ក្រសួងមហាផ្ទៃសម្រេចលុបចោលគម្រោងពន្ធនាគារ VIP ក្រោយរងការរិះគន់ខ្លាំងពីក្រុមអ្នកការពារសិទ្ធិមនុស្ស។ ការសម្រេចនេះ ស្របពេលដែលពន្ធនាគារ VIP ជិតនឹងបញ្ចប់ការសាងសង់នៅពេលឆាប់ៗខាងមុខ។ ក្រុមអ្នកការពារសិទ្ធិមនុស្សស្វាគមន៍ការសម្រេចរបស់ក្រសួងមហាផ្ទៃនេះ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេស្នើយ៉ាងទទូចឱ្យក្រសួងមហាផ្ទៃដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនគារ និងធ្វើឱ្យពន្ធនាគារក្លាយជាមណ្ឌលអប់រំកែប្រែពិតប្រាកដ។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៥ កក្កដាថា ក្រសួងសម្រេចបោះបង់ចោលគម្រោងពន្ធនាគារឯកជន ដោយសារបារម្ភខ្លាចប៉ះពាល់ដល់សន្តិសុខសាធារណៈ ព្រោះក្រុមឧក្រិដ្ឋជនមួយចំនួនអាចនឹងចំណាយលុយដើម្បីស្នាក់នៅកន្លែងថ្មីនេះ។ លោកបញ្ជាក់ថា ពន្ធនាគារ VIP ដែលជិតនឹងបញ្ចប់ការសាងសង់នេះ នឹងត្រូវប្រើជំនួសឱ្យពន្ធគាររាជធានីភ្នំពេញ ឬប៉េស៊ី (PJ) ហើយទីតាំងពន្ធនាគារ PJ នឹងត្រូវប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ៖ «មកដល់ពេលនេះ យើងឃើញថា ឧក្រិដ្ឋជនគ្រឿងញៀនវាកើន វាមានទាំងអ្នករក្សាទុកផង វាមានទាំងអ្នកជួញដូរផង ហើយជួញដូរខ្លះវាកម្រិតតួចតាច ជួញដូរខ្លះវាកម្រិតខ្ពស់ អាកម្រិតមេខ្លោង។ ហើយដល់ពួកហ្នឹងវាប្រើលុយអ៊ីចឹងទៅ។ អ៊ីចឹងបើយើងអនុញ្ញាតឱ្យវាមានបញ្ហាហ្នឹងតទៅទៀត វាអាចប៉ះពាល់ដល់ការងារសន្តិសុខសាធារណៈ ដែលសម្ដេច ( ស ខេង ) លោកខ្វាយខ្វល់ហ្នឹង ទើបបានជានៅក្នុងអង្គប្រជុំព្រាងប្រកាសស្ដីពីការបង្កើតពន្ធនាគារព្រៃសខែមុនហ្នឹង ក៏ភ្លាមៗ ហ្នឹង លោកសម្រេចផ្ដល់ជាអនុសាសន៍ ហើយនិងគោលការណ៍ថា មិនគួរឱ្យបន្តមានទៀតទេ»។
ពន្ធនាគារឯកជន ឬដែលអ្នកខ្លះហៅថា ពន្ធនាគារទំនើប (VIP) មានទីតាំងនៅក្រោយពន្ធនាគារព្រៃស។ ពន្ធនាគារនេះ វិនិយោគដោយក្រុមហ៊ុនឯកជនឈ្មោះ គន្ធ រីខុន ហូលឌីង (Kunn Rekon Holdings) ក្នុងទំហំទឹកប្រាក់ ៤លានដុល្លារអាមេរិក ក្រោមកិច្ចសន្យារយៈពេល ៤៥ឆ្នាំ។ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
លោក នុត សវនា ថ្លែងថា លោកមិនបានដឹងពីរឿងផ្តល់សំណងឱ្យក្រុមហ៊ុនឡើយ ព្រោះនេះជាការសម្រេចរបស់ថ្នាក់ដឹកនាំ ក៏ប៉ុន្តែលោកជឿជាក់ថា រដ្ឋាភិបាលនឹងផ្តល់សំណងសមរម្យជូនដល់ក្រុមហ៊ុនវិញ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការបញ្ជាក់បន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី១៥ កក្កដា ដោយលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែ លោកបានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា ក្រសួងនឹងគិតគូពីការចំណាយទៅឱ្យភាគីក្រុមហ៊ុនវិញ ចំពោះការសាងសង់ និងការរៀបចំតម្លើងសម្ភារៈបរិក្ខារផ្សេងៗ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលនឹងត្រូវសងត្រឡប់ទៅក្រុមហ៊ុនវិញឡើយ។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្វាគមន៍ការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារពន្ធនាគាររបៀបនេះ អាចនាំមកនូវបញ្ហាជាច្រើនទាំងលើទិដ្ឋភាពច្បាប់ និងសិទ្ធិមនុស្ស។
នាយករងទទួកបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ពន្ធនាគារ VIP នឹងបង្កើនការរើសអើងនៅកន្លែងឃុំឃាំង ព្រោះអ្នកមានទ្រព្យធននឹងនាំគ្នាទៅស្នាក់កន្លែងបន្ទប់ដែលមានផាសុកភាព និងមានស្តង់ដារខ្ពស់ ខណៈអ្នកដែលមានជីវភាពក្រីក្រត្រូវបន្តជាប់ឃុំក្នុងបន្ទប់ចង្អៀតណែន។ បន្ថែមពីលើនេះ លោកថា ការបង្កើតពន្ធនាគារ VIP មានន័យស្មើនឹងការគាំទ្រការប្រព្រឹត្តបទល្មើសយ៉ាងដូច្នេះដែរ ព្រោះក្រុមឧក្រិដ្ឋជនធំៗ នឹងមិនខ្លាចញញើតក្នុងការប្រព្រឹត្តបទល្មើសនោះឡើយ ដោយពួកគេនឹងប្រើលុយបានមកពីបទល្មើស ដើម្បីជួលបន្ទប់ឃុំឃាំង ដែលមានលក្ខណៈទំនើបនេះ៖ «យើ ងស្វាគមន៍ការលុបចោលគម្រោងពន្ធនាគារឯកជន ពីព្រោះពន្ធនាគារឯកជន ឬ VIP នេះ ផលចំណេញវាមានតិចណាស់ ប៉ុន្តែផលអវិជ្ជមាន និងផលប៉ះពាល់ហ្នឹងវាច្រើន។ វាបង្កើតជាវប្បធម៌មួយដែលមិនឱ្យរាងចាល។ អ្នកដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋដូចជា គ្រឿងញៀន ចោរប្លន់ សុទ្ធតែអ្នកមានលុយ អ៊ីចឹងគាត់មិនខ្លាចអីប្រព្រឹត្ត ហើយគាត់ទៅបានពន្ធនាគារ VIP ទៀត ហើយស្រួលមិនស្រួល គ្រប់គ្រងមិនបានគាត់យកកន្លែងហ្នឹងធ្វើជាទីបញ្ជាការជួញដូរគ្រឿងញៀន ឬក៏បង្រៀនបទល្មើសឧក្រិដ្ឋបន្ថែមទៀត»។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះកត់សម្គាល់ថា បើទោះបីជាមិនមានពន្ធនាគារ VIP ក្តី ក៏អ្នកមានលុយមានអំណាចមួយចំនួនដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ នៅតែអាចស្នាក់នៅខាងក្រៅមន្ទីរឃុំឃាំងដដែល ដោយពួកគេបានទៅស្នាក់នៅបន្ទប់ឯកជនពិសេសនៅតាមមន្ទីរពេទ្យ។ អ្នកទាំងនោះ មានដូចជា ឧកញ៉ា ថោង សារ៉ាត់ ជាប់សង្ស័យថាបានបញ្ជាឱ្យសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ឧកញ៉ា គិត ធាង បងប្រុសលោក គិត ម៉េង ដែលជាប់សង្ស័យរឿងជួញដូរគ្រឿងញៀនក្នុងមជ្ឈមណ្ឌល រ៉ក់ (Rock) និងក្រុមក្មួយៗរបស់លោក ហ៊ុន សែន ដែលត្រូវបានផ្តន្ទាទោសរឿងបាញ់បោះដោយសេរីជាដើម។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុក (ADHOC) លោក នី សុខា ថ្លែងថា លោកគាំទ្រការសម្រេចរបស់ក្រសួងមហាផ្ទៃនេះ ព្រោះលោកមើលឃើញថា ការបង្កើតពន្ធនាគារឯកជននឹងនាំឱ្យមានការបែងចែកប្រភេទអ្នកទោសក្រីក្រ និងអ្នកទោសមានទ្រព្យសម្បត្តិ ស្របពេលដែលច្បាប់គ្មានការកំណត់បែបនេះឡើយ។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សដែលធ្លាប់ជាប់ពន្ធនាគារដោយហេតុផលនយោបាយរូបនេះបញ្ជាក់ថា រដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយពន្ធនាគារឱ្យទៅជាមណ្ឌលអប់រំកែប្រែពិតប្រាកដ ព្រោះបច្ចុប្បន្ននេះ មន្ទីរឃុំឃាំងស្ទើរគ្រប់កន្លែងមិនមែនជាកន្លែងអប់រំកែប្រែឡើយ ប៉ុន្តែជាកន្លែងបំពាក់បំប៉នជំនាញទុច្ចរឹតសម្រាប់អ្នកជាប់ឃុំមួយចំនួនទៅវិញ៖ «ការលុបចោលគម្រោងហ្នឹង ជារឿងមួយដែលគួរឱ្យអបអរដែរ ក៏ប៉ុន្តែគ្រាន់ថា រដ្ឋាភិបាលត្រូវតែខិតខំ ឬក៏យកថវិកា ឬក៏យកធនធានដែលរដ្ឋមាន ទៅកែលម្អនៅពន្ធនាគារទូទាំងប្រទេស ដែលសព្វថ្ងៃយើងឃើញថា មិនទាន់មានលក្ខណៈសមរម្យ សក្ដិសមទៅនឹងអ្វីដែលគេហៅថា ជាមណ្ឌលកែប្រែនោះ»។
កម្ពុជាមានពន្ធនាគារសរុបចំនួន ២៨កន្លែង ដែលមានអ្នកជាប់ឃុំចំនួនជាង ៣ម៉ឺននាក់ ក្នុងនោះទណ្ឌិតមានប្រមាណ ៩ពាន់នាក់ ក្រៅពីនេះសុទ្ធសឹងជាអ្នកជាប់ឃុំដែលកំពុងរង់ចាំនីតិវិធីតុលាការ។ ចំនួនអ្នកជាប់ឃុំបានកើនឡើងជាលំដាប់ បន្ទាប់ពីរបបក្រុងភ្នំពេញអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿនញៀន ចាប់តាំងពីដើមឆ្នាំ២០១៧ រហូតមក។ ការកើនឡើងនៃអ្នកជាប់ឃុំក្នុងបទល្មើសគ្រឿងញៀន បូករួមទាំងភាពយឺតនៃការអនុវត្តនីតិវិធីជម្រះក្តីជនជាប់ចោទផងនោះ បានធ្វើឱ្យពន្ធនាគារទូទាំងប្រទេសកាន់តែចង្អៀតណែន។
មេដឹកនាំរបបក្រុងភ្នំពេញបានទទួលស្គាល់ថា ស្ថានភាពចង្អៀតណែននេះ បានក្លាយជាឧបសគ្គសម្រាប់របបក្រុងភ្នំពេញ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាព និងផ្តល់សេវាចាំបាច់នានា នៅតាមពន្ធនាគារ ហើយនេះក៏ជាឧបសគ្គរាំងស្ទះដល់ការអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចជាអន្តជាតិ ស្របតាមអនុសញ្ញាប្រឆាំងទារុណកម្មផងដែរ។
ស្ថានភាពចង្អៀតណែននេះ ក៏បង្កការលំបាកសម្រាប់មន្ត្រីពន្ធនាគារផងដែរ ដោយចំនួនអនុរក្សពន្ធនាគារ មិនសមាមាត្រនឹងចំនួនអ្នកជាប់ឃុំ។ តួយ៉ាងដូចជានៅពន្ធនាគារព្រៃសជាដើម មន្ត្រីអនុរក្សពន្ធនាគារម្នាក់ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំជាង ៣០នាក់ ខុសពីស្តង់ដារកំណត់ ដែលអនុរក្សពន្ធនាគារម្នាក់ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំតែ ៦នាក់ប៉ុណ្ណោះ។
ក្រុមអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធររបបក្រុងភ្នំពេញដាក់ចេញនូវយន្តការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ។ យន្តការទាំងនោះមានជាអាទិ៍ ការពិចារណាឱ្យបានហ្មត់ចត់មុននឹងសម្រេចឃុំខ្លួនជនណាម្នាក់ ការបង្កើតឱ្យមានទោសសហគមន៍ និងការប្រែក្លាយពន្ធនាគារឱ្យទៅជាមណ្ឌលអប់រំកែប្រែពិតប្រាកដជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
