រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃចាត់​ទុក​អ្នក​រិះគន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ស្មើ​នឹង​ប្រមាថ​អាយុ​ជីវិត​ពលរដ្ឋ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រតិកម្ម ចំពោះ​អ្នក​រិះគន់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថា មាន​ចេតនា​នយោបាយ និង​ប្រមាថ​អាយុ​ជីវិត​ប្រជាពលរដ្ឋ។ ការ​បញ្ចេញ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០២០ នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​កក្កដា​។ អង្គការ​សង្គម​ស៊ីវិល​ យល់ថា ​លោក​ ស ខេង ​មិន​គួរ​ចោទ​ប្រកាន់​ដូច្នេះ​ទេ​ ព្រោះ​ការ​រិះ​គន់​កន្លងមក សុទ្ធតែ​ដើម្បី​ចូលរួម​កែ​លម្អ​ចំណុច​ខ្វះខាត​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ស ខេង ថ្លែង​ថា គោល​បំណង​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ គឺ​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ ហើយ​លោក​អះអាង​ថា ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា សមត្ថកិច្ច​នឹង​មិន​ផាក​ពិន័យ​ឡើយ។

ទន្ទឹមគ្នានេះ លោក ស ខេង បាន​ហៅ​អ្នក​ដែល​រិះគន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ក្នុង​អំឡុង​កាល​មាន​កូវីដ១៩ ថា គ្រាន់​តែ​ជា​លេស មាន​ចេតនា​នយោបាយ និង​ប្រមាថ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​៖ «មក​ទល់​ពេល​នេះ​ អ្នក​មាន​ជំងឺ​កូវីដ ១៤០ជាង មិន​ទាន់​មាន​អ្នកណា​មួយ​ស្លាប់​ទេ​ ប៉ុន្តែ​បើ​យើង​ងាក​មក​មើល​ចរាចរណ៍​​ សួរ​ថា​មួយ​ថ្ងៃ​ស្លាប់​ប៉ុន្មាន។ អ៊ីចឹង​អ្នក​យក​បញ្ហា​ហ្នឹង​មក​គ្រាន់​តែ​ជា​លេស​ ដោយ​មិន​ធ្វើ​ការ​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​ ប្រែ​មក​ថា ​ហាក់​ដូចជា​មាន​ ខ្ញុំ​ប្រើ​ពាក្យ​ហាក់​ដូច​ជា​មាន​ចេតនា ដើម្បី​ទុក​ឲ្យ​ ប្រជាជន​ស្លាប់​ត​ទៅ​ទៀត​ដោយ​សារ​ចរាចរណ៍ »

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​លោក ស ខេង នេះ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​ គង់​ រតនៈ ​លើក​ឡើង​ថា​ អ្នក​រិះ​គន់ គ្មាន​ចេតនា​អាក្រក់​ដូច​ការ​ចោទ​ប្រកាន់​នោះ។ ​លោក គង់ រតនៈ ​មើល​ឃើញ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​នេះ ​ប្រការ​ទី១ គឺ​ស្ថិត​ក្នុង​ដំណាក់​កាល កូវីដ ១៩ ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​ដើរ​ទៅ​ណា​ឆ្ងាយ​ ។ ប្រការ​ទី២​​គឺ​ដោយ​សារ​ខ្លាច​ការ​បង់​ពិន័យ​ចរាចរ​ធ្ងន់ធ្ងរ ​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​រូប​នេះ បញ្ចេញ​ទស្សនៈ​ថា​ ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ មាន​ប្រសិទ្ធភាព​នោះ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ទាំង​ការ​អប់រំ​ ទាំង​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លា​ភាព​ជាដើម៖ «អ៊ី ចឹង​ការ​រឹត​បន្តឹង​ច្បាប់​ហ្នឹង គឺ​ជា​វិធីសាស្ត្រ​សំខាន់​ណាស់ ក៏​ប៉ុន្តែ​ពីរ​ត្រីមាស​ហ្នឹង​យើង​កំពុង​មមាញឹក ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូវីដ​ផង ហើយ​ប្រជា​រាស្ត្រ​មួយ​ចំនួន​ហ្នឹង បើ​មិន​ចាំបាច់​គាត់​មិន​ចេញ​ពី​ផ្ទះ​ទេ អ៊ីចឹង​បាន​យើង​មើល​ឃើញ​ថា សកម្មភាព​ចរាចរណ៍​របស់​យើង​ហ្នឹង​វា​រាង​ស្រាល​ជាង​មុន។ វិធាន​នៃ​ការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នេះ យើង​ត្រូវ​ធ្វើ​ទាំង​ការ​អប់រំ​ផ្សព្វផ្សាយ ទាំង​ការ​កែ​សម្រួល​ផ្លូវ​ថ្នល់ ក៏​ដូចជា​ការ​រឹត​បន្តឹង​ផ្លូវ​ច្បាប់ »

របាយការណ៍​បូក​សរុប​លទ្ធ​ផល​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ ថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២០ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ ១.៦១៩ករណី ក្នុង​នោះ​អ្នក​រង​របួស​ ២.៤៤៩) នាក់ និង​មាន​អ្នក​ស្លាប់​ ៨៦១នាក់។ បើ​ប្រៀប​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ជាង​ប្រាំ​រយ​ករណី៥៥២ ​ស្មើនឹង ២៥%៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។