អាជ្ញាធររបបក្រុងភ្នំពេញចាប់ផ្ដើមស៊ើបអង្កេតជាថ្មីចំពោះករណីស្លាប់លោក ទិត្យ រ៉ន កូនសកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារខេត្តកំពង់ចាម។ មន្ត្រីសង្គមស៊ីវិលមិនបានចូលរួមក្នុងការស៊ើបអង្កេតនេះទេ។ ការស៊ើបអង្កេតនេះបានកើតឡើង ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិកថ្កោលទោសចំពោះការស្លាប់របស់សកម្មជនគណបក្សសង្គ្រោះជាតិ ហើយទាមទារឱ្យរបបលោក ហ៊ុន សែន ចាត់ការរកយុត្តិធម៌ និងតម្លាភាពជូនគ្រួសារជនរងគ្រោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មិនបានបញ្ជាក់ពីហេតុផលដែលនាំឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឡើងវិញនោះទេ កាលពីថ្ងៃទី២៨ ឧសភា ដោយលោកគ្រាន់តែបញ្ជាក់ថា ការស៊ើបអង្កេតនេះធ្វើឡើងដោយគណៈកម្មការចម្រុះមួយ ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ៖ «ខ្ញុំមិនចាំបាច់បញ្ជាក់ពីមូលហេតុទេ ពីព្រោះមូលហេតុនេះអាស៊ីសេរីប្រាកដជាដឹងហើយ»។
ការស៊ើបអង្កេតឡើងវិញពីអាជ្ញាធររបបក្រុងភ្នំពេញនេះ បានកើតឡើងក្រោយពីសហរដ្ឋអាមេរិកថ្កោលទោសចំពោះការស្លាប់របស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែឧសភា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលសកម្មជនគណបក្សប្រឆាំងលោក ទិត្យ រ៉ន ស្លាប់នៅក្នុងពន្ធនាគារ នាខេត្តកំពង់ចាមនោះ។ សហរដ្ឋអាមេរិក អំពាវនាវឱ្យរបបលោក ហ៊ុន សែន ចាត់ការស៊ើបអង្កេតករណីនេះដោយឯករាជ្យ និងជាបន្ទាន់មួយ ដើម្បីរកឱ្យឃើញមូលហេតុពិតនៅពីក្រោយការចាប់ខ្លួន និងការស្លាប់របស់កូនមន្ត្រីបក្សប្រឆាំងរូបនេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បដិសេធផ្ដល់អត្ថាធិប្បាយជុំវិញករណីនេះ៖ «ខ្ញុំកំពុងជាប់ប្រជុំជាមួយក្រុមការងារបន្តិច»។
លោក ទិត្យ រ៉ន កូនសកម្មជនគណបក្សសង្គ្រោះជាតិ ស្លាប់ក្នុងពន្ធនាគារ នៅខេត្តកំពង់ចាម កាលពីចុងខែមេសា ដែលគេសង្ស័យថា ស្លាប់ដោយសារអំពើទារុណកម្ម ក្នុងពេលជាប់ឃុំ ព្រោះសាកសពរបស់លោក មានស្នាមជាំខ្មៅ និងរបួស ជាំខ្មៅខ្លាំងនៅលើរង្វង់ភ្នែក និងចិញ្ចើមខាងស្ដាំ។ ភ្លាមៗនោះ មន្ត្រីតុលាការខេត្តកំពង់ចាម ច្រានចោលការសង្ស័យនេះ ដោយអះអាងថា តាមការស៊ើបអង្កេត គឺជនរងគ្រោះ ស្លាប់ដោយសារដួលខ្លួនឯង។
តែទោះជាយ៉ាងណាក៏ដោយក៏អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិ នឹងចាប់ផ្ដើមចុះស៊ើបអង្កេតនៅថ្ងៃទី២៩ ឧសភានេះ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុដូចគ្នាដែរ៖ «វាគ្មានការចាំបាច់អីដែលខ្ញុំទៅបំភ្លឺដែលអ្នកថា អាចនឹងមានការស៊ើបអង្កេតសួរនាំហើយថាអាអ៊ីចឹងទេ»។
ការស៊ើបអង្កេតឡើងវិញរបស់គណៈកម្មការជាតិដឹកនាំដោយក្រសួងមហាផ្ទៃមិនមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាតបញ្ជាក់ថា លោកមិនបានកោះអញ្ជើញឱ្យចូលរួមស៊ើបអង្កេតរួមគ្នាជាមួយអាជ្ញាធរក្រុងភ្នំពេញទេ។លោកបញ្ជាក់ថា គណៈកម្មការចម្រុះដែលដឹកនាំដោយរដ្ឋាភិបាលកន្លងមកមិនដែលបង្ហាញពីការពិតទេច្រើនតែចេញរបាយការណ៍ បែបក្លែងបន្លំ៖ «ទាល់តែយើងមានឆន្ទៈពិតប្រាកដក្នុងការស៊ើបអង្កេត ក្នុងការបង្ហាញអំពីតម្លាភាពហើយនឹងយុត្តិធម៌ដើម្បីស្វែងរកការពិត។បើសិនជាការបង្កើតហើយយើងអត់មានឆន្ទៈពិតប្រាកដទេ គ្រាន់តែបង្កើតឱ្យមានគណៈកម្មការទេវាដូចជាករណីមុនៗអ៊ីចឹង អាហ្នឹងបានជាធ្វើឱ្យមិនមានជំនឿទុកចិត្ត»។
កាលពីថ្ងៃទី១៥ មេសា អាជ្ញាធរខេត្តកំពង់ចាម បានចាប់ខ្លួនលោក ទិត្យ រ៉ន កូនប្រុសសកម្មជនគណបក្សសង្គ្រោះជាតិក្រោយពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយចោទប្រកាន់សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាមួយ កាលពី ១៣ឆ្នាំ កន្លងទៅ។
ក្រោយពីមានជម្លោះនៅក្នុងភូមិនោះមក លោក ទិត្យ រ៉ន បានរត់ភៀសខ្លួនរហូតដល់ត្រឡប់មកដល់ក្នុងភូមិវិញ បានជាង១ឆ្នាំទើបសមត្ថកិច្ចសម្រេចចាប់ខ្លួនយកទៅដាក់ក្នុងមន្ទីរឃុំឃាំងខេត្តកំពង់ចាមហើយក្រោយមកបានស្លាប់ដោយសារមានស្នាមជាំជាច្រើនកន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
