មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរកម្ពុជា តាមដានសុខភាពសាសនិកឥស្លាមកម្ពុជា ដែលបានធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្រោយពីបានចូលរួមពិធីជួបជុំសាសនាឥស្លាម នៅឯប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ នេះ។ ការស្នើនេះ គឺបន្ទាប់ពីប្រទេសមួយចំនួនរកឃើញថា ប្រជាពលរដ្ឋរបស់គេបានឆ្លងជំងឺកូវីដ១៩ ក្រោយពីទៅចូលរួមពិធីសាសនានោះ។
អាជ្ញាធរសុខាភិបាលកម្ពុជា បានរកឃើញជនជាតិចាមចំនួន ២នាក់ក្នុងចំណោមជនជាតិចាមជិត ៨០នាក់ ក្រោយពីពួកគាត់បានវិលត្រឡប់មកពីចូលរួមពិធីសាសនាឥស្លាមនៅរដ្ឋមួយក្បែរក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ នេះ។ នៅពេលជនជាតិចាមទាំងជិត ៨០នាក់នោះ វិលចូលមកដល់កម្ពុជាវិញ មន្ទីរសុខាភិបាលតាមខេត្តមួយចំនួន បានតាមដានសុខភាពពួកគាត់ និងបានយកសំណាករបស់ជនជាតិចាមនៅកម្ពុជាទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។
ជាលទ្ធផល ក្រសួងសុខាភិបាលបានកាសនៅយប់ថ្ងៃទី១៥ មីនាថា បានរកឃើញជនជាតិចាម ២នាក់ ដោយម្នាក់មានអាយុ ៣៥ឆ្នាំ និងម្នាក់ទៀតអាយុ ៣៩ឆ្នាំ នៅខេត្តព្រះវិហារ មានសញ្ញាណវិជ្ជមាន ផ្ទុកជំងឺ កូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃទី១៥ មីនាដដែលនោះ បានឲ្យដឹងទៀតថា ជនជាតិចាម ២នាក់នេះ ស្ថិតក្នុងចំណោមពួកគាត់ដែលមានគ្នា ១០នាក់ ដែលបានវិលមកដល់ខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែមីនា បន្ទាប់វិលត្រឡប់មកពីចូលរួមពិធីសាសនាឥស្លាម នៅរដ្ឋមួយក្បែរក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ កុម្ភៈកន្លងទៅនេះ។
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា ចំណែកជនជាតិចាម ៨នាក់ទៀត បានយកសំណាក់វត្ថុវិភាគពីបុគ្គលទាំងនោះរួចរាល់ហើយ ដោយក្នុងចំណោមនោះ មានម្នាក់បានចាកចេញទៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ មីនា។
អ្នកទាំងពីរ ដែលមានជំងឺ កូវីដ១៩ នោះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តព្រះវិហារកំពុងចាត់ចែងរៀបចំយកមកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ ចំណែកអ្នកទាំង៨ ដែលរកឃើញអវិជ្ជមាន ត្រូវដាក់ឲ្យនៅតាមដានសុខភាពផ្ទាល់ខ្លួនចំនួន ១៤ថ្ងៃសិន។
ទោះជាយ៉ាងណា មន្ទីរសុខាភិបាលខេត្តព្រះវិហារ មិនបានបញ្ជាក់ថា តើមានពលរដ្ឋសាសនិកឥស្លាមប៉ុន្មាននាក់នៅក្នុងខេត្តនេះ ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបញ្ជាក់រឿងនេះពីប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គង់ ឡូ ជាច្រើនដង តាមទូរស័ព្ទនៅថ្ងៃទី១៥ មីនា តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ចំណែកនៅឯខេត្តបាត់ដំបងឯណោះវិញ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៥ មីនាថា នៅខេត្តបាត់ដំបងមានសាសនិកឥស្លាមចំនួន ៦នាក់ បានទៅចូលរួមពិធីជួបជុំសាសនានៅប្រទេសម៉ាឡេស៊ី។ លោកអះអាងថា ក្រុមការងារសុខាភិបាលខេត្ត បានជួបជាមួយពលរដ្ឋទាំងនោះរួចហើយ កាលថ្ងៃទី១៥ មីនា ហើយពួកគាត់នៅមានសុខភាពល្អធម្មតាទេ។ លោកថា ក្រុមគ្រូពេទ្យបានណែនាំពលរដ្ឋទាំង ៦នាក់នោះ ឱ្យថែរក្សាអនាម័យ និងស្ថិតនៅដាច់ដោយឡែកពីអ្នកដទៃនៅក្នុងគេហដ្ឋានរៀងៗ ខ្លួន