អ្នកការពារបរិស្ថាន លោក អាឡិច (Alejandro Gonzalez Davidson) អំពាវនាវដល់ក្រសួងមហាផ្ទៃនៃរបបក្រុងភ្នំពេញឱ្យលុបឈ្មោះលោកចេញពីបញ្ជីខ្មៅ និងអនុញ្ញាតឱ្យរូបលោកបានវិលត្រឡប់ទៅកម្ពុជាវិញ។ អ្នកការពារសិទ្ធិមនុស្សយល់ថា អាជ្ញាធរគួរតែអនុញ្ញាតឱ្យសកម្មជនបរិស្ថានរូបនេះវិលត្រឡប់មកកម្ពុជាវិញ ដើម្បីលាងជម្រះខ្លួនពីការចោទប្រកាន់។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ផ្ដល់ទិដ្ឋាការ (VISA) ដល់រូបលោក ដើម្បីឱ្យលោកអាចចូលរួមសវនាការក្ដីនៅតុលាការខេត្តកោះកុង។ សំណើនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ដែលលោកបានផ្ញើទៅតាមសេវាប្រៃសណីយ៍ពីប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ មីនាកន្លងទៅ។
លោក អាឡិច ថ្លែងថា លិខិតនោះទំនងជាទៅដល់ក្រសួងមហាផ្ទៃនៅសប្ដាហ៍ក្រោយ ហើយលោករំពឹងថា លោក ស ខេង នឹងយល់ព្រមតាមសំណើរបស់លោកនេះ៖ «ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឱ្យខ្ញុំទៅវិញហ្នឹង ក្រៅពីនីតិវិធីនៅក្នុងតុលាការអស់ហើយ ខ្ញុំអត់មានគោលដៅចេញពីប្រទេសកម្ពុជាទេ។ ខ្ញុំចង់បន្តសកម្មភាពរបស់ខ្ញុំ ក្នុងនាមជាអ្នកឃ្លាំមើល និងការពារបរិស្ថាន ១០០ % ។ ប៉ុន្តែសំខាន់ថា តើរបបលោក ហ៊ុន សែន ហ៊ានអនុញ្ញាតឱ្យខ្ញុំចូលទៅវិញអត់ ? នេះជាសំណួរដែលយើងកំពុងតែចាំមើលគ្រប់គ្នាអ៊ីចឹងទៅ»។
លោក អាឡិច ត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញបណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍ យល់ថា ការបណ្ដេញចេញនេះ ដោយសារលោកជាសកម្មជនបរិស្ថានលេចធ្លោមួយរូប ដែលបានចេញមុខយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសាកសួរអំពីករណីនេះបានទេ នៅថ្ងៃទី២ មេសា ដោយលោកមិនលើកទូរស័ព្ទ ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វ៉ាន់ថន ក៏មិនលើកទូរស័ព្ទដូចគ្នា។
ក្រៅពីមិនអាចជាន់ទឹកដីកម្ពុជា លោក អាឡិច ក៏កំពុងជាប់បណ្ដឹងនៅតុលាការខេត្តកោះកុងមួយករណីដែរ គឺបទ "សមគំនិតក្នុងអំពើគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ"។ តុលាការបំបែកសំណុំរឿងនេះចេញពីសំណុំរឿងអតីតយុវជនមាតាធម្មជាតិ ៣នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោស បន្ទាប់ពីពួកគេបានធ្វើសកម្មភាពតស៊ូមតិប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់បែបអនាធិបតេយ្យ ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១៥ កន្លងទៅ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរកម្ពុជាគួរតែបើកផ្លូវឱ្យលោក អាឡិច បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីឱ្យលោកអាចចូលរួមបានពេញលេញក្នុងដំណើរការនីតិវិធីតុលាការ និងដើម្បីឱ្យលោកមានឱកាសធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជាបន្តទៅទៀត៖ «ខាងរដ្ឋាភិបាលគួរតែសម្របសម្រួលយ៉ាងណាបើកផ្លូវឱ្យលោក អាឡិច បានវិលត្រឡប់មកប្រទេសកម្ពុជាយើងវិញ ហើយដំណើរការនីតិវិធីច្បាប់ហ្នឹងដោយរកយុត្តិធម៌ជូនលោក អាឡិច ផងដែរ។ ក្រោយពីរកយុត្តិធម៌ហើយ គួរតែផ្ដល់ឱកាសដល់លោក អាឡិច បន្តជាដៃគូជាមួយនឹងរដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងឱ្យគង់វង្ស ដើម្បីជាកេរដំណែលសម្រាប់ក្មេងជំនាន់ក្រោយផងដែរ»។
កន្លងមក គណបក្ស សង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន បានស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ រួមទាំងព្រះមហាក្សត្រផង ដើម្បីផ្ដល់ទិដ្ឋាការដល់លោក អាឡិច ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទទួលបានជោគជ័យឡើយ ព្រោះសកម្មជនបរិស្ថានរូបនេះ ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជា។
លោក អាឡិច បញ្ជាក់ថា ការដាក់លិខិតលើកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ដើម្បីមានឱកាសត្រឡប់ទៅកម្ពុជាវិញ ព្រោះជីវិតរបស់លោកមិនអាចកាត់ផ្ដាច់ចេញពីកម្ពុជាបានឡើយ ដោយសារលោកស្រឡាញ់ប្រទេសនេះជាខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
