គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បដិសេធ​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ករណី​ស្លាប់​បុរស​ម្នាក់​ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បដិសេធ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ពេល​ប៉ូលិស ចាប់​ឃុំ​ខ្លួន​សួរ​ចម្លើយ​នៅ​ខេត្ត​បាត់ដំបង​។ សាច់ញាតិ​ជនរងគ្រោះ​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ ពន្លឿន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ព្រោះ​ពួក​គាត់​ជឿ​ថា មូលហេតុ​នៃ​ការ​ស្លាប់​នេះ ដោយសារ​មន្ត្រី​ប៉ូលិស​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​មិនអាច​ពន្យារ​ពេល​បាន​ឡើយ។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​បញ្ចប់​របាយការណ៍​ស៊ើបអង្កេត ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម នៅ​មិនទាន់​បង្ហាញ​របាយការណ៍​នៅឡើយ​ទេ និង​រុញ​ដាក់គ្នា​ទៅវិញទៅមក។

ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​លោក តុប សំភី ប្រាប់​អាស៊ីសេរី​ថា លោក​នៅតែ​មិនអាច​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ មុន​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​របស់​លោក​បាន​ឡើយ​។ លោក ជំរុញ​ឱ្យ​អាស៊ីសេរី ព្យាយាម​ទាក់ទង​ទៅ​ថ្នាក់លើ​របស់​លោក​វិញ៖ «សូម​អធ្យាស្រ័យ​ផង​បង ដោយសារ​ខ្ញុំ​ក្រុមការងារ​បច្ចេកទេស ដូច្នេះ​យើង​ធ្វើ​តែ​ការងារ​បច្ចេកទេស ចំណែក​ការសម្រេច​គឺ​ថ្នាក់ដឹកនាំ ហើយ​អ្វី ដែល​យើង​រក​ឃើញ យើង​បាន​ជូន​ទៅ​គាត់​ហើយ​។ អ៊ីចឹង សូម​ជួយ​ព្យាយាម​ទាក់ទង​ទៅ​គាត់​ទៅ»។

អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក នុត សាអាន និង​ប្រធាន​ដឹកនាំ​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ករណីនេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៥​ខែមេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក នុត សាអាន បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​២២ មេសា​ថា លោក បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ស៊ើប​ករណីនេះ ប៉ុន្តែ​មិនទាន់​ទទួល​បាន​របាយការណ៍​របស់​មន្ត្រី​ថ្នាក់​ក្រោម​នៅ​ឡើយ​ទេ៖ «អរ​ ! រឿង​ហ្នឹង​ខ្ញុំ​បាន​ឱ្យ​គេ​ចុះទៅ​ស្រាវជ្រាវ​អស់ហើយ ចាំ​គេ​ធ្វើ​របាយការណ៍​ក្រោយ ។ អត់​ទេ ខ្ញុំ​មិនទាន់​ដឹងផង គេ​មិនទាន់​មក​រាយការណ៍ មក​ខ្ញុំ​ផង​។ នៅ​ទេ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ឯណា។ ថ្នាក់លើ​ឯណា បើ​មិន​ទាន់​មក​ដល់​ខ្ញុំ​ផង»។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន វិញ លោក​ថ្លែង​ថា អង្គភាព​របស់​លោក នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន ឬ​របាយការណ៍​អ្វី​ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ដែរ។

កាលពី​ថ្ងៃទី​៧ ខែមេសា បងស្រី​របស់​ជនរងគ្រោះ បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ជួយ​ស៊ើបអង្កេត និង​ស្វែងរក​យុត្តិធម៌ បន្ទាប់ពី​សង្ស័យ​ថា ប៉ូលិស​នៅ​ខេត្តបាត់ដំបង​ធ្វើ​ទារុណកម្ម​លើ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ពេជ្រ ធារ៉េត រហូតដល់​ស្លាប់ ហើយ​បង្វែរ​ថា ស្លាប់​ដោយសារ​គាំងបេះដូង។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ គឺ​លោកស្រី ពេជ្រ លីណា ថ្លែង ថា មន្ត្រីប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ក៏​មិនទាន់​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ ដែរ ដោយ​គ្រាន់តែ​ប្រាប់​​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់វិធានការ​លើ​រឿង​នេះ​។ លោកស្រី នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ចាត់វិធានការ​លើ​រឿង​នេះ ដើម្បី​យុត្តិធម៌​ដល់​ប្អូនប្រុស​របស់​ខ្លួន៖ «និយាយ​ទៅ ខ្ញុំ​រង់ចាំ​ទាំង​អន្ទះសា​ហ្មង ដោយសារតែ​ខ្ញុំ​ចង់​រក​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ ព្រោះ​ប្អូន​ខ្ញុំ​ស្លាប់​មិនមែន​ដោយសារ​គាំងបេះដូង​ទេ គឺ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ។ ខ្ញុំ​សូម​ស្នើសុំ​ទៅ​ខាង​ក្រសួង និង​គណៈកម្មាធិការ​ជាតិ ទាំងអស់ ឆាប់​ស៊ើបអង្កេត និង​រក​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ»។