ហើយក្រុមគ្រូពេទ្យតែងសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ជាប់ជាប្រចាំ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមមន្ត្រីគ្រោងជួបពួកគាត់ម្ដងទៀតនៅថ្ងៃទី១៦ មីនា ដើម្បីប្រមូលសំណាកយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីជម្រះមន្ទិលសង្ស័យចំពោះពួកគាត់។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ដើម្បីសាកសួរអំពីរឿងត្រួតពិនិត្យសុខភាពសាសនិកឥស្លាមកម្ពុជានេះដែរ ប៉ុន្តែមន្ត្រីទាំងពីររូបមិនលើកទូរស័ព្ទទេ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ មីនា។
កាលពីចុងខែកុម្ភៈកន្លងទៅ សាសនិកឥស្លាមក្នុងប្រទេសម៉ាឡេស៊ី និងមកពីប្រទេសចំនួន២៧ ជុំវិញពិភពលោក សរុបជាង ១ម៉ឺន ៦ពាន់នាក់ បានជួបជុំប្រមូលផ្តុំគ្នាបែបសាសនា នៅរដ្ឋស្លាំងហ្គ័រ (Selangor) ក្បែរក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមជនមូស្លីមទាំងនោះ មាន ៧៩នាក់ទៅពីប្រទេសកម្ពុជា។
ទោះជាយ៉ាងណា យ៉ាងហោចណាស់មានមនុស្សប្រមាណ ២រយនាក់ (២០០) ដែលចូលរួមក្នុងពិធីនោះ ត្រូវអាជ្ញាធរសុខាភិបាលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន ១៩០ករណី នៅប្រទេសម៉ាឡេស៊ី ១២ករណីនៅប្រទេសប្រ៊ុយណេ និង ២ករណីនៅប្រទេសសិង្ហបុរី។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការឥស្លាម លោក អូស្មាន ហាស្សាន់ ប្រាប់អាស៊ីសេរីថា តួលេខដែលបានកត់ត្រានៅម៉ាឡេស៊ីបង្ហាញថា សាសនិកឥស្លាមកម្ពុជាចំនួន ៧៩នាក់ បានទៅចូលរួមក្នុងពិធីនោះ តែតួលេខដែលលោកទទួលបានមានត្រឹមតែ ៦៤នាក់ទេ។
លោក អូស្មាន ហាស្សាន់ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ មីនា មានសាសនិកឥស្លាមចំនួន ៣០នាក់ហើយ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីត្រួតពិនិត្យសុខភាព ក្នុងនោះ ១១នាក់នៅខេត្តកំពង់ឆ្នាំង ១០នាក់ នៅខេត្តព្រះវិហារ និង ៦នាក់ ស្ថិតនៅខេត្តបាត់ដំបង។ ដោយឡែក ចំពោះអ្នកផ្សេងទៀត លោកថា អាជ្ញាធរកំពុងអំពាវនាវឱ្យពួកគាត់មកត្រួតពិនិត្យសុខភាព៖ «ខាងសុខាភិបាលកំពុងតែអំពាវនាវដើម្បីពិនិត្យគាត់ ប៉ុន្តែគ្រាន់តែថា ពេលដែលពួកគាត់មក ( ដល់កម្ពុជាវិញ ) ម្នាក់ក៏ទៅខាងនេះ ម្នាក់ទៅខាងនោះ។ គាត់មានអាជីវកម្មរបស់គាត់អ៊ីចឹង អ៊ីចឹងយើងនឹងពិនិត្យជាបន្តបន្ទាប់ក្នុងពេលបន្ទាន់ហ្នឹង»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា អំពាវនាវដល់អាជ្ញាធរ ឱ្យនាំពលរដ្ឋសាសនិកឥស្លាម ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះ យកមកពិនិត្យសុខភាពទាំងអស់គ្នា ពីព្រោះពួកគាត់មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ លោកថា នេះជាករណីគួរឱ្យព្រួយបារម្ភ ពីព្រោះបើពួកគាត់ណាម្នាក់បានឆ្លងជំងឺកូវីដ-១៩ នោះលទ្ធភាពនៃការឆ្លងរាលដាលនៅក្នុងសហគមន៍នឹងមានកាន់តែខ្ពស់៖ «មិនមែនជារឿងមួយលើកទឹកចិត្តទេ គឺរឿងហ្នឹងត្រូវតែតាមរកគាត់។ ដូចជំនាន់ផ្ទុះជំងឺសា ជំងឺ H5N1 អ៊ីចឹង គេតាមរកអ្នកដែលសង្ស័យហ្នឹងតែម្ដង អ្នកដំណើរហ្នឹងតែម្ដង ហើយគេតម្រូវឱ្យមកពិនិត្យមក។ មិនមែនក្នុងន័យដាក់ទណ្ឌកម្មគាត់ទេ ពិនិត្យឃើញហើយ គឺថារដ្ឋត្រូវតែរកវិធីជួយគាត់ ព្រោះអាហ្នឹងជាអាយុជីវិតរបស់គាត់»។
គិតត្រឹមយប់ថ្ងៃទី១៥ មីនា ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជាចំនួន ១២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។