លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា លោកមិនលើកលែងឲ្យអ្នកណាម្នាក់យកបញ្ហាជំងឺកូវីដ១៩ មកលេងសើចបង្ហោះតាមបណ្ដាញសង្គមនោះទេ។ មន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល មុនចាប់ចងចោទប្រកាន់ជនណាម្នាក់គឺ ត្រូវមានវិធានការអប់រំជាមុនសិន។
លោក ហ៊ុន សែន អះអាងថា ពេលនេះគ្មានអ្នកជំងឺកូវីដ១៩សម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែ លោកនៅតែបង្ហាញចំណាត់តឹងរ៉ឹងលើជនណាដែលលោកចោទប្រកាន់ប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម។ លោកក៏ព្រមានទៅអង្គការសង្គមស៊ីវិល និងស្ថានទូត កុំឲ្យចេញមកការពារអ្នកដែលសមត្ថកិច្ចចាប់ខ្លួនទាក់ទងករណីបង្ហោះសារទាំងនោះ។
លោក ហ៊ុន សែន លើកឡើងថា លោកមិនអាចទទួលបានឡើយពីលើអ្នកណាដែលយកបញ្ហាជំងឺកូវីដមកលេងសើច។ លោកថា ពេលនេះមិនទាន់ខ្វះគុកឃុំខ្លួនអ្នកបំពុលសង្គមទាំងនោះឡើយ៖ «បញ្ជាក់ចាប់ឲ្យខានតែបាន អ្នកណាចង់និយាយជាមួយសូមអញ្ជើញមក អង្គការសិទ្ធិមនុស្ស ឬអង្គទូតនានាចង់និយាយមក អ្នកឯងទទួលយកបានទេ នូវព័ត៌មានបំភ័យបែបនេះ ព្រោះរឿងនេះមិនមែនជារឿងលេងសើចទេ ការភ័យខ្លាចក្នុងសាធារណជនមិនមែនបញ្ចេញមតិទេ។ ខ្ញុំសូមបញ្ជាក់ ខ្ញុំសូមព្រមានទុកជាមុនអ្នកណាក៏ដែលយកបញ្ហាកូវីដទៅជាបញ្ហាលេងសើច បំពុលបរិយាកាសត្រូវបានចាប់ខ្លួន»។
លោក ហ៊ុន សែន ដូច្នេះ ក្នុងទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា។ លោកព្រមានបែបនេះក្រោយពេលលោកបានបញ្ជា ដោយផ្ទាល់ឲ្យសមត្ថកិច្ចចាប់ពលរដ្ឋម្នាក់នៅខេត្តត្បូងឃុំ ដែលបានបង្ហោះសារតាមបណ្ដាញសង្គមតិកតុក (TikTok) ថា មានមនុស្សស្លាប់ដោយជំងឺកូវីដនៅខេត្តកោះកុង។ លោក ហ៊ុន សែន ចោទប្រកាន់ថា ការបង្ហោះនេះជាប្រឌិតព័ត៌មាន។
ទាក់ទងការលើកឡើងរបស់លោក ហ៊ុន សែន នេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា និយាយថា អង្គការសង្គមស៊ីវិលមិនគាំទ្រការប្រឌិតព័ត៌មានបំពុលសង្គមនោះទេ។ លោកថា អ្នកការពារសិទ្ធិមនុស្ស រិះគន់ថា តែការអនុវត្តច្បាប់ណា ដែលបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ុណ្ណោះ៖ « ខ្ញុំយល់ថា អាចជាយល់ច្រឡំចំពោះកិច្ចការងាររបស់អង្គការសង្គមស៊ីវិល យើងរិះគន់ការអនុវត្តច្បាប់ទាំងឡាយណាដែលធ្វើឡើងពុំមានភាពត្រឹមត្រូវបើជាគាត់ ( ពលរដ្ឋ ) មានការខុសឆ្គងលើច្បាប់ណាមួយត្រូវអនុវត្តច្បាប់តាមនីតិវិធី ជៀសវាងការអនុវត្តច្បាប់រំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
ចំណែក ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លោកក៏មិនគាំទ្រអ្នកប្រឌិតព័ត៌មានដែរ ប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងផ្ដល់ឱកាសឲ្យពលរដ្ឋអាចបញ្ចេញមតិរបស់ខ្លួន។ អ្នកធ្វើការងារការពារសិទ្ធិមនុស្ស រូបនេះ ចង់ឃើញរដ្ឋាភិបាលមានការយោគយល់ដល់ពលរដ្ឋរបស់ខ្លួនដោយមុនអនុវត្តច្បាប់គួរមានការណែនាំជាមុនសិន៖ «យើងឃើញថា មានឧទាហរណ៍នៅក្នុងប្រទេសអភិវឌ្ឍន៍ដែលមានប្រជាធិបតេយ្យទូលំទូលាយនោះគឺថា ការអនុវត្តសិទ្ធិសេរីភាពទូលំទូលាយនោះគឺថា គេមិនចាប់ទោសអូសដំណើរអីរហូតដល់ពិសេសមិនមានចាប់ដាក់ខ្នោះ ឬដាក់ពន្ធនាគារដោយសារការបញ្ចេញគំនិតបែបហ្នឹងនេះទេ»។
ការព្រមាន និងការចាប់ខ្លួនពលរដ្ឋពេលនេះ ក្រោយពេលលោក ហ៊ុន សែន បានប្រកាសសារបន្ទាន់មួយកាលពីថ្ងៃទី២៨ ខែមិថុនា ថា ជំងឺកូវីដ១៩ ចាប់ផ្ដើមផ្ទុះក្នុងសហគមន៍ឡើងវិញ។ ទោះយ៉ាងណា របាយការណ៍របស់ក្រសួងសុខាភិបាលចុះផ្សាយថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ៣ករណី និងគ្មានមនុស្សស្លាប់នោះទេ។
អង្គការសង្គមស៊ីវិល តែងលើកឡើងជាញឹកញាប់ទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការបង្ក្រាបលើសេរីភាពបញ្ចេញមតិ និងសិទ្ធិទាំងឡាយរបស់ប្រជាពលរដ្ឋ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស រិះគន់ថា ពេលនេះសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិតកំពុងជួបហានិភ័យ ខណៈអាជ្ញាធរបានចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ករណីបង្ហោះសារតាមបណ្ដាញសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។