"ឃាតក​សម្លាប់​លោក ជា វិជ្ជា អាច​រក​ឃើញ​នៅ​ក្រោយ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច"

ដោយ ទីន ហ្សាការីយ៉ា
2020-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​គោរព​វិញ្ញាណក្ខន្ធ​ប្រធានសហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា នៅ​ទីតាំង​ស្ដូប​រូប​សំណាក នៅ​ជិត​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២០។
ពិធី​គោរព​វិញ្ញាណក្ខន្ធ​ប្រធានសហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា នៅ​ទីតាំង​ស្ដូប​រូប​សំណាក នៅ​ជិត​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២០។
RFA

ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅតែ​ជា​សំណុំរឿង​អាថ៌កំបាំង​ក្នុង​រយៈពេល​១៦​ឆ្នាំ​ម​កន្លង​មក​នេះ ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​ជា​ពន្លឺ​សម្រាប់​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ចាប់​ឃាត​ពិត​យក​មក​ផ្ដន្ទាទោស​យ៉ាងណាក្ដី​។ តើ​មូល​ហេតុអ្វី​បានជា​សំណុំ​រឿង​នេះ បាន​អូស​បន្លាយ​ពេល​ដល់​ទៅ ១៦​ឆ្នាំ សមត្ថកិច្ច​រក​ឃាតក​ពិត​មិន​ឃើញ?

សារ​ស្រែក​ទាមទារ​យុត្តិធម៌​ជូន ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​កម្មករ​និង​សហជីព​បន្ត​ស្រែក​ដដែលៗ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឱ្យ​នៅតែ​នៅ​ថ្ងៃ​ខួប​សម្លាប់​លោក ជា វិជ្ជា នៅ​រៀងរាល់​ថ្ងៃ​ទី​២២ មករា។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​និង​លោក ជា វិជ្ជា មាន​ប្រសាសន៍​ក្នុង​ពិធី​រំលឹក​ខួប ១៦​ឆ្នាំ កាល​ពី​ថ្ងៃ​ទី២២ មករា​ថា យុត្តិធម៌​សម្រាប់ លោក ជា វិជ្ជា នៅតែ​ងងឹត​សូន្យឈឹង ហើយ​លោក​ថា មូល​ហេតុ​ដែល​មិន​អាច​វែកមុខ​រក​ឃាតក​ឃើញ គឺ​ដោយសារតែ​ករណី​ឃាតកម្ម​នេះ មានការ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល៖ «យុត្តិធម៌ និង​ប្រជាធិបតេយ្យ​គឺ​គេ​មិន​ដឹក​ដាក់​ល្អី​មក​ជូន​យើង​ទេ មានតែ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវតែ​ទៅ ចាប់​ដណ្ដើម​យក យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ជូន​លោក ជា វិជ្ជា និង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។ យើង​ប្ដេជ្ញា​នឹង​បន្ត​វីរភាព​របស់​លោក ជា វិជ្ជា ដើម្បី​ធ្វើ​ម៉េច​ឱ្យ​កម្មករ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ធ្វើ​ម៉េច​ឱ្យ​សង្គម​យើង ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»

(ពីឆ្វេង) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ប្រធានសហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា នៅ​ទីតាំង​ស្ដូប​រូប​សំណាក នៅ​ជិត​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២០។
(ពីឆ្វេង) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ប្រធានសហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា នៅ​ទីតាំង​ស្ដូប​រូប​សំណាក នៅ​ជិត​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២០។ RFA

ជា​រៀងរាល់​ពិធី​ប្រារព្ធ​ពិធី​រំលឹក​ខួប សម្លាប់​លោក ជា វិជ្ជា នេះ អាជ្ញាធរ​ក្រុងភ្នំពេញ តែងតែ​រិតត្បិត​ការ​ជួបជុំ​របស់​សហជីព កម្មករ និង​អង្គការ​សង្គម​ស៊ីវិល​។ ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​១៦ ឆ្នាំ​២០២០​នេះ សាលាក្រុង​បាន​ដាក់​បម្រាម​មួយ​ចំនួន​ដល់​ក្រុម​សហជីព ដូចជា ហាម​មិន​ឱ្យ​ហែ​ក្បួន មិន​អនុញ្ញាត​ឱ្យ​ថ្លែង​សារ​នយោបាយ មិន​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​ជាប់​បម្រាម​តុលាការ​ចូលរួម និង​ពង្រាយ​កងកម្លាំង​នគរបាល​ជាច្រើន​នៅ​ជុំវិញ​ពិធី ត្រៀម​ទប់ស្កាត់ បើ​សិន​ជា​មាន​ករណី​ហែ​ក្បួន​ជាដើម។

