បេក្ខនារី តវ៉ាលទ្ធផលសិស្សចៅក្រមម្នាក់ ដែលតំណាងអយ្យការកោះហៅឲ្យចូលបំភ្លឺ សំណុំរឿងបរិហារកេរ្តិ៍ និងមួលបង្កាច់កេរ្តិ៍ មន្ត្រីរាជការក្រសួងយុត្តិធម៌ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចូលបំភ្លឺ នៅថ្ងៃទី២៧ កុម្ភៈ ដោយមិនពឹងពាក់មេធាវី។
កញ្ញា សើ ស្រីម៉ៅ ប្រាប់អាស៊ីសេរី ថា កញ្ញា ជឿជាក់ និងរក្សាជំហរ ថា ការតវ៉ាលទ្ធផលសិស្សចៅក្រមកន្លងទៅ ជារឿងត្រឹមត្រូវ មិនខុសច្បាប់ទេ។ ដូច្នេះ កញ្ញាមិនខ្លាច ចំពោះការបំភ្លឺឡើយ។ តែយ៉ាងណា កញ្ញា ថា ក្រុមអង្គការសង្គមស៊ីវិលខ្លះ និងមិត្តភ័ក្ដិ នឹងចូលរួមឃ្លាំមើល ការចូលបំភ្លឺរបស់កញ្ញា នៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ២កន្លះ រសៀល ថ្ងៃទី២៧ កុម្ភៈនេះ។
កញ្ញា សើ ស្រីម៉ៅ ជាបេក្ខនារី ទី២ ដែលរងការកោះហៅឲ្យចូលបំភ្លឺ ចំពោះសកម្មភាពតវ៉ាលទ្ធផលសិស្សចៅក្រម បន្ទាប់ពី លោក គង់ ប៊ុនរិទ្ធិ ដែលបានចូលបំភ្លឺរួចរាល់ កាលពីថ្ងៃទី១៤ កុម្ភៈ។
ព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា បានកោះហៅ កញ្ញា សើ ស្រីម៉ៅ ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះវីដេអូឃ្លិបរបស់ លោក គង់ ប៊ុនរិទ្ធិ ដែលទទួលបានព័ត៌មាន ថា មានអំពើពុករលួយ នៃប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអ្នកនៅពីក្រោយ ការទទួលសំណូក ក្នុងតម្លៃចាប់ពី ៦ម៉ឺន (៦០.០០០) ដុល្លារអាមេរិក ដល់ដប់ប្រាំម៉ឺន (១៥០.០០០) ដុល្លារ។
ក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេច បើកការស៊ើបអង្កេតបណ្ដឹងប្រឆាំង លោក គង់ ប៊ុនរិទ្ធិ ដែលជាអ្នកបង្ហើបពីរឿងអាស្រូវលេចឮអំពើពុករលួយនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។