ជនរងគ្រោះ ២នាក់​​ចូល​បំភ្លឺ​​តុលាការ​ខេត្ត​បាត់ដំបង​​​​រឿង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​លោក សេរី កុសល បាញ់​របួស​ស្នាម​

ដោយ មាន ឫទ្ធិ
2019-06-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​រង​គ្រោះ​ទាំង ៤នាក់ ផ្ដល់​សម្ភាសន៍​ដល់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អាដហុក ពេល​ចុះ​អង្កេត​លើ​សំណុំ​រឿង​បាញ់​បោះ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​រូប​ខាង​ស្ដាំ​កាន់​កាំភ្លើង គឺ​លោក សេរី កុសល។
ជន​រង​គ្រោះ​ទាំង ៤នាក់ ផ្ដល់​សម្ភាសន៍​ដល់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អាដហុក ពេល​ចុះ​អង្កេត​លើ​សំណុំ​រឿង​បាញ់​បោះ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​រូប​ខាង​ស្ដាំ​កាន់​កាំភ្លើង គឺ​លោក សេរី កុសល។
រូប៖ ពលរដ្ឋ​ថត​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០១៩

ជនរងគ្រោះ ២នាក់​ឪពុក​និង​កូន​នៅ​ស្រុក​សំឡូត បាន​ចូល​ខ្លួន​បំភ្លឺ​តាម​កោះ​ហៅ​របស់​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១០ មិថុនា។ ការ​ចូល​បំភ្លឺ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ប្ដឹង​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក សេរី កុសល ​ដែល​បាន​​បាញ់​គំរាម​កំហែង​បង្ក​របួស​ស្នាម ខណៈ​ដែល​ពួក​គេ​កំពុង​ដើរ​រើស​ផ្លែ​សំរង​ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ថា សំណុំ​រឿង​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពី​​​អ្នក​មាន​អំណាច​មក​លើ​ពលរដ្ឋ​ក្រីក្រ ដែល​តុលាការ​គួរ​ចាត់​ការ​​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

ជនរងគ្រោះ​នៅ​ស្រុក​សំឡូត​ទទូច​អោយ​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង​ រក​យុត្តិធម៌​ដល់​ពួកគេ​ និង​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កុំ​ឱ្យ​ទៅ​គំរាម​កំហែង​ដល់​ពលរដ្ឋ​ដទៃ​បន្ត​ទៀត។​​​​​​

