មេធាវី​លោក កឹម សុខា ថា ការ​​ដាក់​ភស្តុតាង​បន្ថែ​ម​​របស់​តំណាង​អយ្យការ ជា​រឿង​មិន​​ត្រឹម​ត្រូវ

ដោយ មួង ណារ៉េត
2020-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។
ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។
រូប៖ ពលរដ្ឋ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កុម្ភៈ​នេះ បាន​បន្ត​សវនាការ​កាត់​ក្តី​សំណុំ​រឿង​លោក កឹម សុខា ប៉ុន្តែ​សវនាការ​មិន​​បាន​ជជែក​លើ​អង្គ​សេចក្ដី​ឡើយ ពោល​គឺ​បាន​ត្រឹម​តែ​ជជែក​​រឿង​ភស្តុតាង​ជា​វីដេអូ ដែល​​តំណាង​អយ្យការ​បាន​ដាក់​​កាល​ពី​ម្សិលមិញ​ប៉ុណ្ណោះ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក វង្ស ប៊ុនវិសុទ្ធ​ បាន​ដាក់​ភស្តុតាង​បន្ថែម​ជា​វីដេអូ​ចំនួន ៧ឃ្លីប បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វីដេអូ​ថ្លែងការណ៍​រយៈ​ពេល​ជាង ១ម៉ោង​របស់​លោក កឹម សុខា នៅ​ប្រទេស​អូស្ត្រាលី ដែល​មេធាវី​បាន​ដាក់​ជូន​តុលាការ​ ដើម្បី​ជួយ​ដោះបន្ទុក​កូន​ក្ដី។ វីដេអូ​ចំនួន៧ របស់​តំណាង​អយ្យការ​នោះ គឺ​ភាគ​ច្រើន​និយាយ​អំពី​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ទីលាន​ប្រជាធិបតេយ្យ បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង និង​ការ​ថ្លែង​សារ​នយោបាយ​មួយ​ចំនួន​របស់​លោក កឹម សុខា។ តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទទួល​យក​ភស្តុតាង​បន្ថែម​ថ្មី​នេះ និង​អះអាង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​សិទ្ធិ​ដាក់​ភស្តុតាង​បន្ថែម​ ទោះ​ជា​ក្នុង​​ដំណាក់​កាល​ជំនុំ​ជម្រះ​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា ក្រុម​មេធាវី​លោក​ កឹម សុខា បា​ន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​​ដាក់​ភស្តុតាង​របស់​តំណាង​អយ្យការ ក្រោម​​ហេតុ​ផល​ថា នេះ​ជា​រឿង​មិន​​ត្រឹម​ត្រូវ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ ក្រុម​មេធាវី​​លោក កឹម សុខា ពន្យល់​ថា ការ​ដាក់​ភស្តុតាង​នៅ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​នេះ អាច​ធ្វើ​បាន​តែ​ចំពោះ​ភាគី​ដើម​បណ្ដឹង និង​ភាគី​ជន​ជាប់​ចោទ​ប៉ុណ្ណោះ ហើយ​សូម្បី​តែ​ភាគី​ដើម​បណ្ដឹង​​ក៏​ដោយ​ចុះ ក៏​​អាច​ត្រឹម​​ដាក់​ភស្តុតាង​ទាក់ទង​នឹង​ការ​ខូច​ខាត​ និង​ទុក្ខ​សោក​ដែរ មិន​​មែន​ជា​ភស្តុតាង​ដាក់​ពិរុទ្ធ​នោះ​ឡើយ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា គឺ​លោក អាង ឧត្តម ប្រាប់​អាស៊ី​សេរី​ថា ការ​ដាក់​ភស្តុតាង​បន្ថែម​របស់​តំណាង​អយ្យការ​នេះ ​មានន័យ​ថា ការ​ស៊ើបអង្កេត​កន្លងមក​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​ទេ ដូច្នេះ​លោក កឹម សុខា គួរ​ទទួល​បាន​ការ​លើក​លែង​បទ​ចោទ​ប្រកាន់៖ «ភស្តុតាង​ដែល​គាត់​បាន​កំណត់​ថា ត្រឹម​ត្រូវ​ ពិត​ប្រាកដ ពេញលេញ គ្រប់​គ្រាន់​ដាក់​​បន្ទុក​​ហើយ​ទៅ​ជា​អត់​គ្រប់​គ្រាន់ អត់​ពេញលេញ​វិញ​អ៊ីចឹង ក្នុង​ករណី​នេះ​វា​ចូល​ទៅ​ក្នុង​គោលការណ៍​វិមតិសង្ស័យ។ ច្បាប់​រដ្ឋធម្មនុញ្ញ​​យើង វិមតិសង្ស័យ​​​ត្រូវ​បាន​​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ​ហើយ។ យើង​អះអាង​អ៊ីចឹង ហើយ​សូម​តុលាការ​លើកលែង​ចោទ​ប្រកាន់។ ចាំ​មើល​​តើ​តុលាការ​សម្រេច​យ៉ាងម៉េច? បើ​គោល​ការណ៍​ហ្នឹង​មិន​អនុវត្ត​ទេ អា​ហ្នឹង​សិទ្ធិ​នោះ​ត្រូវ​ប្រើ​យ៉ាង​ម៉េច​ គោល​ការណ៍​​ហ្នឹង​វា​អនុវត្ត​ទៅ​យ៉ាងម៉េច​ទៀត យើង​បាន​តតាំង​អស់ហើយ»

ទោះ​ជា​យ៉ាង​ណា​ ក្រោយ​ជជែក​ដេញដោល​គ្នា​អស់​ពេល​មួយ​​ព្រឹក​ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ទទួល​យក ឬ​បដិសេធ​ភស្តុតាង​របស់​តំណាង​អយ្យការ​នោះ​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា វាយ​តម្លៃ​ថា សវនាការ​សម្រាប់​សប្ដាហ៍​ទី៦ នេះ ហាក់​ដូច​គ្មាន​អ្វី​ជឿន​លឿន​ទៅមុខ​នោះ​ទេ ដោយសារតែ​ការ​ជជែក​​គ្នា​ច្រើន​​រឿង​នីតិវិធី​ដាក់​ភស្តុតាង។ លោក​បន្ត​ថា សំណុំ​រឿង​លោក កឹម សុខា នេះ បាន​ប្រើ​ពេល​ជាង ២ឆ្នាំ ដើម្បី​ស៊ើប​អង្កេត ដូច្នេះ​តំណាង​អយ្យការ​គួរ​តែ​ដាក់​​ភស្តុតាង​ទាំង​ឡាយ​នៅ​ក្នុង​​ដំណាក់​កាល​នោះ មិន​មែន​ទើប​តែ​ដាក់​ភស្តុតាង​បន្ថែម​នៅ​ក្នុង​​ពេល​ជំនុំ​ជម្រះ​បែប​នេះ​ទេ។

អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​គួរ​តែ​សម្រេច និង​បកស្រាយ​​ឱ្យ​​បាន​ច្បាស់​អំពី​នីតិវិធី​នៃ​ការ​ដាក់​ភស្តុតាង​នេះ ដើម្បី​ឱ្យ​សវនាការ​លើក​ក្រោយៗ ទៀត អាច​ជជែក​ដល់​រឿង​អង្គ​សេចក្ដី៖ «តុលាការ​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​បុគ្គល​ណា​ គួរ​តែ​បាន​ធ្វើ​ឱ្យ​ដាច់​ស្រេច នៅ​ក្នុង​ដំណាក់​កាល​ចោទ​ប្រកាន់​របស់​ខ្លួន រួម​ទាំង​នៅ​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​ ដែល​យើង​ឃើញ​ហើយ​នៅ​ក្នុង​​សំណុំ​រឿង​លោក កឹម សុខា នេះ ជាង ២ឆ្នាំ​ហើយ ដែល​ធ្វើ​ការ​ស៊ើបសួរ​ហ្នឹង។ អ៊ីចឹង​មិន​គួរ​ណា​មក​ធ្វើការ​ដាក់​នូវ (សំណួរ) បណ្ដេញ​ជា​មួយ​ភាគី (មេធាវី​លោក កឹម សុខា) បែប​នេះ​ទេ»

ដូច​គ្នា​នៅ​ថ្ងៃ​ទី១ ​​ដែរ សវនាការ​ថ្ងៃ​ទី២ សប្ដាហ៍​ទី៦ នេះ នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​មាន​សភាព​ស្ងប់ស្ងាត់ មិន​ដូច​កាល​​ពី​ពេល​​ចាប់​ផ្ដើម​សវនាការ​លើក​ដំបូងៗ នោះ​ទេ។ គេ​ឃើញ​មាន​តែ​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ និង​អ្នក​គាំទ្រ​លោក កឹម សុខា បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​បង្ហាញ​វត្តមាន​ច្រើន​ជាងគេ​នោះ គឺ​ក្រុម​កង​កម្លាំង​រដ្ឋាភិបាល មាន​ទាំង​អ្នក​ស្លៀក​ពាក់​ឯក​សណ្ឋាន និង​អ្នក​ស្លៀក​ពាក់​ស៊ីវិល។

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា នឹង​មិន​មាន​សវនាការ​សំណុំ​រឿង​លោក កឹម សុខា នោះ​ទេ នៅ​សប្ដាហ៍​ក្រោយ ហើយ​ការ​កាត់​ក្ដី​សម្រាប់​សប្ដាហ៍​ទី៧ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី១១ មីនា ជំនួស​វិញ។

សហ​មេធាវី​លោក កឹម សុខា លោក អាង ឧត្ដម អះអាង​ថា លោក​នឹង​សួរ​ដេញដោល​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​អំពី​ករណី​ផ្អាក​សវនាការ​នេះ ព្រោះ​នេះ​​ជា​លើក​​ទីពីរ​ហើយ​ដែល​ក្រុមប្រឹក្សា​ផ្អាក​សវនាការ​ដោយ​មិន​បញ្ជាក់​ពី​ហេតុផល ស្រប​ពេល​ក្រុម​មេធាវី​យល់​ថា តុលាការ​ហាក់​មាន​​ចេតនា​ពន្យារពេល​រឿង​ក្ដី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល