គណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ម្សិលមិញបានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២គឺ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការចាត់ចែង ប្រើប្រាស់សម្បត្តិរដ្ឋ ដែលនិយាយអំពីការពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងពង្រឹងសមត្ថភាពស្ថាប័នក្នុងការកំណត់ប្រភព ប្រភេទទ្រព្យសម្បត្តិរដ្ឋ របបគតិយុត្តិគ្រប់គ្រងចាត់ចែង ការរៀបចំបញ្ជី ការផ្ទេសិទ្ធិកាន់កាប់ ការអភិរក្ស អភិវឌ្ឍ ការធ្វើអធិការកិច្ច និងសវនកម្ម ការលើកទឹកចិត្តនិងការដាក់ទោសទណ្ឌចំពោះអំពើល្មើសច្បាប់ជាដើម។ មាត្រា៥៨នៃរដ្ឋធម្មនុញ្ញចែងថា ទ្រព្យសម្បត្តិរដ្ឋរួមមានជា អាទិ៍៖ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗកំណត់ជារបស់រដ្ឋ។
មួយទៀតគឺសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រង់គ្រងល្បែងពាណិជ្ជកម្ម ដែលមានគោលបំណងធានាការគ្រប់គ្រងមជ្ឈមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ (Intergrated Resort) និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម រួមចំណែកដល់វិស័យសេដ្ឋកិច្ច។
រដ្ឋាភិបាលបានចាត់ទុកអាជីវកម្មកាស៊ីណូ បានចូលរួមការពារខ្សែក្រវាត់ព្រំដែន បង្កើនចំណូលថវិកាជាតិ ជំរុញការអភិវឌ្ឍតំបន់ព្រំដែន ដែលជាអតីតសមរភូមិ តំបន់ពោរពេញដោយគ្រាប់មីន គ្រុនចាញ់ និងគ្មានពលរដ្ឋរស់នៅជាដើម ព្រមទាំងគាំទ្រដល់វិស័យទេសចរណ៍ និងបង្កើតការងារដល់ពលរដ្ឋ។
កាលពីថ្ងៃដដែលនោះ គណៈរដ្ឋមន្ត្រីក៏បានសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