ដើម​បណ្ដឹង​នៅ​ស្រុក​សំឡូត​ លោក ផុន វីវៈ​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១០​មិថុនា​ថា ​លោក​បាន​រៀបរាប់​រឿង​រ៉ាវ​​ប្រាប់​តុលាការ​ថា​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ របប​ឯក​បក្ស លោក សេរី កុសល អាង​ខ្លួន​មាន​អំណាច​បាន​យក​កាំភ្លើង​អាការ-៤៧ (AK-47) បាញ់​ភ្ជង់​​ដី​​មួយ​គ្រាប់​ចម្ងាយ​ពី​ជើង​ប្រហែល​មួយ​ម៉ែត្រ​គំរាម​លោក​ បណ្ដាល​ឱ្យ​កម្ទេច​ថ្ម​ខ្ទាត​ត្រូវ​ភ្នែកគោ​ជើង​របស់​លោក​ ខណៈ​ដែល​កំពុង​ដើរ​រើស​ផ្លែ​សំរង​នៅ​ភូមិ ឆក​រកា ឃុំ​សំឡូត​ កាល​ពី​ថ្ងៃ​ទី​២០​មេសា​កន្លង​ទៅ។ លោក​​បន្ត​ថា នៅ​ថ្ងៃ​កើត​ហេតុ​លោក ​និង​ឪពុក​ម្ដាយ​ និង​ពលរដ្ឋ​រស់​នៅផ្ទះ​​ក្បែរ​ខាង​ផង ​រួម​មាន​គ្នា​ចំនួន ​៤​នាក់ ​បាន​ដើរ​រើស​ផ្លែ​សំរង​​នៅ​លើ​ដី​របស់​លោក​ ដែល​ធ្លាប់​កាន់កាប់​អស់​ជាង​ ៦​ឆ្នាំ​​​ ក្រោយ​មក​ស្រាប់​តែ​លោក​ សេរី កុសល ចុះ​ពី​លើ​ឡាន​ដោយ​កាន់​កាំភ្លើង​អាការ​ ៤៧​មួយ​ដើម​ ដេញ​បាញ់​​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី​តែ​ម្ដង៖ «តុលាការ​សួរ​ថា​នៅ​គ្នា​​ប៉ុន្មាន​នាក់​? ខ្ញុំ​ថា​នៅ​គ្នា​ ៤នាក់​ ហើយ​មាន​ធ្វើ​សកម្មភាព​អី​ទៀត​អត់?​ ខ្ញុំ​ថា​គាត់​ដើរ​ទៅ​តម្រង់​ប៉ា​ខ្ញុំ​ បាន​ទះកំផ្លៀង​ប៉ា​ និង​ជេរ​ប្រមាថ​ប៉ា​ខ្ញុំ​ទៀត​ ដោយ​គាត់​ខឹង​ប៉ា​ខ្ញុំ​ថត​សកម្មភាព​គាត់​ ហើយ​គាត់​​ឱ្យ​​ប៉ា​ខ្ញុំ​លុប​រូប​ចោល​ តែ​ឯង​នៅ​ថត​ទៀត​អញ​បាញ់​ហាល​ងៀត​ឥឡូវ​ហើយ​។ ដល់​ពេល​គាត់​បាញ់​ហើយ​ប៉ា​ខ្ញុំ​ទាញ​ទូរស័ព្ទ​ថត​ ហើយ​គាត់​ទះកំផ្លៀង​ ហើយ​គាត់​ប្រមាថ​ថា​ បាញ់​។ មិន​​ដឹង​គាត់​ខឹង​ខ្ញុំ​តាំង​ពី​កាល​ណា​ផង​ គាត់​អត់​មាន​សួរ​នាំ​ទេ​ គាត់​មក​ដល់​បាញ់​យក​តែ​ម្ដង»

ម្ដាយ​ដើម​បណ្ដឹង​អ្នក​ស្រី​ មាស​ រ៉េន​ ថ្លែង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​អ្នក​ស្រី​កំពុង​អង្គុយ​ក្រោម​ដើម​សំរង​ ស្រាប់​តែ​ឃើញ​លោក​ សេរី កុសល​ កាន់​កាំភ្លើង​ស្ទុះ​ទៅ​បាញ់​កូន​របស់​អ្នក​ស្រី​ គឺ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ព្រោះ​គិត​ក្នុង​ចិត្ត​ថា​ កូន​នឹង​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់​នៅ​ក្នុង​ព្រៃ​នោះ​បាត់​ទៅ​ហើយ។ អ្នក​ស្រី​អះអាង​ថា មូលហេតុ​ដែល​ប្ដឹង​ដោយ​ចង់​​ឱ្យ​​តុលាការ​រក​យុត្តិធម៌​ដល់​ពួកគេ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ សេរី កុសល៖ «បង​អើយ​ខ្ញុំ​ភ័យ​ញ័រដៃ​ញ័រ​ជើង​ ខ្ញុំ​ខ្លាច​កូន​ខ្ញុំ​ងាប់​ ខ្ញុំ​ថា​បើ​កូន​ខ្ញុំ​យ៉ាង​ម៉េចៗ ទៅ លោក សេរី កុសល​ ក៏​គាត់​មិន​រួច​ខ្លួន​ដែរ​ ព្រោះ​ពូថៅ​ខ្ញុំ​នៅ​ដៃ​ ខ្ញុំ​ថា​កាប់​គាត់​វិញ​ហើយ​តើ​ ប៉ុន្តែ​មើល​កូន​ខ្ញុំ​អត់​មាន​អី​ដែរ​។ ចុះ​មិន​ដឹង​ធ្វើ​ម៉េច​បើ​គាត់​មាន​អង្គរក្ស​ម្នាក់​នៅ​ជា​មួយ​ដែរ​ ហើយ​គាត់​មាន​កាំភ្លើង​ និង​មាន​កាំបិត​ទៀត​ណោះ​ ហើយ​ពួក​ខ្ញុំ​មាន​តែ​ថង់​ហើយ​កាំបិត​សម្រាប់​កាប់​មែក​សំរង​​បេះ​ផ្លែ​ចិញ្ចឹម​ជីវិត​។ ខ្ញុំ​មាន​អី​ ពួក​ខ្ញុំ​ចេះ​តែ​ដើរ​បេះ​ណេះ​បេះ​ណោះ​ចិញ្ចឹម​ជីវិត​ មិន​មែន​ដូច​គាត់​មាន​លុយ​មាន​អំណាច​ណា​ ដែល​គាត់​ប្រមាថ​ជីវិត​ខ្ញុំ​បាញ់​ហាល​ងៀត​ចោល​អីណា»