នៅ​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​តំណាង​សហជីព កម្មករ និង​ក្រុម​គ្រួសារ​លោក ជា វិជ្ជា មិន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​នោះ​ទេ ក្រៅពី​ថ្លែងការណ៍​រៀបរាប់​អំពី អំពើ​អយុត្តិធម៌ លើ​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​មួយ​ចំនួន ដូចជា លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត​ជាដើម។

.​មូលហេតុ​ដែល​ក្រុម​តំណាង​សហជីព និង​កម្មករ​មិន​ដាក់​ញត្តិ​ទាម​ទាមទារ​យុត្តិធម៌​ទៅ​រដ្ឋាភិបាល​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​ដ៏​ល្បីឈ្មោះ​កាលពី​១៦​ឆ្នាំមុន គឺជា​ឃាតកម្ម​ដ៏​កក្រើក​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឱ្យ​មនុស្ស​ពេញ​មួយ​នគរ ពិសេស​ស្រទាប់​កម្មករ​សោកស្ដាយ រន្ធត់ និង ស្ដាយស្រណោះ ដែល​បាត់បង់ មេដឹកនាំ​សហជីព​ពូកែ​ខាង​តស៊ូ​មតិ និង​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​នៅ​ទី​សាធារណៈ​នានា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​ជូន​កម្មករ។

មូលហេតុ​សំខាន់ ដែល​តំណាង​សហជីព និង​កម្មករ មិន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​នេះ ដោយសារតែ​ពួកគាត់​អស់​ជំនឿ​ថា រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់ ឬ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្វែង​ឃាតក​ពិត ឬ​យុត្តិធម៌ ជូន​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​នោះ​ទេ ពី​ព្រោះ​ថា រយៈពេល​ ១៦​ឆ្នាំ​កន្លង​មក​នេះ កម្មករ​និង​សហជីព​ជាតិ ព្រមទាំង​សហគមន៍​អន្តរជាតិ​ផង បាន​ទាមទារ​យុត្តិធម៌​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ការពិត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល រក​ឃាតក​មិនទាន់​ឃើញ​នៅឡើយ ក្រៅពី​ធ្លាប់​បាន​ចាប់ខ្លួន ប៊ន សំណង និង​ សុខ សំអឿន ដែល​មហាជន​មើល​ឃើញ​ថា ជា​ឃាតក​សិប្បនិម្មិត​នោះ​។

ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុខ សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។ Photo Supply
ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុខ សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។ Photo Supply

បើ មើល​ពី​ដំណើររឿង​ចាប់ខ្លួន ប៊ុន សំណាង និង​សុខ សំអឿន ភ្លាមៗ​កាលនោះ អាច​ដោយសារ ការ​សម្លាប់​លោក ជា វិជ្ជា ភ្លាម គឺ​មាន​ប្រតិកម្ម និង​រិះគន់​ខ្លាំង ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ចាប់​ឃាតក។ នៅ​ពេល​នោះ តាមមើលទៅ​រដ្ឋាភិបាល​ហាក់​ដូចជា​លំបាក​នៅ​ក្នុង​កា​រក​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​វិញ​បាន បញ្ហា​នេះ តាមមើលទៅ​ដើម្បី​ទប់​ស្ថានការណ៍​ពុះកញ្ជ្រោល​ពី​មហាជន គឺ​សមត្ថកិច្ច​ហាក់​គ្មាន​ជម្រើស​អ្វី ក្រៅពី​ចាប់​ឃាតក​សិប្ប​និមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន យក​មក​ផ្ដន្ទាទោស​ដើម្បី​ពលរដ្ឋ​ស្ងប់ចិត្ត​នោះ​ឡើយ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី ល្បែង​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារតែ​សាធារណជន​មិន​ជឿ​លើ​ឃាតក​សិប្ប​និមិត្ត​នេះ នៅ​ទីបំផុត​ទៅ តុលាការ​កំពូល ក៏​បាន​សម្រេចចិត្ត​ដោះលែង​អ្នក​ទាំងពីរ ហើយ​បង្វែរ​សំណុំ​រឿង​នេះ​ឱ្យ​សាលាឧទ្ធរណ៍​ស៊ើបអង្កេត​ឡើងវិញ។

. សមត្ថកិច្ច​ចាប់​ឃាតក​ពិត​មិនបាន ទោះ​ជា​មាន​តម្រុយ​ភស្តុតាង​តំណាង​សហជីព ទាំង ភរិយា លោក ជា វិជ្ជា និង​ប្អូនប្រុស​របស់​លោក គឺ​លោក ជា មុន្នី ក៏​ធ្លាប់​អះ​អា​អាង​ដូចគ្នា​ថា ទាល់តែ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់​ពី​អំណាច ទើប​អាច​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា​បាន ពីព្រោះ​ថា រយៈពេល ១៦​ឆ្នាំ​មកនេះ ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម នៅតែ​ស្ថិត​នៅ​ក្នុង​ភាព​បិទបាំង ហើយ​ក្រុម​គ្រួសារ​របស់​លោក មិន​ទាន់​មាន​យុត្តិធម៌​ដដែល ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​គេ​មើល​ឃើញ​ថា ជា​តម្រុយ​ដ៏​សំខាន់ ដើម្បី​ចាប់​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ក្ដី។

ឃាតកម្ម​លើ​លោក ជា វិជ្ជា នេះ​មាន​តម្រុយ​ជា​ភស្តុតាង​ជាច្រើន ដែល​អាច​បញ្ជាក់​ថា តុលាការ​អាច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្លាប់ លោក ជា វិជ្ជា។ ភស្តុតាង​ទាំងនោះ មាន ដូចជា លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​លោក ហ៊ុន សែន មិនទាន់​ចាប់ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឱ្យ​លោក​ចាប់ សុខ សំអឿន និង បន សំណាង ដើម្បី​បន្លំ​ធ្វើជា​ឃាតក​ពិត។ តែ​ករណី​នេះ មន្ត្រី​លោក ហ៊ុន សែន បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ នៅ​ពេល​នោះ។ សាក្សី​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ស្ត្រី​លក់​កាសែត​នៅ​ក្បែរ​វត្ត​លង្កា ជាទី​ដែល​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា បាន​ឃើញ​មុខ​ឃាតក​បាញ់​ប្រហារ​លោក ជា វិជ្ជា និង​បាន​រៀបរាប់​ពី​ភិនភាគ​ឃាតក​ជាដើម ប៉ុន្តែ​មក​ទល់​ពេល​នេះ ឃាតក​នៅតែ​លាក់​មុខ​ដដែល។

លោក ហេង ពៅ ត្រៀម​ចូល​សវនាការ​នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Ouk Savborey
លោក ហេង ពៅ ត្រៀម​ចូល​សវនាការ​នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Ouk Savborey

ការ​ដែល​សមត្ថកិច្ច​ចាប់​ឃាតក​មិន​ទាន់​បាន​នេះ តាមមើលទៅ​មិនមែន​មានន័យថា សមត្ថកិច្ច​អត់​មាន​សមត្ថភាព​ចាប់ខ្លួន​ឃាតក​នោះ​ទេ បើ​ប្រៀបធៀប​និង​ករណី​ឃាតកម្ម​ផ្សេងៗ​ទៀត ឬ​ករណី​អ្នក​ប្រើ​ហ្វេសប៊ុក​ក្លែងក្លាយ រិះគន់​លោក ហ៊ុន សែន ទោះបីជា​រត់គេច​ទៅដល់​ប្រទេស​ថៃ ដូចជា​អ្នកស្រី សម សុខា ជាដើម ក៏​សមត្ថកិច្ច​លោក ហ៊ុន សែន ចាប់ខ្លួន​បញ្ជូន​មក​ដាក់ទោស​នៅ​ស្រុក​ខ្មែរ​វិញ​ទាល់តែ​បាន​ដែរ គឺ​មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​នោះ​ឡើយ​។ ករណី​មួយទៀត ករណីឃាតកម្ម​លើ​លោក ជា វិជ្ជា​នេះ ក៏​មិន​ខុស​ពី​ករណី​បាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដែរ ដែល​ក្រុម​គ្រួសារ និង​សាធារណជន​ទូទៅ​លើកឡើង​ថា អឿត អាង ឬ​ជួប​សម្លាប់​មិនមែន​ជា​ឃាតក​ពិត​ទេ ហើយ​ទាមទារ​បញ្ចេញ​ខ្សែ​អាត់​វីដេអូ​នៅ​ក្នុង​ស្តារម៉ាត កាល់តិច ដើម្បី​បង្ហាញមុខ​ឃាតក​ពិត តែ​មកដល់ពេលនេះ សមត្ថកិច្ច​មិន​បញ្ចេញ​ខ្សែវីដេអូ​ទាំងស្រុង​នៅឡើយ​ទេ​។ រីឯ​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា នរណា​សម្លាប់ ជា វិជ្ជា​? ក៏​ត្រូវ​បាន​រដ្ឋាភិបាល ហាម​ចាក់​បញ្ចាំង​នៅ​ទី​សាធារណៈ​ និង​បង្ក្រាប​ចំពោះ​អ្នកណា​ហ៊ាន​ចាក់​បញ្ចាំង​ទៀត​ផង។

លើស​ពី​នេះ​ភស្តុតាង​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​នៅ​មុន​ពេល​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា គឺ មាន​ជន​មិន​ស្គាល់​មុខ​បាន​ហៅ​ទូរស័ព្ទ​គំរាម​សម្លាប់​លោក ជា វិជ្ជា ហើយ​លោក ជា វិជ្ជា បាន​ទៅ​ប្ដឹង​មន្ត្រី​នគរបាល​អំពី​រឿង​នេះ​ទៀត ដើម្បី​ឱ្យ​ជួយ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​របស់​លោក​។ តែ​មិន​មន្ត្រី​នគរបាល​មិន​មាន​ចំណាត់​លើ​អ្នក​តេ​ទូរស័ព្ទ​គំរាម​ឡើយ ទោះបីជា​នៅ​ក្នុង​សារ​គំរាម​នោះ លោក ជា វិជ្ជា យក​ទូរស័ព្ទ​ទៅ​បង្ហាញ​ហើយ​ក្ដី​៖ «ថ្ងៃទី​២២ ខែ​កក្កដា​ឆ្នាំ​២០០៣ វេលា​ម៉ោង ២២​និង​ ៣៣​នាទី​យប់ ខ្ញុំ​បាន​ទទួល​សារ​ជា​អក្សរ​តាមរយៈ​ទូរស័ព្ទ​ដៃ ទូរស័ព្ទ​ជនល្មើស​នោះ គឺ​លេខ ០១២៩៨ ៧៧ ៩៤ ហើយ​បាន​ផ្ញើ​សារ​មកាន់​ទូរស័ព្ទ​ខ្ញុំ ០១២ ៩៤១ ៣០៨ សារ​នោះ សរសេរ​ជា​ភាសា​អង់គ្លេស​ថា A dog I will kill you in July26. 2003. A Sam Rainsy មានន័យថា អា​ឆ្កែ អញ​នឹង​សម្លាប់​ហ្អែង នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣ អា ​សម រង្ស៊ី។

.​​​សារ​គំរាម​នោះ ហេតុអ្វី​មាន​ឈ្មោះ​លោក សម រង្ស៊ី​ដែរ

នៅ​ក្នុង​សារ​គំរាម​ដែល​មាន​បញ្ចេញ​ឈ្មោះ លោក សម រង្ស៊ី​ដែរ​នេះ គឺ​អាច​មក​ពី ទី​មួយ នៅ​ក្នុង​ឆ្នាំ​២០០៣ លោក ជា វិជ្ជា បាន​ប្រកាស​ឱ្យ​សមាជិក​សហជីព​សេរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​គណបក្ស សម រង្ស៊ី ដោយសារ​លោក​ជា​សកម្មជន​ឬ​ជា​អ្នកគាំទ្រ​លោក​ សម រង្ស៊ី ស្រាប់។ ការប្រកាស​នេះ នៅ​ស្រប​ពេល​កម្ពុជា កំពុង​ជាប់​គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ ពោល​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ដែល​គណបក្ស​ប្រជាជន​​កម្ពុជា​មិន​មាន​កូរ៉ុម​គ្រប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បាន ហើយ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ទៅ​ចាប់ដៃ​លោក សម រង្ស៊ី បង្កើត​ជា​សម្ព័ន្ធ​ភាពជា​មួយ​គ្នា គឺ​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ។ការ​ជាប់គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ ទើប​អាច​បង្កើត​រដ្ឋាភិបាល​គឺ​នៅ​ក្រោយ​ពេល​សម្ដេចក្រុមព្រះ បាន​បោះបង់​លោក សម រង្ស៊ី ទៅ​ចាប់ដៃ​លោក ហ៊ុន សែន ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​បែង​ចែក​​អំណាច​គ្នា​នៅ​ក្នុង​សភា និង​រដ្ឋាភិបាល​។ ការ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​នេះ នៅ​ក្រោយ​ពេល​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា។ ក្រោយពី​​លោក ជា វិជ្ជា ស្លាប់ គឺ​លោក​សម រង្ស៊ី ហាក់បីដូចជា​បាត់​កម្លាំង​មួយ​ដ៏​សំខាន់ ពីព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាលពី​លោក ជា វិជ្ជា នៅ​ដឹកនាំ​កម្មករ​នោះ ពេលខ្លះ​ក៏​មាន​ការចូលរួម​ពី​លោក ជា វិជ្ជា ដឹកនាំ​កម្មករ​បាតុកម្ម​ដែរ ជាក់ស្ដែង​ដូចជា​បាតុកម្ម​ឆ្នាំ​១៩៩៧ នៅមុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដែល​មាន​ការ​បោក​គ្រាប់​បែក​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ស្លាប់​និង​រងរបួស​នោះ ក៏​មាន​លោក សម រង្ស៊ី និង​លោក ជា វិជ្ជា រងរបួស​ដែរ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy

នៅ​ក្រោយពី​សម្ដេច​ក្រុម​រត់​ចេញពី​សម្ពន្ធភាព​លោក​សម រង្ស៊ី នោះ លោក សម រង្ស៊ី ក៏​ធ្លាក់​ចុះ​កម្លាំង​ដែរ​ក្រោយពី​បាត់បង់​លោក ជា វិជ្ជា ក្នុង​ការ​បាតុកម្ម​ប្រឆាំង​និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី នៅ​ខែ​កក្កដា​ឆ្នាំ​២០០៤ ក្រោយពី​ជាប់​គាំង​នយោបាយ​។ នៅ​ពេល​នោះ ហើយ​ដែល លោក ហ៊ុន សែន និង សម្ដេចក្រុមព្រះ​ត្រូវរ៉ូវ​គ្នា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន សភា និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ​ឬ​ហៅថា បោះឆ្នោត​ជា​កញ្ចប់​នោះ។

ទី​២ ប្រវត្តិ​នៃ​ការ​ផ្ដួចផ្ដើម​នៃ​ការ​បង្កើត​សហជីព​នៅ​កម្ពុជា​ពី​ដំបូង​ឡើយ គឺ​លោក សម រង្ស៊ី ជា​អ្នក​ប្រាប់​លោក ជា វិជ្ជា និង​មនុស្ស​មួយ​ចំនួន​បង្កើត​សហជីព​នេះ​ឡើង​ នៅ​ក្នុង​ឆ្នាំ​១៩៩៦ ដើម្បី​ការពារ​​សិទ្ធិ​កម្មករ ដែល​កាលណោះ មាន​អ្នកស្រី អ៊ួ ម៉ារី ជា​ប្រធាន​។ លុះដល់​ឆ្នាំ​១៩៩៩ សហជីព​សេរី​កម្មករ​នេះ បាន​ធ្វើ​សមាជ​ជ្រើស​ប្រធាន​ថ្មី គឺ​អង្គ​សមាជ​ក៏​បោះឆ្នោត​ជ្រើសរើស​លោក ជា វិជ្ជា ជា​ប្រធាន​។ តាំងពី​ពេលនោះ​មក លោក ជា វិជ្ជា តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​រហូត​ដល់​ថ្ងៃ​ឃាតក​បាញ់​សម្លាប់។

. រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត តែ​គ្មាន​លទ្ធផល

ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា កាលពី​ថ្ងៃ​ទី​២២ មករា​ឆ្នាំ​២០០៤ គឺ​មានការ​ពុះកញ្ជ្រោល យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ទាមទារ​យុត្តិធម៌ និង​ទាមទារ​ឱ្យ​សង់​រួប​សំណាក​លោក ជា វិជ្ជា។ នៅ​ឆ្នាំ​២០១៣ មុន​បោះឆ្នោត​អាណត្តិ​ទី​៥ រដ្ឋាភិបាល​ក៏​សម្រេច​សង់​រួប​សំណាក​លោក ជា វិជ្ជា ដាក់​តាំងនៅ​ទីកន្លែង​ដែល​ឃាតក​បាញ់សម្លាប់​លោក​ក្បែរ​វត្ត​លង្កា​នោះ ដែល​ចំណាយ​ថវិកា​ ៨​ពាន់​ដុល្លារ ក្នុង​នោះ​ ថវិកា​ខាង​សាលាក្រុង ​៥​ពាន់ និង​សហជីព ​៣​ពាន់​ដុល្លារ​។ ក៏ប៉ុន្តែ​ការ​សង់​រួប​សំណាក​នេះ ក៏​មិន​ធ្វើ​ឱ្យ​កម្មករ​សហជីព​ស្ងប់ចិត្ត​បាន​ដែរ ការ​ទាមទារ​យុត្តិធម៌​នៅតែ​អន្ទង​ពី​កម្មករ សហជីព​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដដែល។

លុះដល់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត ករណី​ឃាតកម្ម លើ​មេដឹកនាំ​សហជីព​មួយ​​​ចំនួន​ដូចជា លោក ជា វិជ្ជា លោក រស់ សុវណ្ណ៉េត និង​លោក ហុង វុទ្ធី ជាដើម​។ ក៏ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក​គណៈកម្មការ​អន្តរក្រសួង​នេះ មិន​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​អ្វី​ឡើយ ហើយ​រដ្ឋាភិបាល​ក៏​ប្រកាស​និរាករណ៍​ឬ​លុបចោល​គណៈកម្មការ​នេះ​វិញ​។ ក្រោយពី​រំលាយ​គណៈកម្មការ​នេះ នៅ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ក៏​បង្កើត​គណៈកម្មាការ​ពិសេស​មួយទៀត ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា​នេះ តែ​មក​ទល់​ពេលនេះ នៅតែ​មិន​ទាន់​មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​២១ មករា​ថា សំណុំរឿង​ឃាតកម្ម​រលោក ជា វិជ្ជា​នេះ មិនទាន់​បិទ​នៅឡើយ តែ​សំណុំ​រឿង​នេះ​ស្មុគស្មាញ​៖ «សំណុំ​រឿង​នេះ ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការស៊ើបអង្កេត​នៅឡើយ ហើយ​បើ​ចង់​ដឹង​ថា ដំណើរការ​ស៊ើបអង្កេត​យ៉ាងណា​នោះ អាច​ទាក់ទង​ទៅ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ការស៊ើបអង្កេត ប៉ុន្តែ​ការស៊ើបអង្កេត​សំណុំរឿង​នីមួយៗ​មិន​ដូចគ្នា​ទេ សំណុំរឿង​ខ្លះ វា​ប្រើ​ពេល​យួរ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២២​មករា​។​

. បណ្ដាំ​របស់​លោក ជា វិជ្ជា មុន​ពេល​ឃាតក​បាញ់សម្លាប់

នៅមុន​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា នៅ​ក្នុង​ឆ្នាំ​២០០០៣ លោក ជា វិជ្ជា​តែងតែ​ថ្លែងប្រាប់​កម្មករ​នៅ​ពេល​លោក​ដឹកនាំ​ធ្វើបាតុកម្ម​ថា កម្មករ​ទាំងអស់​ត្រូវ​រឹងមាំ ហើយ​ត្រូវ​សាមគ្គី​ជា​កម្លាំង​តែមួយ ទើប​មាន​កម្លាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​តាម​នូវ​ការ​ទាមទារ​របស់​ខ្លួន​បាន​។ លោក ជា វិជ្ជា បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី នៅ​ក្នុង​ឆ្នាំ​២០០៣ មុន​ពេល​ឃាតក​បាញ់​សម្លាប់​ដោយ​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បែកបាក់​គ្នា៖ «ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​សមាជិក​សហជីព​សេរី ទៅ​សមាជិក​សហជីព​ដទៃ​ទៀត​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​រួបរួម​សាមគ្គីភាព​​គ្នា​ទេ បើ​យើង​រួបរួម​គ្នា យើង​ខ្លាំង យើង​តវ៉ា អ្នកធំ​គេ​រំលោភច្បាប់ ដោយសារ​យើង​អ្នកក្រ​កំសាក យើង​ខ្លាច បើ​យើង​លែង​ខ្លាច យើង​រួបរួម​គ្នា យើង​លែង​ខ្លាច យើង​ហ៊ាន​តវ៉ា យើង​ហ៊ាន​បាតុកម្ម កូដកម្ម ទាមទារ​សិទ្ធិ​យើង ទាមទារ​ផលប្រយោជន៍​យើង ជំរុញ​ឱ្យ​គេ (​រដ្ឋាភិបាល​) កែទម្រង់ នោះ​គេ (​រដ្ឋាភិបាល​) នឹង​ធ្វើ​តាម​ហើយ»

រីឯ​ភរិយា​របស់​លោក ជា វិជ្ជា​វិញ នៅ​ថ្ងៃ​ទី​២១​ មករា ក៏​ផ្ដែផ្ដាំ និង​អំពាវនាវ​មិន​ខុស​ពី​លោក ជា វិជ្ជា​ដែរ​។ អ្នកស្រី ជា គឹមនី អះអាង​ថា ដើម្បី​កុំ​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​ស្វាមី​របស់​អ្នកស្រី​បាន​ស្ងប់​នោះ និង​ដូច​ការ​ចង់​បាន​របស់​លោក ជា វិជ្ជា នោះ អ្នកស្រី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ​“​ត្រូវ​រឹងមាំ កុំ​ចុះចាញ់​នឹង​ការ​គំរាមកំហែង កុំ​ចាញ់​ល្បិចកល​របស់​រដ្ឋាភិបាល ដើម្បី​ទាម​សិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ទាមទារ​យុត្តិធម៌​ជូន លោក ជា វិជ្ជា និង​ទាមទារ​យុត្តិធម៌​សង្គម​“ ។ ទោះបីជា​ស្រមោល​នៃ​ការស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា នេះ មិន​ទាន់​មាន​ពន្លឺ​ណាមួយ ដោយសារតែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​គណបក្ស​កាន់អំណាច​បែបនេះ​ក្ដី ទាំង​ក្រុម​គ្រួសារ​លោក ជា វិជ្ជា និង​តំណាង​សហជីព នៅ​តែ​មាន​ក្ដី​សង្ឃឹមថា យុត្តិធម៌​នឹង​មាន​នៅ​ពេល​ណាមួយ ពិសេស​ក្រោយ​ពេល​របប​បច្ចុប្បន្ន​ដួល​រលំ ឬ​នៅ​ក្រោយ​ពេល​មាន​រដ្ឋាភិបាល​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល