ពលករ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បុណ្យខួប​ ៣​ឆ្នាំ​រំលឹក​​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2019.06.05
ខួប​១​ឆ្នាំ​បណ្ឌិត កែម ឡី ២០១៧ ៦២២ រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង នឹង​រៀបចំ​កម្ម​ពិធីបុណ្យ​រំលឹក​ខួប​៣​ឆ្នាំ ជូន​លោក បណ្ឌិត កែម ឡី នៅ​ថ្ងៃអាទិត្យ ទី​៧ ខែ​កក្កដា​ខាងមុខនេះ។

មន្ត្រី​នៃ​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េខាងត្បូង លោក វ៉ាន់ ឌី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មិថុនា នេះ​ថា ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​រៀបចំ​ពី​ធី​រំលឹក​ខួប​បី​ឆ្នាំ​នៃ​ឃាតកម្ម លោក បណ្ឌិត កែម ឡី នេះ ក្នុង​គោលបំណង​សំខាន់​នោះ​គឺ រំលឹក​ដឹងគុណ លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ​ឥត​ខ្លាច​រអា​នៅ​ក្នុង​សង្គម​មួយ មានការ​រឹតត្បិត គំរាម​កំហែង ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងណាក្ដី​។

លោក​បន្ថែម ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចាំ​មិន​ភ្លេច​ឡើយ នូវ​វីរភាព​ស្នេហា​ជាតិ ដ៏​អង់អាច​ក្លាហាន ដែល​ជា​គំរូ​មួយ​ដ៏​ល្អ និង​ជា​ការ​បណ្ដុះ​ស្មារតី សម្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវ​ហ៊ាន​ងើបឡើង​តស៊ូ​រើ បម្រាស ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ។

លោក វ៉ាន់ ឌី អះអាង​ថា ពិធីបុណ្យ​រំលឹក​ខួប​នេះ ភរិយា​លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា និង​កូនពៅ​ក៏​នឹង​ទៅ​ចូល​រួម​​ដែរ​ ហើយ​បច្ច័យ​ដែល​ទទួល​បាន​ពី​កម្មវិធី​បុណ្យ​នេះ នឹង​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ទាំងអស់ ដើម្បី​យក​ទៅ​កសាង​វត្ត​ថ្មី ឈ្មោះ​ថា " វត្ត​​ខ្មែរ​​កូរ៉េ​​ខេមរារាម​" ដើម្បី​ឧទ្ទិស​កុសល​ជូន ដល់​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី។

លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ស្ដារ​ម៉ាត​កាល់​តិច (Star Mart Caltex) ក្បែរ​ស្តុប​បូកគោ​រាជធានី​ភ្នំពេញ។ តុលាការ បាន​ផ្ដន្ទាទោស អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ​សង្គម​ស៊ីវិល​ស្នើ​​​រដ្ឋាភិបាល​ឱ្យ​​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី បន្ថែម​ទៀត ព្រោះ​ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី នេះ គេ​សង្ស័យ​ថា នឹង​មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។