សាលា​ដំបូង​ខេត្ត​កំពត កំពុង​ដំណើរ​ការ​បណ្ដឹង​របស់​មេ​គយ​ច្រក​ព្រំដែន​ព្រែក​ចាក ប្ដឹង​អ្នក​កាសែត​ជិត ១០នាក់

ដោយ វ៉ែន សុមេធ
2019-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ព្រែកចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត កាល​ពី​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១០។ ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​​កម្ពុជា និង​វៀតណាម បាន​កើន​ឡើង​ជាង ៣០%​ នៃ​អត្រា​ប្រចាំ​ឆ្នាំ។
ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ព្រែកចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត កាល​ពី​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១០។ ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​​កម្ពុជា និង​វៀតណាម បាន​កើន​ឡើង​ជាង ៣០%​ នៃ​អត្រា​ប្រចាំ​ឆ្នាំ។
RFA

អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពត ចាប់​ផ្ដើម​ដំណើរ​ការ​បណ្ដឹង​របស់​ប្រធាន​គយ​ព្រំដែន​ច្រក​ព្រែក​ចាក​ ដែល​ប្ដឹង​ប្រឆាំង​ក្រុម​អ្នក​កាសែត​ជិត ១០នាក់ ពី​បទ​ជេរ​ប្រមាថ និង​ជ្រៀតជ្រែក​កិច្ចការ​មន្ត្រី​រាជការ​សាធារណៈ ក្រោយ​កើត​មាន​វិវាទ​ជាមួយ​គ្នា។ អ្នក​កាសែត​រង​ការ​ប្ដឹង អះ​អាង​ថា វិវាទ​កើត​ឡើង ដោយសារ​មេ​គយ​ចាប់​កញ្ឆក់​កាមេរ៉ា និង​ទូរស័ព្ទ​របស់​អ្នក​កាសែត​មុន។

អ្នក​នាំ​ពាក្យ​តំណាង​អយ្យ​ការ​អម​​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ប្រាប់​ថា តំណាង​អយ្យ​ការ​​ទទួល​បាន​បណ្ដឹង​របស់​មេធាវី​ប្រធាន​គយ​ព្រែក​ចាក​ហើយ និង​បាន​ប្រគល់​ឲ្យ​ព្រះ​រាជអាជ្ញា​ម្នាក់ ដើម្បី​កាន់​សំណុំ​រឿង​នេះ៖ «រឿង​ហ្នឹង​មក​ដល់​លោក​ព្រះរាជ​អាជ្ញា​រង​ម្នាក់​ គាត់​កំពុង​ធ្វើ​ការ​ហើយ។ បាន​មក​ដល់​លោក​ព្រះរាជអាជ្ញា​រង កំពុង​ចាត់​ការ​ហើយ។ បាន​សេចក្ដី​ថា គាត់​បាន​ទទួល​សំណុំ​រឿង​មក​ចាត់​ការ​​ហើយ តែ​ចាត់​ការ​យ៉ាង​ម្ដេច​មិន​ទាន់​ដឹង​ទេ​ណា។ គ្រាន់​តែ​ថា បាន​ទទួល​សំណុំ​រឿង​មក​ហើយ»

មេធាវី​របស់​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រែក​ចាក​ខេត្ត​កំពត លោក យី ថុល បាន​ប្ដឹង​ទៅ​តុលាការ កាល​ពី​ថ្ងៃ​​ទី​៣​ ឧសភា ប្ដឹង​ក្រុម​អ្នក​កាសែត​ជិត​១០​នាក់ ពី​បទ​ជេរ​ប្រមាថ និង​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន ​ដោយសារ​​ក្រុម​អ្នក​កាសែត​ទាំង​នោះ ធ្វើ​សកម្មភាព​ថត និង​ ទាស់​ទែង​​ពាក្យ​សម្ដី​ រវាង​មន្ត្រី​គយ​រូប​នេះ និង​ក្រុម​អ្នកកាសែត។

បណ្ដឹង​របស់​មេ​គយ​ព្រែក​ចាក ធ្វើ​ឡើង​ក្រោយ​ពេល​វីដេអូ​ឃ្លិប​មួយ ត្រូវ​​បាន​ចែក​​ផ្សាយ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) តៗ គ្នា កាល​ពី​ចុង​ខែ​ឧសភា ​ដោយ​បង្ហាញ​​សកម្មភាព​ មន្ត្រី​​ពាក់​ឯក​សណ្ឋាន​គយ​ម្នាក់ ឈ្លោះ​ប្រកែក​គ្នា​រយៈ​ពេល​ខ្លី ​ហើយ​ក្រុម​អ្នក​កាសែត​​បាន​រុញ​ច្រាន​ និង​ស្រែក​គំហក​ដាក់​មន្ត្រី​គយ​ម្នាក់​ ដោយ​ចោទ​​ថា មន្ត្រី​គយ​នោះ ​បាន​ដក​ហូត​ទូរស័ព្ទ​ពី​ក្រុម​អ្នក​កាសែត ដែល​កំពុង​ថត​សកម្មភាព ​ដឹក​ទំនិញ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា។​ ក្នុង​វីដេអូ​នោះ បង្ហាញ​ថា ​មន្ត្រី​គយ បាន​ព្យាយាម​គេច​ចេញ​ពី​ក្រុម​អ្នក​កាសែត តែ​មិន​ទាន់​បាន​ប្រគល់​ទូរស័ព្ទ​ឲ្យ​ក្រុម​អ្នក​កាសែត​វិញ​ទេ ខណៈ​ក្រុម​អ្នក​កាសែត បាន​នាំ​គ្នា​តាម​ថត និង​ចោទ​ថា ​មន្ត្រី​គយ​រូប​នោះ ជា​មេ​ក្លោង​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ខុស​ច្បាប់​ចូល​កម្ពុជា៖ «បាទ! នេះ​ហើយ​មេ​គយ​ព្រែក​ចាក លោក ​គុណ ញឹម មើល​ចុះ។ មេគយ ៖ លោក ឯង​ធ្វើ​ឲ្យ​ស្រួល។ ក្រុម​អ្នក​កាសែត៖ លោក​ឯង​ទេ ដែល​មក​ឆក់​ទូរស័ព្ទ​អ្នក​កាសែត។ នេះ​ហើយ​មេគយ មេគយ​រូប​ស្រស់ ធ្វើ​បាប​ពលរដ្ឋ ជញ្ជក់​ឈាម​ពលរដ្ឋ សម្លាប់​ប្រជា​ពលរដ្ឋ»

