ជនបរទេសចំនួនជិត ២ពាន់នាក់ (១.៨៧៤) កំពុងជាប់ឃុំក្នុងពន្ធគារនៅទូទាំង ប្រទេស គិតត្រឹមខែ មិថុនា ឆ្នាំ២០២០នេះ។
របាយការណ៍លទ្ធផលការងារបូកសរុប ប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា បង្ហាញថា ក្នុងចំណោមជនបរទេសទាំង ៤៥សញ្ជាតិ ដែលកំពុងជាប់ឃុំឃាំងទាំងអស់ចំនួន ១ពាន់ ៨រយ ៧៤នាក់នោះ គឺមានស្ត្រី២៤៩នាក់។ របាយការណ៍បន្តថា អ្នកជាប់ឃុំច្រើនជាងគេ គឺជនជាតិវៀតណាម (Vietnamese) ដែលមានសរុប ៧៤៩នាក់ បន្ទាប់មកជនជាតិចិន (Chinese) ៧២៧នាក់ ជនជាតិនីហ្សេរីយ៉ា (Nigerian) ៧៣នាក់ និងជនជាតិថៃ (Thai) ៦៨នាក់ ព្រមទាំងជនជាតិផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្ន កម្ពុជាមានជនបរទេសស្នាក់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះ១១ម៉ឺននាក់ ជាជនបរទេសមិនមែនអន្តោប្រវេសន៍ និងចំនួន៩ម៉ឺននាក់ផ្សេងទៀត គឺជាជនបរទេសអន្តោប្រវេសន៍។
របាយការណ៍ដដែលបន្តថា ចាប់ពីឆ្នាំ ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញចេញជនបរទេសដែលមករស់នៅនិងធ្វើការដោយខុសច្បាប់ សរុបចំនួនជាង ១ម៉ឺន ៧ពាន់ ២រយនាក់ (១៧,២៣០នាក់) ក្នុងនោះ ស្ត្រី ជិត ៣ពាន់នាក់ (២,៩៧១) ស្មើនឹង ១០៤សញ្ជាតិ។
នៅទន្ទឹមនេះ ជនបរទេសកំពុងស្នាក់នៅកន្លែងត្រៀមបណ្ដេញចេញ នៅមណ្ឌលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ មានសរុបចំនួន៩៣នាក់ ក្នុងនោះស្រី្ត៨នាក់ គឺមាន២០សញ្ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។