លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួនដល់រុស្សីក្រោយស្នើឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែង
2025.01.16

អ្នកឃ្លាំមើលរិះគន់ថា ការចាប់ខ្លួនអតីតឧកញ៉ា លោក ហេង សិទ្ធី គឺឆ្លុះបញ្ចាំងថា អ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុននឹងមិនអាចរួចផុតពីការតាមចាប់ចងឡើយ ដោយសារតែតុលាការអនុវត្តស្តង់ដារពីរ និងត្រូវបានអ្នកមានអំណាចប្រើធ្វើជាឧបករណ៍កម្ចាត់សំឡេងអ្នករិះគន់ ដើម្បីពង្រឹងអំណាចក្រុមគ្រួសារត្រកូល ហ៊ុន។ លោក ហេង សិទ្ធី ត្រូវបានឃាត់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី (Russia) បន្ទាប់ពីលោកបញ្ចេញសារសំឡេងរិះគន់ចុងក្រោយទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះចេញពីតំណែងដោយសារតែអសមត្ថភាពបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Online)។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបញ្ជាក់ថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានមន្ត្រីប៉ូលិសរុស្ស៊ី និងមន្ត្រីកម្ពុជាប្រចាំស្ថានទូតបញ្ជូនមកកាន់ការិយាល័យរដ្ឋអាជ្ញានៃសហព័ទ្ធរុស្ស៊ី ហើយរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីក៏កំពុងរៀបចំឯកសារ ដើម្បីធ្វើបត្យាប័នបញ្ជូនមកកម្ពុជា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមករា ថា លោកមិនទាន់អាចកំណត់រយៈពេលដែលលោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជានៅថ្ងៃណានោះទេ។ លោកអះអាងថា ការចាប់ខ្លួនលោក ហេង សិទ្ធី មិនមែនផ្អែកតាមការរិះគន់ និងចោទប្រកាន់មកកាន់រដ្ឋាភិបាល និងមន្ត្រីមួយចំនួនក្នុងរយៈពេលចុងក្រោយនេះទេ គឺធ្វើឡើងតាមដីកាបង្គាប់របស់តុលាការដែលចោទប្រកាន់អតីតឧកញ៉ារូបនេះពីបទ «គំរាមកំហែងបរិហារកេរ្តិ៍មានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
លោក ទូច សុឃៈ អះអាងថា លោក ហេង សិទ្ធី ដែលនិយាយរិះគន់ចោទប្រកាន់រដ្ឋាភិបាល និងថ្នាក់ដឹកនាំមួយចំនួននាពេលកន្លងមកនេះគឺគ្មានមូលដ្ឋានច្បាស់លាស់។ លោកថា ពេលលោកហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជាតុលាការនឹងអាចពិនិត្យចាត់ការលើសំណុំរឿងនេះ ហើយលោកថា ការសម្រេចបែបណានោះគឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោក ទូច សុឃៈ៖ «ឈ្មោះ ហេង សិទ្ធី នេះគេចខ្លួនចេញទៅក្រៅប្រទេសហើយបានវាយប្រហារ លាបពណ៌មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្ដាក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិជាដើមនេះ ឈ្មោះ ហេង សិទ្ធី បានវាយប្រហារមកលើកម្ពុជាតែម្ដងដោយទម្លាក់បន្ទុកចោទប្រកាន់ថា កម្ពុជាពោរពេញទៅដោយបទឧក្រិដ្ឋអន្តរជាតិជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀតដែលគេបានផ្ញើជាសារសំឡេងតាមបណ្ដាញទំនាក់ទំនងសង្គម ដោយបញ្ជាក់ឃ្លាថា បច្ចុប្បន្ននេះគឺគេស្គាល់កម្ពុជាតាមរយៈបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញទៅវិញ។ នេះគឺជាការមួលបង្កាច់បរិហារធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា»។
អតីតអ្នកឧកញ៉ា និងជាប្រធានក្រុមហ៊ុន ម៉ារីថាម គ្រុប (Maritime Group) ត្រូវបានចារកម្មរុស្ស៊ីឃាត់ខ្លួននៅតាមព្រំដែនប្រទេសរុស្សី កាលពីថ្ងៃទី១៤ ខែមករា តាមសំណើនៃកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរកម្ពុជា។ កាលពីថ្ងៃទី៨ ខែមករា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងទៅបណ្ដាតំណាងទូតកម្ពុជានៅក្រៅប្រទេសពីការប្រកាសមោឃភាពលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី ទៅតាមការសម្រេចលុបចោលលិខិតឆ្លងដែនចេញដោយក្រសួងមហាផ្ទៃ។
នៅមុនពេលត្រូវបានចាប់ខ្លួនមិត្តភ័ក្ដិរបស់លោក ហេង សិទ្ធី ម្នាក់បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពថា ដំណើរទស្សនកិច្ចរបស់លោក ហេង សីទ្ធី ទៅកាន់ប្រទេសរុស្ស៊ីគឺលោកគ្រោងចង់ជួបគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ទាក់ទងនឹងការត្រួតយន្តហោះគ្មានមនុស្សបើក ឬដ្រូន (Drone) និងការចង់បង្កើនក្រុមកងកម្លាំងពិសេស។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ (KDO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សេង វណ្ណលី យល់ឃើញថា ការចាប់ខ្លួនលោក ហេង សិទ្ធី គឺតុលាការកំពុងអនុវត្តច្បាប់ស្តង់ដារពីរ និងគឺជាសារគំរាមអ្នករិះគន់ផ្សេងទៀតថា ការណ៍ដែលហ៊ាននិយាយរិះគន់ក្រុមគ្រួសារត្រកូលហ៊ុន នឹងមិនអាចរួចផុតពីការតាមចាប់ចងនោះឡើយ។
លោក សេង វណ្ណលី៖ «ករណី ហេង សិទ្ធី នេះគឺជាមេរៀនមួយពិចារណាពីព្រោះនៅពេលដែលប្រព័ន្ធយុត្តិធម៌មិនមានតម្លាភាព និងគណនេយ្យភាព និងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដូច្នេះការរិះគន់ទៅលើបុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គម ឬរិះគន់ទៅលើបុគ្គលដែលមានជាប់សាច់ឈាមរបស់ក្រុមមេដឹកនាំនយោបាយនៅកម្ពុជានេះវានឹងធ្វើឱ្យមានការប៉ះពាល់ដល់សុវត្ថិភាព និងអាចប្រឈមនឹងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ ប្រព័ន្ធយុត្តិធម៌របស់កម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ម្ដងហើយម្ដងទៀត និងការធ្លាក់ចុះនៃការអនុវត្តប្រព័ន្ធនីតិរដ្ឋរបស់កម្ពុជាធ្ងន់ធ្ងរ»។
លោក ហេង សិទ្ធី ជាប្រធានក្រុមហ៊ុន ម៉ារី ថាមគ្រុប (Maritime Group) និងជាអ្នកជំនួញលើវិស័យអចលនទ្រព្យ និងធនាគារ ធ្លាប់ផ្ដល់លុយ ១លានដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងផ្ដល់លុយចំនួន ១០ម៉ឺនដុល្លារឱ្យកាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុនរ៉ានី កាលពីឆ្នាំ២០២២។ លោកបានទម្លាយរឿងរ៉ាវអាស្រូវជាបន្តបន្ទាប់ទាក់ទងនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល និងអតីតអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជាដើមថា ពួកគេបានប្រព្រឹត្តអំពីពុករលួយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារក្រុមឧក្រិដ្ឋជននៅកម្ពុជា។ លោក ហេង សិទ្ធី ក៏បានទម្លាយបណ្ដឹងប្រឆាំងក្មួយបង្កើត លោក ហ៊ុន សែន និងត្រូវជាបងប្អូនជីដូនមួយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ថា បានបោកលុយលោក និងអ្នកជំនួញចិនអស់រាប់រយលានដុល្លារ និងជាអ្នកនៅពីក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រមូលលុយពីប្រជាពលរដ្ឋរាប់ពាន់នាក់ ប៉ុន្តែមិនផ្ដល់ដី និងផ្ទះឱ្យពលរដ្ឋ។
ទោះជាយ៉ាងណា បណ្ដឹងដែលលោក ហេង សីទ្ធី ប្ដឹងលោក ហ៊ុន តូ ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីដើមខែមករា រហូតមកដល់ពេលនេះ គ្មានស្ថាប័នពាក់ព័ន្ធណាបើកការស៊ើបអង្កេតចំពោះបុគ្គលដែលរងការចោទប្រកាន់នោះទេ៕