ចាងហ្វាង​ការ​ផ្សាយ​កាសែត​ និង​គេហទំព័រ​ពន្លឺ​និរតី គឺ​លោក អ៊ិន ប៊ុនធឿន ម្នាក់ ក្នុង​ចំណោម​​ក្រុម​អ្នក​កាសែត​រង​ពាក្យ​ប្ដឹង អះអាង​ថា វីដេអូ​ឃ្លិប​នោះ បង្ហាញ​តែ​សកម្មភាព​មួយ​ជ្រុង​ដែល​មាន​អំពើ​ហិង្សា​ប៉ុណ្ណោះ ព្រោះ​មុន​កើត​វិវាទ​នោះ មេ​គយ ច្រក​ព្រែក​ចាក លោក យី ថុល បាន​ចេញ​មក​ដក​ហូត​ទូរស័ព្ទ​របស់​អ្នក​កាសែត​ទាំង​កំរោល ខណៈ​ពួកគេ​កំពុង​ស្នើ​សុំ ថត​ត្រឹម​ត្រូវ។ លោក ​អ៊ិន ប៊ុន​ធឿន ថា ក្រោយ​វិវាទ​នោះ បាន​ប្រហែល ១០នាទី ពួកគេ​បាន​សម្រួល​គ្នា​រួច​ហើយ ប៉ុន្តែ​មិន​ដឹង​ហេតុ​អ្វី ទើប​មាន​ពាក្យ​ប្ដឹង​នៅ​តុលាការ។ តែ​យ៉ាងណា លោក អះអាង​ថា មិន​បារម្ភ​ចំពោះ​ពាក្យ​ប្ដឹង​នោះ​ទេ៖ «រឿង​ដែល​កើត​ឡើង​ តែ​មួយ​ជ្រុង​ទេ​បង អ្នក​ដែល​បង្ហោះ​ណា។ បង្ហោះ​អា​រឿង​ហិង្សា​មួយ​ប្រាវ​ហ្នឹង​ទេ ក្រោយ​ពី​ហិង្សា​ក៏​វា​សាប​រលាប​ទៅ​វិញ យើង​មាន​ការ​សោកស្ដាយ មាន​ការ​ស្គាល់​គ្នា មាន​ការ​សុំ​ទោស​គ្នា​ទៅ​វិញ​ ទៅ​មក​ អ៊ីចឹង»

អ្នក​កាសែត​​ទាំង​១០​នាក់ ដែល​រង​ការ​ប្ដឹង​នោះ មាន​​ប្រធាន​សារព័ត៌មាន​នៃ​ក្លឹប​អ្នក​កាសែត​ឯករាជ្យ និង​ជា​នាយក​ការ​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV) លោក ហ៊ុន សុខា លោក ចន យូដេត  លោក ស៊ាង ប៊ុនសុង លោក ទុំ ឆោម លោក ប៉ែន រ៉ា លោក កែវ សុផាត លោក ជី ពេជ្រ លោក អ៊ិន​ ប៊ុន​ធឿន និង បក្ខ​ពួក​​មួយ​ចំនួន​ទៀត។

ឆ្លើយ​តប​បណ្ដឹង​នេះ លោក ហ៊ុន សុខា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (VOD) ថា នឹង​ប្ដឹង​បក​អាក្រាត​អំពើ​ពុក​រលួយ​របស់​មេ​គយ​ព្រែក​ចាក ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ព្រែក​ចាក លោក យី ថុល បាន​ទេ ដោយសារ​ មេធាវី​របស់​លោក គឺ លោក មេធាវី សៅ បូផាន់ មិន​ទទួល​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៥ មិថុនា។ ប៉ុន្តែ​លោក​មេធាវី សៅ បូផាន់ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា មេធាវី​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​បដិសេធ​ការ​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ។

ក្នុង​បណ្ដឹង​របស់​មេធាវី​តំណាង​ការិយាល័យ​គយ និង​រដ្ឋាករ​​ព្រំដែន​ព្រែក​ចាក ប្ដឹង​អ្នក​កាសែត​ទាំង​នោះ គឺ​ទាមទារ​សំណង​​​ចំនួន ១០ម៉ឺន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល