មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ណែនាំឱ្យចៅក្រម និងព្រះរាជអាជ្ញាចាត់វិធានការ ដោយគ្មានការលើកលែងករណីគ្រឿងញៀននៅមណ្ឌលកម្សាន្តរ៉ក់ (Rock)។ ការថ្លែងរបស់លោក ហ៊ុន សែន នេះស្របពេលដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក គិត ធាង ម្ចាស់អាជីវកម្មក្លឹបកម្សាន្តរ៉ក់ បណ្ដោះអាសន្ន ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជិត៥០ គីឡូក្រាម នៅក្លឹបកម្សាន្តរបស់លោក។
មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា ការចាត់វិធានការករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់នេះជាជំហានដំបូង ហើយអាជ្ញាធរនឹងឈានទៅចាត់ការនៅតាមកន្លែងផ្សេងទៀត៖ «ក៏ប៉ុន្តែករណីរ៉ក់ គឺជាករណីមិនគួរលើកលែងទេ ករណីរ៉ក់ត្រូវជីកទោះបីជាជីកជម្រៅប៉ុន្មានរយម៉ែត្រ ប៉ុន្មានម៉ឺនម៉ែត្រចុះទៅក្រោមដី ដើម្បីរកមេក្លោងក៏ត្រូវនៅតែត្រូវជីកឱ្យជ្រៅ រកឱ្យឃើញព្រោះការបំផ្លិចបំផ្លាញដែលចេញពីកន្លែងនេះគឺវាធំធេងពេក ធំធេងហួស។ បើតាមខ្ញុំដឹងនៅសល់មួយកន្លែងទៀត ឥឡូវវាសម្ងំ។ ពេលនោះបើបើកប្រតិបត្តិការម្ដង២កន្លែងគឺអាចចប់។ អ៊ីចឹងឯកឧត្ដម កែ គឹមយ៉ាន នៅទីនេះស្រាប់ដែលក្នុងប៉ុន្មានថ្ងៃនេះ គឺថាមានការចាប់រួចហើយមិនដឹងទៅណា ត្រូវតែឱ្យ ហ៊ុន សែន លូកដៃហើយ ខ្ញុំត្រូវលូកដៃហើយ»។
ចៅក្រមស៊ើបសួរ លោក សេង លាង សម្រេចឃុំខ្លួនលោក ឧកញ៉ា គិត ធាង បណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ថា ប៉េហ្ស៊ី (PJ)។ ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (ហ្វ្រេសញូវ) ចុះផ្សាយថា លោក គិត ធាង ត្រូវចោទប្រកាន់ពីបទចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្ដីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
លោក គិត ធាង ត្រូវបានចាប់ខ្លួន នៅក្នុងភូមិគ្រឹះក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក នៅព្រលប់ថ្ងៃទី១១ មីនា ក្រោយពេលមេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេតរកមេខ្លោងជួញដូរគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងបញ្ជាឱ្យតុលាការដំណើរនីតិវិធីឱ្យបានម៉ឺងម៉ាត់។
លោក គិត ធាង គឺជាឈ្មួញល្បីឈ្មោះម្នាក់នៅកម្ពុជា និងជាបងប្រុសបង្កើតរបស់លោក ឧកញ៉ា គិត ម៉េង ម្ចាស់អាជីវកម្មច្រើនវិស័យ និងមានការជួយជ្រោមជ្រែងពី លោក ហ៊ុន សែន។ លោក គិត ធាងធ្លាប់ធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរ ចំនួន៣ដងរួចមកហើយ ដើម្បីឈប់ផ្ដល់ ទីតាំងក្លឹបកម្សាន្តរ៉ក់ សម្រាប់ប្រមូលផ្ដុំ សេពគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ នេះមិនទាន់រាប់បញ្ចូលករណីបាញ់បោះ ច្រើនលើក ច្រើនសា និងករណីបែកធ្លាយវីដេអូ អាសអាភាស ជាច្រើនឃ្លីប ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កន្លងមកនោះទេ។ វីដេអូខ្លះ មានឃើញ យុវជនស្លៀកសំលៀកបំពាក់សិស្សសាលាទៀតផង។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា អ្វីដែលត្រូវផ្ដោតគឺកម្ទេចក្រុមកាងការពារឧក្រិដ្ឋកម្មគ្រឿងញៀននេះ៖ «បើជាប់ដល់មន្ត្រីថ្នាក់ប៉ុណ្ណាក៏ត្រូវតែធ្វើដែរ នៅទីនេះខ្ញុំធ្លាប់និយាយហើយថា កុំអ្នកសង្ឃឹមថាត្រឹមពាក់ផ្កាយដែលខ្ញុំដកមិនបាន អ្នកឯងពាក់លោកខែ ក៏ខ្ញុំដកបានដែរ អត់មានអំណាចណាឱ្យតែតុលាការស៊ើបអង្កេត គ្រប់គ្រាន់ហើយ កុំឱ្យនរណាមកជើងកាង។ ទោះបីជើងកាងចេញម៉ោមួយកងពលក៏ដោយក៏ត្រូវខ្ញុំវាយកម្ទេចចោលទាំងអស់។ ដូច្នេះក្រុមគ្រឿងញៀនត្រូវតែមើលឱ្យច្បាស់ យើងត្រូវចាប់ផ្ដើមពីរ៉ក់នេះមួយ ដើម្បីបង្ហាញថា មិនមែនគ្រាន់តែចាប់អាតូចតាចទេ អាមេខ្លោងធំប៉ុណ្ណាក៏ដោយ ទោះបីក្នុងវិស័យឯកជន ឬក្នុងរដ្ឋ អ្ហែងមានលុយប៉ុណ្ណាក៏ដោយអ្ហែងសក្ដិធំប៉ុណ្ណាក៏ដោយវាយទាំងអស់»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ស្វាគមន៍ចំណាត់ការរបស់សមត្ថកិច្ចក្នុងការស្វែងរកមេខ្លោងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងស្នើសុំឱ្យបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតព្រោះ អាចមានអ្នកមានអំណាច ឬអាជ្ញាធរខ្លះជួយជ្រោមជ្រែង ឬលាក់បាំងករណីនេះ ទើបករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ អាចលាក់បាំងបានច្រើនឆ្នាំ៖ «ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរ ឬក៏សមត្ថកិច្ចដទៃទៀត ក៏ត្រូវតែរកដែរបាទ។ ម្យ៉ាងវិញទៀត ដើម្បីកុំឱ្យគេចោទប្រកាន់ទៅដល់ អាជ្ញាធរផង ហើយម្យ៉ាងវិញទៀត ដើម្បីធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ចហ្នឹង កាន់តែមានកិត្តិយសផង ក្នុងការធ្វើកិច្ចការបម្រើជាតិ»។
នៅក្រោយពេលសមត្ថកិច្ចបង្ក្រាបក្លឹបកម្សាន្តរ៉ក់ និងឃាត់ខ្លួន មនុស្សជាង៣រយ (៣១១) នាក់ ទៅស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចអះអាងថា បានរកឃើញក្លឹបកម្សាន្តរាត្រី និងបារបារាំង ជាង១ពាន់ (១.២០០)កន្លែង នៅភ្នំពេញ ជាកន្លែងប្រមូលផ្ដុំរបស់យុវជន សេពគ្រឿងញៀន។ សមត្ថកិច្ចមិនបានចាត់វិធានការច្បាប់ទេ គ្រាន់តែឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តរាត្រី និងបារបារាំងទាំងជាង១ពាន់ ២រយ កន្លែងធ្វើកិច្ចសន្យាបញ្ឈប់ឱ្យមានគ្រឿងញៀន ក្នុងទីតាំងខ្លួន តទៅទៀត។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី យល់ថា សមត្ថកិច្ចគួរបង្ក្រាបទីតាំងទាំងនោះ ដូចករណីនៅក្លឹបកម្សាន្តរ៉ក់ដែរ ដើម្បីកុំឱ្យក្លាយជាកន្លែងប្រមូលផ្ដុំសេពគ្រឿងញៀន។ លោក ស ម៉ូរី បន្តថា បើត្រឹមធ្វើកិច្ចសន្យាគ្មានប្រសិទ្ធភាពទេ។ ក្រៅពីបង្ក្រាបតាមច្បាប់ បណ្ដាញយុវជន ស្នើសុំឱ្យ សមត្ថកិច្ចអនុវត្តតឹងរ៉ឹងបំផុត លើក្លឹបកម្សាន្តរាត្រី និងបារបារាំងទាំងអស់ ជៀសវាងករណីមិនរាងចាល៖ «រាជរដ្ឋាភិបាល គឺត្រូវតែមានកងកម្លាំងឯករាជ្យរបស់ខ្លួន ហើយចុះធ្វើការត្រួតពិនិត្យ។ ចុះធ្វើអធិការកិច្ចជាប្រចាំចំពោះក្លឹបកម្សាន្តទាំងអស់ ហើយករណីប្រសិនជារដ្ឋាភិបាលប្រទះឃើញក្លឹបណាមួយ មានការជួញដូរគ្រឿងញៀន ត្រូវចាប់អ្នកជួញដូរ និងម្ចាស់អាជីវកម្មផ្ដន្ទាទោសតាមច្បាប់»។
ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ មាត្រា៤៤ ចែងក្នុងន័យថា អំពើជួលទីកន្លែង ផ្ដល់ទីកន្លែង ឬ អំពើផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្ដន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និង ពិន័យជាប្រាក់ពី ១០លានរៀលទៅ ២០លានរៀល។
ទាក់ទងនឹងសំណុំបង្ក្រាបគ្រឿងញៀននៅមណ្ឌលកម្សាន្តរ៉ក់ និងការឃុំខ្លួន លោក គិត ធាង នេះអ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុករឿងនេះថា ជាប់ពាក់ព័ន្ធនឹងនយោបាយ និងថាមិនមែនជាការអនុវត្តច្បាប់ពិតប្រាកដឡើយ៕
