អតីតបុគ្គលិកអាស៊ីសេរីបានរួចផុតពីការត្រួតពិនិត្យតាមផ្លូវតុលាការជាផ្លូវការហើយ បន្ទាប់ពីសាលាឧទ្ធរណ៍បានបញ្ជាក់ច្បាស់នៅក្នុងសាលដីការបស់ខ្លួន។ អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបថ្លែងថា ពួកលោកសប្បាយចិត្តចំពោះដំណឹងនេះ ហើយថាពួកលោកនឹងលែងទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចទៀតហើយ។
មេធាវីការពារក្ដីឱ្យអតីតបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ មិថុនាថា លោកទើបតែទទួលបានសាលដីកាពីសាលាឧទ្ធរណ៍ ដែលបដិសេធបណ្ដឹងទាស់របស់កូនក្តីលោក ទាក់ទងនឹងការស្នើសុំវត្ថុចាប់យក និងបញ្ឈប់ការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកថា នៅក្នុងសាលដីកានោះ សាលាឧទ្ធរណ៍បានបញ្ជាក់ច្បាស់ថា កូនក្តីរបស់លោកទាំងពីរមិនស្ថិតក្រោមការត្រួតពិនិត្យទៀតឡើយ ដូច្នេះពួកគេអាចមានសេរីភាពក្នុងការដើរហើរ និងមិនចាំបាច់ទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចជារៀងរាល់ខែទៀតនោះឡើយ៖ «ក្នុងសម្អាងហេតុ តុលាការបានបញ្ជាក់ហើយថា ដីកាដំណោះស្រាយហ្នឹងបានឱ្យរួចផុតពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ។ គាត់បញ្ជាក់ប៉ុណ្ណឹង យើងច្បាស់លាស់ហើយ។ កិច្ចការកាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យហ្នឹង វាត្រូវចប់ហើយ លែងមានអនុភាពទៀតហើយ»។
មេធាវីដដែលឱ្យដឹងទៀតថា លោកបានដាក់លិខិតទៅចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ រួចហើយ កាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំវត្ថុចាប់យក លិខិតឆ្លងដែន និងឯកសារសម្គាល់ខ្លួនផ្លូវការរបស់កូនក្តីមកវិញ ក៏ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណានៅឡើយពីខាងតុលាការ។
អាស៊ីសេរីមិនអាចទាក់ទងចៅក្រម អ៊ឹម វណ្ណៈ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានឡើយ នៅថ្ងៃទី២៩ មិថុនា ដោយលោកមិនលើកទូរស័ព្ទ។
អតីតបុគ្គលិកអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” ។ អ្នកទាំងពីរបានជាប់ពន្ធនាគារជាង ៩ខែ ទម្រាំត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ កាលពីចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ។
អតីតបុគ្គលិកអាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែងថា លោកត្រេកអរដែលបានរួចផុតពីការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកបញ្ជាក់ថា លោកនឹងមិនទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចជារៀងរាល់ខែទៀតឡើយ ហើយរំពឹងថា តុលាការនឹងប្រគល់វត្ថុចាប់យក និងលិខិតឆ្លងដែនឱ្យលោកវិញ ដើម្បីលោកទទួលបានសិទ្ធិសេរីភាពបានពេញលេញក្នុងការដើរហើរ។ បន្ថែមពីលើនេះ លោកអំពាវនាវដល់តុលាការឱ្យពន្លឿនសវនាការលើអង្គសេចក្ដី ដោយកុំអូសបន្លាយសំណុំរឿងនេះតទៅទៀត៖ «យើងក៏បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញដែរ ដើម្បីឱ្យពន្លឿននីតិវិធីក្នុងការជំនុំជម្រះហ្នឹង ពីព្រោះយើងក៏ចង់ដឹងសខ្មៅឱ្យបានឆាប់ ពីព្រោះយើងដឹងខ្លួនថា យើងមិនបានប្រព្រឹត្តអី្វដែលខុសច្បាប់ដូចការចោទប្រកាន់ទេ។ អ៊ីចឹងការអូសបន្លាយទុករឿងរ៉ាវរបស់យើងកាន់តែវែង វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពយើងកាន់តែខ្លាំងទៅ»។
ចំណែក លោក អ៊ួន ឈិន វិញថ្លែងថា លោកមានភាពកក់ក្តៅក្នុងចិត្តជាងមុន នៅពេលសាលាឧទ្ធរណ៍បញ្ជាក់ច្បាស់ជាលាយលក្ខណ៍បែបនេះ។ ក្រៅពីនេះ លោកសង្ឃឹមថា តុលាការនឹងផ្ដល់ឯកសារពាក់ព័ន្ធ និងវត្ថុចាប់យកឱ្យលោកវិញ ពីព្រោះរបស់របរទាំងនោះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់រូបលោក ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ លោកស្នើយ៉ាងទទូចឱ្យតុលាការលើកលែងបទចោទប្រកាន់លើរូបលោក និងលោក យាង សុធារិន្ទ ដើម្បីពួកលោកមានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋទូទៅ៖ «របស់របរអស់ហ្នឹង សុទ្ធតែខ្ញុំទិញសន្សំបន្តិចម្តងៗ បើគិតទៅតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្ញុំ។ ឥលូវនេះខ្ញុំចង់យកជំនាញ ចំណេះហ្នឹង យកមកដើម្បីប្រកបរបរ រកកម្រៃចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ ប៉ុន្តែខ្ញុំអត់មានសម្ភារៈសម្រាប់ប្រើប្រាស់ហ្នឹង»។
ចំណាត់ការរបស់អាជ្ញាធរ និងតុលាការរបបលោក ហ៊ុន សែន លើអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប បានរងនូវការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ដ្បិតអ្នកទាំងពីរមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយតម្លៃថា អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប គឺជាជនរងគ្រោះនៃអំពើវាយប្រហារឥតឈប់ឈររបស់លោក ហ៊ុន សែន ទៅលើអង្គភាពព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយព័ត៌មានរិះគន់របបរបស់លោក។ អង្គការអន្តរជាតិមួយនេះពិនិត្យឃើញថា តុលាការគ្មានមូលដ្ឋានអ្វីសម្រាប់ការចោទប្រកាន់បែបឆ្កួតលីលា ឬក៏ការដាក់អ្នកទាំងពីរឱ្យស្ថិតក្រោមការត្រួតពិនិត្យបែបនេះឡើយ។ ចំណែកអង្គការសហប្រជាជាតិវិញ ក៏បានពិនិត្យឃើញដែរថា អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះ ត្រូវបានដកហូតសិទ្ធិសេរីភាពដោយបំពាន តាមរយៈការឃុំខ្លួន និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សហគមន៍ជាតិ និងអន្តរជាតិស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យទម្លាក់ចោលការប្រកាន់លើអ្នកទាំងពីរ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងឡាយទៅលើអង្គការព័ត៌មាន និងអ្នកកាសែតតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
