រដ្ឋសភា​​នឹង​​បោះឆ្នោត​​នៅថ្ងៃទី២៥ វិច្ឆិកា ដើម្បី​ជ្រើសរើស​​លោក ជាម យៀប ជា​​អនុប្រធាន​ទី១ ​រដ្ឋសភា​ជំនួស​​លោក ​​ងួន ញ៉ិល ដែល​បាន​​ទទួល​មរណភាព

0:00 / 0:00

រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ដើម្បី​បោះឆ្នោត​ជ្រើសរើស​លោក ជាម យៀប ជា​អនុប្រធាន​ទី១ នៃរដ្ឋសភា ជំនួស​លោក ​ងួន ញ៉ិល ដែល​បាន​ទទួល​មរណភាព។

តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភាលោក ជាម យៀប ប្រាប់​​កាសែត​ក្នុង​ស្រុក (ភ្នំពេញ​ប៉ុស្តិ៍) ថា ការ​ជ្រើស​តាំង​រូប​លោក​ជា​បេក្ខជន សម្រាប់​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជំនួស​លោក ងួន ញ៉ិល នេះ​ គឺ​ជា​រឿង​ធម្មតា ដើម្បី​បំពេញ​បន្ថែម​ឱ្យ​ស្រប​ទៅ​តាម​រចនាសម្ព័ន្ធ​របស់​រដ្ឋសភា។ លោក​ប្ដេជ្ញា​ថា លោក​នឹង​ជួយ​រដ្ឋសភា​កម្ពុជា​ឱ្យ​គោរព និង​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ និង​​បទដ្ឋាន​ដែល​ស្ដី​អំពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ។

ទាក់ទង​នឹង​ការ​ជ្រើស​តាំង​លោក ជាម យៀប នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​មួយ​ចំនួន​បាន​សាទរ និង​ថា ​លោក​ស័ក្ដិសម​បំផុត ព្រោះ​ជា​បុគ្គល​ដែល​បាន​ធ្វើជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន និង​មាន​ស្នាដៃ​ធំ​ជាច្រើន។ ប៉ុន្តែ​លោក ជាម យៀប កន្លង​មក​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ទាក់ទង​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អ្នក​បើក​រថយន្ត​របស់​លោក បាន​បើក​បុក​មនុស្ស ហើយ​បើក​រត់​គេច ដោយ​មិន​ចុះ​ជួយ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ប្រពន្ធ​ជន​រងគ្រោះ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់។ នៅ​ក្នុង​ហេតុការណ៍​នោះលោក ជាម យៀប ក៏​ជិះ​នៅ​ក្នុង​រថយន្ត​ដែល​បើក​រត់​នោះ​ដែរ។

ទាក់ទង​រឿង​សំណុំរឿង​គ្រោះថ្នាក់​នេះ មន្ត្រី​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ ​(CENTRAL)​ លោក ឃុន ថារ៉ូ យល់ថា នេះ​គឺ​ជា​តួនាទី​កំពូល​របស់​រដ្ឋ ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​មាន​តួនាទី​ក្នុង​ការ​អនុម័ត​ច្បាប់ និង​ធានា​នូវ​ការ​អនុវត្ត​ច្បាប់ ដែល​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ គួរ​តែ​ជា​បុគ្គល​ដែល​សក្ដិសម៖ «បើសិនជា​បុគ្គល​ដែល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​គាត់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​នូវ​បទល្មើស​ដែល​គាត់​បាន​ប្រព្រឹត្ត​ហើយ​ក្លាយ​ទៅ​ជា​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិ​បញ្ញត្តិ​មួយ​នោះ ខ្ញុំ​គិត​ថា​ វា​គឺជា​មិន​មាន​ភាព​ស័ក្ដិសម ហើយ​វា​បង្ហាញ​ទៅ​សាធារណៈ​ថា នៅ​ពេល​ដែល​បុគ្គល​មួយ​ដែល​មិន​មាន​ភាព​ស័ក្ដិសម ហើយ​ក៏​មានបទល្មើស​ហើយ​មិន​ត្រូវ​បាន តុលាការ​ឲ្យ​ស៊ើបអង្កេត​ហើយ​ផ្ដន្ទាទោស​ទៅ​ក្លាយ​ទៅ​ជា​ស្ថាប័ន​មួយ​ដែល​​ដឹកនាំ​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់ ដើម្បី​ប្រជាពលរដ្ឋ​ទូទៅ​គោរព​ និង​អនុវត្ត។ បទល្មើស​ព្រហ្មទណ្ឌ​មិន​អាច​ដោះស្រាយ​បញ្ចប់​ដោយ​ការ​សម្របសម្រួល​ជា​សំណង​រដ្ឋប្បវេណី​ទេ ទោះបី​ជា​ដោះស្រាយ​សម្របសម្រួល​សំណង​រដ្ឋប្បវេណី​ក៏​បទល្មើស​ព្រហ្មទណ្ឌ​បណ្ដឹង​អាជ្ញា​ហ្នឹង វា​នៅ​តែ​មាន​សុពលភាព​អ៊ីចឹង »

កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់លោក ជាម យៀប បាន​កើត​ឡើង​នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរសឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី រង​របួស​ធ្ងន់ និង​ប្រពន្ធឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ​ស្លាប់ ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

ក្រោយ​ពី​រថយន្ត​របស់​លោក​បុក​មនុស្ស​ស្លាប់ និង​ឱ្យ​របួស​មក លោក ជាម យៀប បាន​ដោះស្រាយ​ផ្ដល់​សំណង​ជា​លុយ​ជូន​ជន​រងគ្រោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ការ​ស៊ើបអង្កេត​ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​ឱ្យ​ស្រប​តាម​ច្បាប់​ចរាចរណ៍​កម្ពុជា​ទេ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់​លើក​ឡើង​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ និង​ចង់​បង្ហាញ​ថា លោក​ពិត​ជា​មាន​ឆន្ទៈ​បញ្ចប់​និទ្ទណ្ឌភាព​លើ​មន្ត្រី​ជាន់​ខ្ពស់​មែន​នោះ លោក ហ៊ុន សែន គួរ​ធានា​ថា ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បង្កើត​ឡើង ចំពោះ​ករណី​បុក​ហើយ​រត់ ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត លោក ជាម យៀប នេះ។

ផ្អែក​តាម​ច្បាប់​ចរាចរណ៍​កម្ពុជា លោក ជាម យៀប អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ ព្រោះ​ថា បើ​ទោះ​ជាលោក ជាម យៀប មិន​មែន​ជា​អ្នក​បើកបរ​ក្ដី ក៏​គាត់​បាន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដោយ​មិន​បាន​នាំ​យក​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​នីតិរដ្ឋ​នៅ​កម្ពុជា ចុះ​ទន់ខ្សោយ ​គឺ​ដោយសារ​តែ​អ្នក​មាន​លុយ និង​មាន​អំណាច ជា​រឿយៗ តែង​ផ្ដល់​ប្រាក់​ទៅ​ឱ្យ​​ជន​រងគ្រោះ ឬ​ពេល​ខ្លះ​គំរាម​កំហែង​ពួកគេ​ឲ្យ​នៅ​ស្ងៀមស្ងាត់ និង​មិន​ឱ្យ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​ដំណើរ​ការ​ស៊ើប​អង្កេត​​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។