ្វើបែបនេះជាធម្មតា ប្រសិនបើពួកគេនៅតែស្មោះស្ម័គ្រ នឹងបក្ស ឬមេដឹកនាំកំពូលរបស់ពួកគេ។
ទោះយ៉ាងណាក្ដី សង្គមស៊ីវិល ជំរុញឱ្យរបបក្រុងភ្នំពេញបង្កើតច្បាប់ហាមឃាត់បញ្ហាគ្រួសារ ឬសាច់ញាតិនិយមនេះនៅក្នុងស្ថាប័នរដ្ឋ ដោយពួកគេយល់ថា ការបណ្ដោយឱ្យមានបក្ខពួកគ្រួសារនិយម ក្នុងស្ថាប័នរដ្ឋនេះ នាំឱ្យមានទំនាស់ផលប្រយោជន៍ ឬអំពើពុករលួយជាប្រព័ន្ធ និងអាចប៉ះពាល់ដល់កំណែទម្រង់ស៊ីជម្រៅផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