អ្នក​ស្រី​បន្ត​ថា លោក​ សេរី កុសល បាញ់​កូន​របស់​អ្នក​ស្រី​ ដោយសារ​ចង់​បាន​ដី​របស់​ពួក​គេ​នៅ​តំបន់​នោះ យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ព្រោះ​ដី​នៅ​ទី​នោះ​មាន​តម្លៃ​ ដែល​មាន​ចម្ងាយ​ប្រមាណ ៥០ម៉ែត្រ​ពី​​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ឃុំ​សំឡូត។

ទាក់ទង​នឹង​បញ្ហា​នេះ​ តំណាង​រាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​របប​ឯក​បក្ស លោក សេរី កុសល ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​បាន​បាញ់​ពលរដ្ឋ​ទាំង​នោះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយ​គ្រាន់​តែ​​ទៅ​ហាម​ឃាត់​ពួក​គេ​មិន​ឱ្យ​ទន្ទ្រាន​​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ។ អតីត​ទេសរដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​ធ្វើ​បែប​នេះ​ ដោយសារ​ឃើញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រំដែន​ស្រុក​សំឡូត ត្រូវ​បាន​គេ​លូច​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់​ ហើយ​លោក​ចង់​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​ឱ្យ​​បាន​គង់វង្ស៖‍ «អញ្ជើញ​ប្ដឹង​ចុះ! ពីព្រោះ​សមត្ថកិច្ច​គេ​មាន​ភស្តុតាង​ជា​លាយលក្ខណ៍​អក្សរ​អស់​ហើយ គេ​ថែម​ទាំង​ថត​សាមីខ្លួន​កាប់​ព្រៃ​ទៀត​ផង យើង​តាម​នឹង​ទៅ។ ខ្ញុំ​ខ្លួន​ឯង​ទេ ដែល​ពិចារណា​ថា ខ្ញុំ​គួរ​តែ​ចាត់​ការ​រឿង​នេះ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នឹង ឬ​ក៏​របៀប​យ៉ាង​ម៉េច​ គឺ​ពិចារណា​ដែរ»

