តុលាការ​ខែត្រ​ក្រចេះ ​បន្ត​សាកសួរ​លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន ៣នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី១៦ មីនា​

ដោយ ទីន ហ្សាការីយ៉ា
2020-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សកម្មជន​បរិស្ថាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​កម្លាំង​ចិត្ត​សកម្មជន​ការពារ​ព្រៃ​ឈើ ៤នាក់ ខណៈ​ដែល​ចៅក្រម​កំពុង​បន្ត​សួរ​សកម្មជន​បរិស្ថាន ៣នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី១៦ មីនា ឆ្នាំ២០២០។
ក្រុម​សកម្មជន​បរិស្ថាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​កម្លាំង​ចិត្ត​សកម្មជន​ការពារ​ព្រៃ​ឈើ ៤នាក់ ខណៈ​ដែល​ចៅក្រម​កំពុង​បន្ត​សួរ​សកម្មជន​បរិស្ថាន ៣នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី១៦ មីនា ឆ្នាំ២០២០។
រូប៖ សកម្មជន​បរិស្ថាន

តំណាង​អយ្យការ​ខេត្ត​ក្រចេះ​បន្ត​សួរ​លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ទៀត ទៅ​សាលាដំបូង ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មីនា។ រីឯ​ពលរដ្ឋ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០នាក់ បន្ត​ដើរ​ហែ​ក្បូន​ធម្មយាត្រា កាន់​បដា ស្រែក​តវ៉ា​តាម​ផ្លូវ​សាធារណៈ និង​មុខ​សាលា​ដំបូង ខេត្ត​ក្រចេះ  ដើម្បី​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​អ្នក​ទាំង ៤នាក់​នោះ។

ក្រុម​អ្នកតវ៉ាទាំងនោះ ប្រកាសជំហរថា ប្រសិនបើមិនដោះលែង សកម្មជនបរិស្ថានទាំង ៤នាក់​នោះ​ទេ ពួក​គេនឹងគ្មានការរាថយក្នុងការតស៊ូមតិ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទាំងបួន​នាក់​នោះ។ ពួកគេបានកាន់បដា សរសេរថា អ្នកកាប់ឈើមិនចាប់ បែរជាចាប់អ្នកការពារព្រៃឈើទៅវិញ សកម្មជនការពារ​ព្រៃ​ឈើ មិនមែនជាឧក្រិដ្ឋជនជនទេ។

ពលរដ្ឋមកពីរាជធានីភ្នំពេញម្នាក់ ដែលចូលរួមតវ៉ា​ គឺលោកស្រី ជុំ ងាន់ និយាយថា គោលបំណង​សំខាន់ដែលពួកគេតវ៉ានេះ ដើម្បីផ្ញើសារបង្ហាញប្រាប់ពលរដ្ឋ និងរដ្ឋាភិបាលថា  មានរឿងអយុត្តិធម៌ ចំពោះ​សកម្មជន​ការពារព្រៃឈើ និងធនធានធម្មជាតិ ហើយពួកគេទាមទារឱ្យដោះលែងអ្នកទាំង ៤នាក់​នោះ​ជា​បន្ទាន់ និង​ដោយឥតលក្ខខណ្ឌ។ លោកស្រីថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ហាក់​ដូច​ជា​ការរួមចំណែកបំផ្លាញព្រៃឈើ ព្រោះសកម្មជនបរិស្ថានទាំង ៤នាក់នោះ បានប្តូរជីវិត​ការពារ​ព្រៃ​ឈើ និង​ចុះល្បាតព្រៃ ដើម្បីប្រយោជន៍សង្គមជាតិ និងកូនខ្មែរជំនាន់ក្រោយ។

គិតត្រឹមម៉ោង ១១ និង ៣០នាទីថ្ងៃទី ១៦ មីនា  តំណាង​អយ្យការ​ខេត្ត​ក្រចេះ ៣រូប កំពុងសាកសួរ លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ទៀត គឺ​លោក ស្រី ថី លោក ខេម សុឃី និង​លោក ម៉េត មាត់ បន្ទាប់​ពី​ពួកគេ​ទាំងនោះ ត្រូវ​បាន​ឃាត់ខ្លួន​អស់​រយៈ ៤ថ្ងៃមកហើយ។ រីឯក្រុម ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងរាជធានីភ្នំពេញមួយចំនួន ក៏បានចូលរួមតវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទាំង ៤នាក់​នោះ​ដែរ។

ក្រុមអ្នកតវ៉ាឱ្យដឹងថា អាជ្ញាធរខេត្តក្រចេះមិនបានរារាំង និងហាមឃាត់ពួកគេនោះទេ ក៏ប៉ុន្តែមាន​សមត្ថកិច្ច​ចម្រុះរាប់សិបនាក់ បានដាក់ពង្រាយតាមដងផ្លូវ ដើម្បីឃ្លាំមើល និងតាមដាន​សកម្មភាព​របស់ពួកគេ។

ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ផ្សេងទៀត ត្រូវ​បាន​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា នៅ​គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន ៣នាក់​ទៀត គឺ​លោក សំ ទិតសីហា ឲ្យ​ដឹង​កាល​ពី​យប់​​ថ្ងៃ​ទី១៥ មីនា​ថា តុលាការ​នឹង​បន្ត​សាកសួរ​សកម្មជន​បរិស្ថាន ៣នាក់​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក​មេធាវី សំ ទិតសីហា ជា​មេធាវី​មក​ពី​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក អំពី​បញ្ហា​នេះ...

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល