អ្នកវិភាគរិះគន់តុលាការរបបក្រុងភ្នំពេញថា កំពុងអនុវត្តច្បាប់មានស្តង់ដារពីរដោយសារតែច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រត្រូវបានអនុវត្តតែលើអ្នកក្រីក្រទន់ខ្សោយ ប៉ុន្តែអ្នកមានអំណាចអាចរួចពីសំណាញ់ច្បាប់ដដែល។
អ្នកវិភាគនយោបាយលោក គឹម សុខ បានរិះគន់តុលាការថា មិនហ៊ានកាត់ទោសមេដឹកនាំទីក្រុងភ្នំពេញលោក ហ៊ុន សែនទេ បើទោះបីជាធ្លាប់បានប្រមាថព្រះមហាក្សត្រក៏ដោយ។
ការលើកឡើងរបស់លោក គឹម សុខ បានកើតឡើងបន្ទាប់ពីតុលាការរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មករា បានសម្រេចកាត់ទោសបុរសម្នាក់ឈ្មោះ អៀង ជលសា ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រដោយបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលមានន័យប្រមាថដល់ព្រះមហាក្សត្រ។
រដ្ឋសភានៃរបបលោក ហ៊ុន សែន បានតាក់តែង និងអនុម័តមាត្រា ៤៣៧ស្ទួនថ្មីនៃរដ្ឋធម្មនុញ្ញ ស្ដីពីការប្រមាថព្រះមហាក្សត្រ។ ច្បាប់ថ្មីចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ចំពោះនីតិបុគ្គល ក៏អាចត្រូវបានផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
លោក គឹម សុខ បានបញ្ជាក់ថា ស្ថាប័នតុលាការកំពុងប្រមាថប្រជាជនដែលជាម្ចាស់ប្រទេសទាំងមូលអោយតែតម្រូវចិត្តលោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «នេះមានន័យថា ប្រទេសកម្ពុជាទាំងមូលត្រូវបានលោក ហ៊ុន សែន ចាត់ទុកថាដូចជាទីស្នាក់ការក្រុមហ៊ុនរបស់គាត់ដើម្បីគាត់ធ្វើអ្វីៗបង្វិល ឬបំពេញទៅតាមបំណងមហិច្ឆតានិងក្រុមគ្រួសារគាត់តែប៉ុណ្ណឹង»។
ទីប្រឹក្សាព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថាកំពុងជាប់រវល់ប្រជុំ៖ «អត់ទេ រស្មី ! សូមទោស ជាប់ប្រជុំ»។
ករណី លោក អៀង ជលសារ មិនមែនជាករណីទីមួយទេដែលត្រូវបានកាត់ទោសករណីប្រមាថព្រះមហាក្សត្រនោះ។
កាលពីខែឧសភាឆ្នាំ២០១៨ តុលាការរបបក្រុងភ្នំពេញបានកាត់ទោសលោក ឃាង ណាវី អាយុ ៤០ ឆ្នាំ នៅក្នុងខេត្តកំពង់ធំ និងលោក បាន សម្ភីរ អាយុ ៧០ នៅក្នុងខេត្តសៀមរាបអោយជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រតាមបណ្ដាញសង្គមហ្វេសប៊ុក។
ទោះបី លោក អៀង ជលសារ ត្រូវបានដាក់ពន្ធនាគារក៏ដោយ ប៉ុន្តែសមត្ថកិច្ចកម្ពុជាមិនទាន់បានស៊ើបអង្កេតករណីលោក ហ៊ុន សែន នៅឡើយទេ។ កាលពីចុងខែធ្នូ លោក ហ៊ុន សែន បាននិយាយប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត នៅក្នុងសារសំឡេងបែកធ្លាយមួយ ដែលលោក ហ៊ុន សែន ប្រើអំណាចរបស់ខ្លួនលូកដៃអន្តរាគមន៍ជម្លោះផ្ទៃក្នុងក្រុមហ៊ុនទូរទស្សន៍ស៊ី.អិន.ស៊ី (CNC) របស់លោក គិត ម៉េង អ្នកជំនួញដ៏ធំមួយនៅកម្ពុជា។ ក្នុងសារសំឡេងបែកធ្លាយនោះ បង្ហាញថា លោក ហ៊ុន សែន បញ្ជាឲ្យលោក គិត ម៉េង ដកហូតមុខតំណែងលោកអគ្គនាយកទូរទស្សន៍ CNCចេញ។ លោក ហ៊ុន សែន ថា លោក គិត ម៉េង ត្រូវតែធ្វើតាមលោក ព្រោះអំណាចរបស់ធំជាងស្ដេចផែនដី ហើយ កុំថាឡើយស្ដេច ឪស្ដេច ម៉ែស្ដេច ក៏លោកមិនខ្លាចដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
