អតីត​បុគ្គលិក​អាស៊ីសេរី​ ២​នាក់​រំពឹង​ថា​ តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​រូបគេ

0:00 / 0:00

អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​២​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ កាលពី​ល្ងាច​ថ្ងៃ​អង្គារ៍ ទី​២១ ខែ សីហា។

ការ​ដោះលែង​នៅ​ពេល​នេះ​គ្រាន់​ជា​ការ​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​អ្នក​ទាំង​២ ជាប់ចោទ​ចោទ​ពី​បទ​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ដែល​អ្នកច្បាប់ និង​អង្គការ​សិទ្ធិមនុស្ស​ជា​បទ​ចោទ​គ្មាន​មូលដ្ឋាន​ច្បាប់។

ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ រំពឹង​ថា តុលាការ​ដែល​ទើប​សម្រេច​ដោះលែង​អ្នក​ទាំង​២​អោយ​មាន​សេរីភាព​នោះ នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់ ដើម្បី​អោយ​ពួកគេ​ទទួល​បាន​សេរីភាព​ពិតប្រាកដ។

ថ្លែងប្រាប់​តាម​ទូរស័ព្ទ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​សីហា អតីត​និពន្ធ​នាយក​អាស៊ីសេរី លោក យាង សុធារិន្ទ អោយ​ដឹង​ថា តាំង​ពី​ដំបូង​មក​លោក​តែង​ព្យាយាម​បង្ហាញ​តុលាការ​ហើយ​ថា ពួក​លោក​ពិតជា​គ្មាន​កំហុស ដូច​ការចោទប្រកាន់​ឡើយ។ លោក​ថា ការសម្រេច​យ៉ាងណា​គឺ​ជា​តួនាទី​របស់​តុលាការ។ «»

ចំណែក​លោក អ៊ួន ឈិន អតីត​អ្នកគ្រប់គ្រង​ផ្នែក​វីដេអូ​របស់​អាស៊ីសេរី​អោយ​ដឹង​ដែរ​ថា នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​មេធាវី ដើម្បី​ទទួល​បាន​សេរីភាព​ពេញលេញ។

ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​សម្រេច​អោយ​អ្នក​ទាំង​២​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ ដីកា​ដដែល​ពន្យល់​ថា ការ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​ធានា​វត្តមាន​របស់​អ្នក​ទាំង​២ ដែល​ជា​ជនជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ក្នុង​នោះ​អ្នក​ទាំង​២​ត្រូវ​អនុវត្ត​តាម​ការ​បង្គាប់​របស់​ចៅក្រម​មួយ​ចំនួន​រួមមាន​៖ ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ផ្លាស់​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ចេញទៅ​ក្រៅ​ប្រទេស ត្រូវ​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​ទី​១ ជា​រៀងរាល់​ខែ នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ។ ប្រសិនបើ​មិន​បាន​អនុវត្ត​តាម​ការ​បង្គាប់​នេះ​ទេ អ្នក​ទាំង​២​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ឡើងវិញ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា អ្នក​ទាំងពីរ​ពិតជា​មានទោស​មែន​នោះ។

គិត​ត្រឹម​ថ្ងៃ​ដែល​ត្រូវ​បាន​ដោះលែង អ្នក​ទាំងពីរ​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស អស់​រយៈពេល ២៨០​ថ្ងៃ ឬ​ជាង​៩​ខែ​ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ។

ការ​ចាប់ខ្លួន និង​ចោទប្រកាន់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ បាន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន។ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​លើ​អ្នក​ទាំងពីរ ដោយ​ពួកគេ​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។

ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទោស​នយោបាយ អ្នក​កាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​ដែល​បាន​បញ្ចេញមតិ។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចូលរួម​ត្រេកអរ ជាមួយ​ក្រុម​គ្រួសារ​អ្នក​ទាំងពីរ ដែល​បាន​ចេញពី​ពន្ធនាគារ បាន​វិល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ និង​កូនៗ​របស់​ពួកគាត់​វិញ។ ប៉ុន្តែ​លោក ប្រ៊ែដ អាដាម នៅ​តែ​ខកចិត្ត ចំពោះ​ការ​ឃុំខ្លួន និង​ចោទប្រកាន់​អ្នក​ទាំងពីរ ទាំង​អយុត្តិធម៌​បែបនេះ៖ «ពួកគាត់​ទាំងពីរ គ្មាន​រឿង​អ្វី​ដែល​ត្រូវ​គេ​ចាប់ខ្លួន តាំងពី​ដំបូង​មក​ម្ល៉េះ ព្រោះ​ពួកគាត់​គ្មាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទាំងអស់ ហើយ​ការចោទប្រកាន់​លើ​ពួកគាត់​ទៀតសោត គឺ​ជា​ការ​ប្រឌិត​ឡើង ដើម្បី​ធ្វើបាប​ពួកគាត់​ប៉ុណ្ណោះ។ គ្រាន់តែ​ធ្វើជា​អ្នកកាសែត និង​រាយការណ៍​ព័ត៌មាន​ពិត តើ​មាន​កំហុស​អី ? ដូច្នេះ ចំពោះ​លោក ហ៊ុន សែន ឲ្យ​តែ​នរណា​ធ្វើជា​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​អាស៊ីសេរី នៅ​ស្រុក​ខ្មែរ គឺ​ដឹង​តែ​មានទោស​ទាំងអស់ ឲ្យ​គាត់​ចង់​ចាប់»។

លោក ប្រ៊ែដ អាដាម បន្ត​ថា ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គឺ ជា​ល្បែង​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​ការ​គំរាមកំហែង​ដល់​អ្នក​ទាំងពីរ និង​អ្នកសារព័ត៌មាន​ឯទៀត​ឲ្យ​នៅ​បន្ត​ភ័យខ្លាច​រហូត និង​ថា​នៅ​ពេល​ណា​ដែល​លោក ហ៊ុន សែន មិន​សប្បាយចិត្ត​គាត់​អាច​ឲ្យ​គេ​ចាប់ខ្លួន​អ្នក​ទាំងពីរ​ម្ដង​ទៀត។ លោក​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ក្លែងក្លាយ​មក​លើ​អ្នក​ទាំងពីរ ដើម្បី​ឲ្យ​ពួកគាត់ មាន​សេរីភាព​វិញ​ពេញ​បរិបូរណ៍​ដូចដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។