អតីត​ទណ្ឌិត​ខ្មែរ​ ៣​រូប​ ​ដែល​​ប្រឈម​​នឹង​​បញ្ជូន​​ទៅ​​កម្ពុជា​​វិញ​ ត្រូវ​​បាន​​លើក​លែង​ទោស

0:00 / 0:00

អភិបាល​រដ្ឋ​កាលីហ្វរនីញ៉ា (California) លោក ជើរ៉ី ប្រោន (Jerry Brown ) កាលពី​ថ្ងៃ​ទី​១៧ សីហា បាន​លើកលែងទោស​ឲ្យ​អតីត​ទណ្ឌិត ៣​រូប ជា​ជនជាតិ​ខ្មែរ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ទាំង​បី​នាក់​នោះ មាន​លោក អ៊ិន វណ្ណា ដែល​បាន​មក​រស់នៅ​អាមេរិក​កាលពី​អាយុ ៣​ឆ្នាំ។

លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ដោយសារតែ​ធ្វើឃាត​ជនរងគ្រោះ​ម្នាក់ កាលពី​អាយុ​១៧​ឆ្នាំ។ លោក អ៊ិន វណ្ណា ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ឆ្នាំ​២០០១។ ក្រោយ​ការ​ដោះលែង​លោក​បាន​ជួយ​ក្រុម​អតីតជន​ឧក្រិដ្ឋជន​មួយ​ចំនួន​ឲ្យ​ក្លាយ​ទៅជា​មនុស្ស​ល្អ​ឡើងវិញ។

ដោយឡែក អតីត​ទណ្ឌិត សុក ផល ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ទោស ១៥​ឆ្នាំ ពី​បទ​ប្លន់។ ខណៈ លោក ឡាវ ហេង ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​ពីរ​ឆ្នាំ ពី​បទ​ប្រើប្រាស់​អាវុធ ក្នុង​ករណី​វាយតប់​បង្ក​របួស​ស្នាម។ លោក ជើរ៉ី ប្រោន អះអាង​ថា អ្នក​ដែល​លោក​លើកលែងទោស​សុទ្ធតែ​បាន​កែប្រែ​ខ្លួន និង​កសាង​ខ្លួន​ទើប​ទទួល​បាន​ការ​លើកលែង​ទោស។ ការប្រកាស​លើកលែង​ទោស​នេះ ធ្វើ​ឡើង​មុន​ពេល​អាជ្ញាធរ​សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក ៣០​នាក់ បន្ថែម​ទៀត​ទៅកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​សីហា សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។