លោក ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញបើកឱ្យមានទោសប្រហារជីវិតអ្នករំលោភកុមារី
2019.03.10
លោក ហ៊ុន សែន មានបំណងចង់កែរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅបង្កើតច្បាប់កាត់ទោសប្រហារជីវិតចំពោះជនរំលោភលើកុមារី។ សង្គមស៊ីវិលមួយចំនួន មិនគាំទ្រគំនិតលោក ហ៊ុន សែន នោះទេ ប៉ុន្តែជំរុញឱ្យ របបសព្វថ្ងៃត្រូវតែពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងលុបបំបាត់គ្រឿងញៀន រឿងអាសអាភាស ឈប់ផ្សព្វផ្សាយគ្រឿងស្រវឹង និងរកវិធានការទប់ស្កាត់ ដើមហេតុផ្សេងៗទៀតដែលនាំឱ្យមាន អំពើរំលោភសេពសន្ថវៈ។
ការបង្ហាញបំណងបង្កើតច្បាប់កាត់ទោសប្រហារជីវិតអ្នករំលោភសេពសន្ថវៈលើកុមារី នេះ គឺធ្វើឡើងពេលដែលលោក ហ៊ុន សែន និងភរិយា ចុះទៅសួរសុខទុក្ខកុមារីនិងយុវតី នៅក្នុងអង្គការអាហ្វេស៊ីប (AFESIP) នៅថ្ងៃទី១០ ខែមីនា ដែលកុមារី និងយុវតីទាំងនោះ សុទ្ធតែជាជនរងគ្រោះដោយសារការរំលោភផ្លូវភេទ។
ក្រោយពេលស្ដាប់កុមារីរងគ្រោះរៀបរាប់ពីអតីតកាលដ៏ឈឺចាប់របស់ពួកគេនោះ លោក ហ៊ុន សែន និងភរិយារបស់លោក បានស្រក់ទឹកភ្នែក និងបានថ្លែងថា លោកបានជជែកជាមួយភរិយារួចហើយថា លោកមានគំនិតចង់ផ្ដួចផ្ដើមឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកឱ្យមានទោសប្រហារជីវិត ចំពោះជនដែលមានសន្តានជាសត្វតិរច្ឆានប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ការកែរដ្ឋធម្មនុញ្ញលើកនេះ លោកមិនប្រើអំណាចខ្លួនឯងនោះទេ គឺត្រូវធ្វើឡើង តាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៖ «ជីតារំលោភចៅឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូនអាហ្នឹង គឺជានៅក្នុងការគិតរបស់តា។ បើសិនជាករណីនេះវារីករាលដាលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឈានទៅដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញ អាចនឹង ត្រូវធ្វើ ប៉ុន្តែត្រូវឆ្លងកាត់ប្រជាមតិ ព្រោះតាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយ ដែលកើតនៅក្នុងសង្គមខ្មែរយើង»។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនេះក្រុមកុមារីរងគ្រោះនោះ ពួកគេបានរៀបរាប់ពីការឈឺចាប់របស់ខ្លួន ប្រាប់លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ថា ពួកគេបានរងនូវអំពើហិង្សាចាប់រំលោភ ពីសំណាក់អ្នកភូមិមួយចំនួន ជីតា និងឪពុក របស់គេ ជាដើម ហើយកុមារីខ្លះទៀត ត្រូវម្ដាយលក់ទៅឱ្យគេថែមទៀត៖ «ខ្ញុំត្រូវបានឪពុកចាប់រំលោភហើយគាត់ប្រើហិង្សាលើម្ដាយរហូតដល់ស្លាប់ហើយខ្ញុំត្រូវបានឆ្លងជំងឺពីគាត់»។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប(AFESIP) ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្ដល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយ ការរំលោភសេពសន្ថវៈ។ មជ្ឈមណ្ឌលនេះមានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្ត ចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្ដុះបណ្ដាលផ្សេងៗ ៨៩នាក់។
ទោះជាបែបណាក្តី អង្គការសង្គមស៊ីវិលមួយចំនួន មិនគាំទ្រគំនិតរបស់លោកហ៊ុន សែន ដែលចង់បើកឱ្យមានទោសប្រហារជីវិតនោះទេ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្ពុជា សម្រេចមិនឱ្យមានទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែកម្ពុជា មានច្បាប់ដាក់ទោសអស់មួយជីវិត។ លោកបន្តថារដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិមិនអាចចេះតែធ្វើវិសោធនកម្មតាមអំពើចិត្តនោះទេ៖ «សំខាន់បំផុតគឺថាច្បាប់ដែលយើងមានស្រាប់នេះត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពហើយ តុលាការមានឯករាជ្យភាពនៅក្នុងការសម្រេចអង្គសេចក្ដីហើយទោសដែលធ្ងន់ធ្ងរនឹងបើថា អស់មួយជីវិតត្រូវដាក់អស់មួយជីវិតទៅវាក៏ជា ល្អប្រសើរដែរ។ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងទោសប្រហារជីវិតនេះគឺវាអាចប៉ះពាល់ដល់បទឧក្រិដ្ឋនិងបទល្មើសធ្ងន់ធ្ងរមួយចំនួន ក៏ត្រូវមានទោសនេះដូចគ្នាដែរ។ អ៊ីចឹងបើមានទោសនេះដូចគ្នាដែរគឺវាមានបញ្ហាផ្សេងៗ អាចកើតឡើង»។
លោក អំ សំអាត បន្តថា មូលហេតុដែលបណ្ដាលឱ្យមានបទល្មើសចាប់រំលោភលើកុមារីនេះ គឺមិនមែនដោយសារខ្វះច្បាប់កាត់ទោសប្រជាជីវិតនោះទេ ប៉ុន្តែបណ្ដាលមកពីការអនុវត្តច្បាប់ដែលមានស្រាប់នូវធូរលុង និងទម្លាប់បញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយអំពើពុករលួយ ការបន្ថយទោសពីធ្ងន់មកស្រាល និងមានទម្លាប់បណ្ដោយឱ្យជនល្មើសរួចខ្លួនជាដើម។ លើសពីនេះ បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងវីដេអូអាសអាភាស ក៏កំពុងរីករាលដាលគ្រប់ច្រកល្ហកផងដែរ ខណៈយន្តការ ទប់ស្កាត់ និងការផ្សព្វផ្សាយអប់រំនៅមានកម្រិតទាបនៅឡើយ៖ «កុំឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ អ្នកដែលប្រព្រឹត្តត្រូវតែធានាថា ត្រូវបញ្ជូនទោតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ជៀសវាងការដោះស្រាយ ឬសម្របសម្រួលណាមួយក្រៅប្រព័ន្ធតុលាការ។ បញ្ហាទី២ រដ្ឋាភិបាលត្រូវសម្រួលមានន័យថា អាជ្ញាធរសម្រួលក្នុងការធ្វើកោសល្យវិច័យដោយមិនយកកម្រៃ។បញ្ហាទី៣ រដ្ឋាភិបាលត្រូវទប់ស្កាត់បញ្ហារឿងអាសអាភាស។ បញ្ហាទី៤ រដ្ឋាភិបាល ត្រូវអប់រំផ្សព្វផ្សាយបានយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើស»។
របាយការណ៍របស់អង្គការលីកាដូ (Licadho) បានឱ្យដឹងថា មានករណីរំលោភសេពសន្ថវៈ និងការប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន ៧៦២ករណី បានកើតឡើងក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តចំនួន១២ទៀត ដែលអង្គការលីកាដូមានទីស្នាក់ការ។
របាយការណបញ្ជាក់ថា មួយភាគបីនៃករណីទាំងនោះត្រូវបិទសំណុំរឿងមុនពេលបើកសវនាការ ហើយករណីរំលោភសេពសន្ថវៈជាងពាក់កណ្តាលត្រូវបានដោះស្រាយដោយជនល្មើសបង់ប្រាក់សំណងឱ្យជនរងគ្រោះដើម្បីបញ្ចប់រឿងក្តី ឬដោយការរៀបអាពាហ៍ពិពាហ៍រវាងជនរងគ្រោះ និងជនសង្ស័យ។
ក្នុងចំណោមករណីរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន ៧៦២ករណី មាន៥៣៧ករណីដែលជនរងគ្រោះជាកុមារមានអាយុតិចជាង១៨ឆ្នាំ។ ក្នុងនោះ ៣២៨ករណីពាក់ព័ន្ធនឹងកុមាអាយុពី ១២ ទៅ ១៧ឆ្នាំ។
យោងតាមច្បាប់កម្ពុជា ការរំលោភសេពសន្ថវៈជាបទល្មើសព្រហ្មទណ្ឌដែលជនល្មើសត្រូវប្រឈមនឹងបណ្ដឹងអាជ្ញាដែលមិនអាចរលត់ដោយការសម្រុះសម្រួល ឬសងជាសំណងរដ្ឋប្បវេណីបានទេ។
ក្រុមកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីប រៀបរាប់ថា ក្រោយរងគ្រោះដោយ ការរំលោភរួចគឺកុមារីមួយចំនួន មិនដែលទទួលបានយុត្តិធម៌ និងទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យភ្លាមនោះទេ ព្រោះតែជីវភាពខ្វះខាត។ កុមារីទាំងនេះ បន្តថា ពួកនាង បានរស់នៅវេទនា បែកបាក់គ្រួសារ និងឯកាបំផុតអស់រយៈពេលច្រើនឆ្នាំមកហើយ៖ «សូមសំណូមពរទៅកាន់លោកតា និងលោកយាយ សូមដាក់ទោសធ្ងន់ទៅលើជនល្មើស ដែលរំលោភបំពានផ្លូវភេទកុមារ និងជូញដូរកុមារ។ ចៅសង្ឃឹមថា នឹងលែងមានជនល្មើសរំលោភបំពានលើកុមារទៀត ព្រោះពួកគាត់អត់ដឹងអី»។
ករណីរំលោភសេពសន្ថវៈនៅតែជាបញ្ហាចោទដ៏គួរឱ្យបារម្ភសម្រាប់ប្រទេសកម្ពុជា ដោយសារមានការទាក់ទិននឹងអំពើពុករលួយ និងភាពចន្លោះប្រហោងក្នុងការអនុវត្តច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន ហាក់ដូចជាមិនបានដឹងពីឫសគល់នៃករណីទាំងនេះទេ។ លោក ហ៊ុន សែន ក៏បានបង្ហាញនូវវិប្បដិសារី ដែលពេលកន្លងមកលោកបានមើលរំលងក្រុមកុមារី និងយុវតីរងគ្រោះ ដូចជានៅអង្គការអាហ្វាស៊ីប នេះជាដើម៕