កាលពី​ថ្ងៃទី​៣ ខែ​មេសា បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជា ច័ន្ទ​រចនា អាយុ ៣០​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយគ្នា ហើយ​បាន​បន្សល់​ទុក​កូនស្រី​តូចៗ​ចំនួន​២​នាក់។ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ក្នុង​ផ្ទះ​របស់​ខ្លួន ស្ថិតនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ប៉ុន្តែ​បើ​តាម​ម្តាយក្មេក​របស់​ជនសង្ស័យ ក្នុង​ពេល​កើតហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅផ្ទះ​ឡើយ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទើប បុរស​ជា​ប្តី មកដល់​ផ្ទះ ហើយ​ត្រូវ​គេ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ហើយ។ ពេលនោះ លោក ពេជ្រ ធា​រ៉េត បាន​ស្ទុះ​រ​ត់​ទៅ​យំ​អោប​សព​ប្រពន្ធ​។​ប៉ុន្តែ​ភ្លាមៗ​នោះ ប៉ូលិស បាន​ចាប់ខ្លួន​លោក​ដាក់​ខ្នោះ​ហើយ​ដឹក​យក​ទៅ​សួរចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដោយ​សង្ស័យ​ថា គាត់ រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​។ ក្រោយ​យក​ទៅ​សួរចម្លើយ​ជាង ៣​ម៉ោង ស្រាប់តែ​មន្ត្រី​ប៉ូលិស ជូនដំណឹង​មក​គ្រួសារ​ថា បុរស​ជា​ប្តី ឈ្មោះ ពេជ្រ ធារ៉េត ក៏​បាន​ស្លាប់​ដែរ ដោយសារ​គាំង​បេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត។

ប៉ុន្តែ​នៅពេល​សាច់ញាតិ ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស និង​ជាំ​ពេញ​ខ្លួន​ចាប់តាំងពី​ជើង​រហូតដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​កជើង​ទាំងពីរ​ទៀត​ផង​។ អ្នកជំនាញ និង​គ្រួសារ​ជនរងគ្រោះ សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណកម្ម​ដោយ​ការ​វាយដំ និង​ឆក់​ខ្សែភ្លើង ព្រោះ​ក្នុងករណី​ស្លាប់​ដោយ​គាំងបេះដូង​មិនអាច​មាន​ស្នាម​ជាំ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន ករុណា លើកឡើង​ថា ជា​រឿង​ល្អ​ដែល​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ចុះ​ស៊ើបអង្កេត​រឿង​នេះ ដោយ​ផ្ទាល់ ។ លោកបន្ត​ថា ប្រសិនបើ​បិទ​អាជ្ញាធរ​ជំនាញ បិទ​បញ្ចប់​ការស៊ើបអង្កេត​រួចហើយ គួរតែ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឱ្យ​គ្រួ សារ​ជនរងគ្រោះ​និង​សាធារណជន ជឿទុកចិត្ត​បាន បើ​ពុំ​នោះ​ទេ នឹង​នាំ​ឱ្យ​មានការ សង្ស័យ​ទៅលើ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន៖ «យើង​មិន​ចង់​ឃើញថា ទាល់​តែ​មាន​បញ្ជា​ពី​ថ្នាក់លើ​បាន​ចាត់វិធានការ​ទេ ។ បើសិនជា​គណៈកម្មាធិការ​ជាតិ​នេះ ពិតជា​មានអំណាច និង​អនុវត្ត តាម​នីតិវិធី​ច្បាប់​ទៅតាម​វិជ្ជាជីវៈ គួរតែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចាត់វិធានការ​តាមច្បាប់ បើ​រក​ឃើញ​ថា មានការ​ប្រព្រឹត្ត​បទល្មើស​ហើយ មិន​គួរណា​រង់ចាំ​មាន បញ្ជា​ឬក៏​ការសម្រេច​ណាមួយ​ទៀត​ទេ ព្រោះ​នេះ​ជា​ទម្លាប់​មួយ​ដែល​យើង​ឃើញ​ថា សមត្ថកិច្ច​ទាំងឡាយ​មាន​តួនាទី មាន​សិទ្ធិ​ហើយ​ក្នុង​ការ​ចុះ​ធ្វើការ ប៉ុន្តែ​អំណាច សម្រេច ហាក់ដូចជា​នៅតែ​រង់ចាំ​ថ្នាក់លើ​របស់​ខ្លួន​ដដែល»។

ករណី​មន្ត្រី​នគរបាល វាយ​ធ្វើបាប ឬ​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ចាប់ខ្លួន ឬ​ពេល​សួរចម្លើយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់ តែង​កើតមាន​ជា​ញឹកញាប់​ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ប្រសិនបើ​គ្មាន​ការ​ស្រែក​បញ្ជា​ពី​លោកនាយក​រដ្ឋ​ហ៊ុន សែន ទេ​នោះ។

មាត្រា ២១០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ណាមួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ដល់ ១៥​ឆ្នាំ​។ លើស​ពី​នេះ កាលបើ​បទឧក្រិដ្ឋ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ នៅក្នុង​ក្របខណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​ការងារ​របស់​ខ្លួន​ត្រូវ​ផ្ដន្ទាទោស ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ៕