ប៉ុន្តែ​អ្នក​ស្រី​ មាស​ រ៉េន​ អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ទើប​តែ​ទៅ​រស់​នៅ​ព្រំដែន​បាន​​​ប្រមាណ ៣ឆ្នាំ​ប៉ុណ្ណោះ គឺ​លោក​បាន​ធ្វើ​ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏ ៣កន្លែង​ដែរ នៅ​តំបន់​ដី​ព្រៃ​ព្រំដែន​នោះ ហើយ​ថែម​ទាំង​បាន​កាន់​កាប់​ដី​ព្រៃ​ជាង ១៥០ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៀត​ផង។ អ្នកស្រី​បន្ត​ថា ដី​ទាំង​នោះ​ភាគ​ច្រើន​លោក សេរី កុសល បាន​ដាំ​ដើម​ទុរេន និង​សាវម៉ាវ​ ដុះ​ពេញ​ដី​អស់​ទៅ​ហើយ។ ចំណែក​ឯ​ពួកគាត់​វិញ រស់​នៅ​ព្រំដែន​រាប់​ទសវត្ស​ហើយ ប៉ុន្តែ​ពុំ​ទាន់​មាន​ដី​សម្រាប់​ដាំដុះ​នៅ​ឡើយ​ទេ គឺ​រស់​ដោយសារ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី ដែល​បាន​ចុះ​ទៅ​អង្កេត​លើ​សំណុំ​រឿង​នេះ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​អះអាង​ថា ឃើញ​លោក សេរី ​កុសល កាន់​កាំភ្លើង​អាកា ៤៧ មួយ​ដើម​ចូល​ទៅ​គំរាម​ពលរដ្ឋ​ និង​បាន​បាញ់​មួយ​គ្រាប់​ភ្ជង់​ដី​គំរាម​ពលរដ្ឋ​ប្រាកដ​មែន។ លោក​បន្ត​ថា លោក សេរី កុសល ធ្វើ​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ព្រោះ​លោក​ជា​តំណាងរាស្ត្រ យល់​ដឹង​ច្បាប់​ទម្លាប់ ទៅ​គំរាម​កំហែង​ពលរដ្ឋ​​ទន់​ខ្សោយ៖ «បើ​ប្រទេស​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ យើង​និយាយ​ពី​គោល​ការណ៍​ច្បាប់​ស្មើ​គ្នា​ អីចឹង​មិន​ថា​ គាត់​ជា​តំណាង​រាស្ត្រ​មិន​ថា​គាត់​ជា​នរណា​ទេ​ អីចឹង​បទ​គំរាមកំហែង គឺ​ជា​បទ​ល្មើស​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​​ក្រមព្រហ្មទណ្ឌ​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ក៏​អីចឹង​ដែរ​ គាត់​តំណាង​រាស្ត្រ​គាត់​មាន​អាវុធ​ស្អី​អាការ​នឹង​យក​ពី​ណា​មក​ ជា​កាំភ្លើង​អង្គរក្ស​ឬ​ក៏​យក​មក​ទុក​ប្រើប្រាស់​ តើ​កាំ​ភ្លើង​នោះ​មាន​ច្បាប់​ទេ​ គឺ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​លាស់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា​ សំណុំ​រឿង​នេះ​គឺ​ជា​ទំនាស់​ដីធ្លី ដោយ​ពុំ​មែន​ដោយសារ​លោក សេរី កុសល ចង់​ថែ​រក្សា​ព្រៃ​ឈើ​នោះ​ ហើយ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ព្រៃ​នោះ​ទេ​ ព្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ត្អូញត្អែរ​ប្រាប់​លោក​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​​ទន្ទ្រាន​ដី​ព្រៃ​នៅ​ព្រំដែន​ស្រុក​សំឡូត ​អស់​ប្រវែង​ជាង​១គីឡូម៉ែត្រ​ឯណោះ ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​ជា​​ច្រើន​គ្រួសារ​រក​ដី​ដាំដុះ​ពុំ​មាន​ផង។

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា បាន​កោះហៅ លោក ផុន វីរៈ អាយុ ១៧ឆ្នាំ និង​លោក ហ៊ិន ដានី អាយុ ៣៧ឆ្នាំ រស់​នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ឱ្យ​ចូល​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១០ មិថុនា ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង ដែល​អ្នក​ទាំង២ បាន​ប្ដឹង​លោក សេរី កុសល ពី​ការ​គំរាម​កំហែង និង​កាន់​អាវុធ​ខុស​ច្បាប់។ អ្នក​ទាំង២ បន្ទាប់​ពី​ចូល​បំភ្លឺ​តុលាការ​ហើយ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល ដោយ​ពួក​គាត់​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល