តុលាការ​កំពូល​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ដែល​ផ្ដន្ទាទោស​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ដាក់​គុក ៨​ឆ្នាំ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​រាប់​ម៉ឺន​ដុល្លារ

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ដែល​ផ្ដន្ទាទោស​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ដាក់​ពន្ធនាគារ ៨ឆ្នាំ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​រាប់​ម៉ឺន​ដុល្លារ។

ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល លោក យូ យុត្ថារ៉ា កាល​ពី​ថ្ងៃទី២៨ តុលា បាន​បើក​សវនាការ​ជំនុំជម្រះ ដោយ​រក្សា​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ និង​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ លោក លៀម ប៊ុនរឿន ពី​បទ​សម្អាត​ប្រាក់ បទ «រំលោភ​អំណាច» និង​បទ វិតិក្រម ឲ្យ​ជាប់​ទោស​ចំនួន​៨​ឆ្នាំ ដក​ហូត​ផ្ទះ​ចំនួន ២កន្លែង រថយន្ត ១គ្រឿង រួម​ទាំង​លុយ ១ម៉ឺន ៧ពាន់​ដុល្លារ។

អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ លោក លៀម ប៊ុនរឿន ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ២០១៩ ជាមួយ​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ២​រូប​ទៀត រួមមាន អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ លោក ជាង វុទ្ធី និង​មន្ត្រី​សុរិយោដី​ខេត្ត​ទទួល​បន្ទុក​ច្រក លោក តែ ប៊ុនថេង ពាក់ព័ន្ធ​ករណី​ទារ​លុយ ១០ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចេញ​​លិខិត​កាន់កាប់​ដីធ្លី និង​ចេញ​ច្បាប់​សាងសង់ និង​ករណី​ពុករលួយ​ផ្សេងៗ ​ទៀត ហើយ​ការ​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​ក្នុង​ពេល​ពួកគេ​និង​ម្ចាស់​ដី​កំពុង​ជួប​គ្នា​ដើម្បី​ប្រគល់​លុយ។

សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​ច្បាប់​លើ​មន្ត្រី​សុរិយោដី​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​សង្ស័យ​​ពាក់ព័ន្ធ​​នឹង​​អំពើ​​ពុករលួយ​នេះ ហើយ​ស្នើ​ឲ្យ​ជម្រះក្ដី​ប្រកប​ដោយ​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។