តុលាការ​សួរដេញដោល លោក កឹម សុខា ច្រើន​អំពី​រឿង​បង្កើត​គណបក្ស​សង្គ្រោះជាតិ

ដោយ ទីន ហ្សាការីយ៉ា
2020-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ ពុធ ទី​២៦ កុម្ភៈ​នេះ បាន​បន្ត​សវនាការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា សម្រាប់​សប្ដាហ៍​ទី​៦ ។ ការ​ដេញដោល​នៅ​ថ្ងៃ​នេះ ផ្តោត​ជា​សំខាន់​ទៅលើ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញពី​សម្ពន្ធភាព​នយោបាយ​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា និង​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី។

សវនាការ​ថ្ងៃ​ទី​០១ នៃ​សប្ដាហ៍​ទី​០៦ នេះ បាន​ចាប់ផ្តើម​ឡើង​ដោយ​ការ​ជជែក​រឿង​ការ​ដាក់​ភស្តុតាង​បន្ថែម​របស់​ក្រុម​មេធាវី​តំណាង​ឱ្យ​ភាគី​រដ្ឋាភិបាល​។ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ហាក់​មិនសូវ​សប្បាយចិត្ត​ឡើយ​ចំពោះ​ការ​ដាក់​ភស្តុតាង​បន្ថែម​នោះ ដោយសារ​ពួកគាត់​មិន​ទទួល​បាន​ភស្តុតាង​នោះ ហើយក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សួរដេញដោល​ពេញលេញ​ចំពោះ​ការ​ដាក់​ភស្តុតាង​នេះ​ដែរ កាល​ពី​សប្ដាហ៍​មុន​។ ក្រោយ​ការ​ជជែក​ដេញដោល​ជាង​មួយ​ម៉ោង​រវាង​តំណាង​អយ្យការ ក្រុម​មេធាវី​រដ្ឋាភិបាល និង​ក្រុម​មេធាវី​របស់​លោក កឹម សុខា អំពី​រឿង​ដាក់​ភស្តុតាង​នេះ​រួចមក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក កូយ សៅ ក៏​សម្រេច​ឱ្យ​ភាគី​នីមួយៗ​ផ្អាក​ការ​ជជែក​នោះ ដើម្បី​ងាក​ទៅ​បន្ត​ជជែក​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ថ្ងៃ​ចាប់ខ្លួន​លោក កឹម សុខា វិញ។

តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ លោក វង្ស ប៊ុនវិស្សុត បាន​ចោទសួរ​លោក កឹម សុខា អំពី​ចំណុច​មួយ​ចំនួន​មុន​នឹង​ការ​ឈាន​ដល់​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១២ ដូចជា មូលហេតុ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ និង​ការ​ជួប​ជុំ​គ្នា​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ចរចា​បង្កើត​គណបក្ស​សង្គ្រោះជាតិ ជាដើម​។ លោក កឹម សុខា បាន​ឆ្លើយតប​ថា មូលហេតុ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ជាមួយ​គណបក្ស​កាន់អំណាច​។ តំណាង​អយ្យការ​បាន​ចោទសួរ​លោក កឹម សុខា ទៀត​ថា តើ​ការ​ចាប់ផ្តើម​ចរចា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​លុយកាក់ និង​មតិយោបល់​ពី​ខាង​ភាគី​បរទេស​ណា​ឬទេ​? លោក កឹម សុខា ឆ្លើយ​ថា មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​បរទេស​ណា​នោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​កើត​ចេញ​ពី​ឆន្ទៈ​ខ្មែរ​ពិតប្រាកដ រួមមាន​រូបលោក​ផ្ទាល់ លោក សម រង្ស៊ី និង​ភាគី​ខ្មែរ​មួយ​ចំនួន​ទៀត​។

ក្នុង​សវនាការ​នេះ មេធាវី​តំណាង​ឱ្យ​រដ្ឋាភិបាល​ក៏បាន​ចោទសួរ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការរួម​គ្នា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចោទសួរ​របស់​តំណាង​អយ្យការ​ផង​ដែរ។

សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​ថា ដោយសារតែ​មាន​រឿង​ច្រើន​ដែល​ត្រូវ​ជជែក​ដេញដោល លោក​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បើកសវនាការ​រឿង​ក្តី​នេះ​៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ថ្ងៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ«កន្លងមក​មាន​មតិ​លើក​ឡើង​ថា មេធាវី​ពួក​ខ្ញុំ​នេះប្រើ​យុទ្ធសាស្ត្រ​ពន្យា​រពេល​វេលា។ អ៊ីចឹង​ដើម្បី​សម្តែង​ថា យើង​អត់​មាន​​ចេតនា​អ្វី​ចង់​ពន្យារពេល​អង្គសវនាការ​ទេ បាន​ជា​យើង​សំណូម​ពរ​ថា សូម​​ឱ្យ​តុលាការ​ហ្នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្នុ​ងមួយ​​សប្តាហ៍​៥ ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​៨ កន្លះព្រឹក រហូ​តដល់ម៉ោង១១ កន្លះ ពេល​រសៀល​ពីម៉ោង២ រហូតដល់​ម៉ោង៥ ក៏​​ប៉ុន្តែគួរឱ្យ​សោក​ស្តាយ​ អ្វី​ដែល​យើង​សំណូម​ពរ គឺ​យើង​អត់បាន​ទទួល​ការ​ឆ្លើយ​តប​តាម​​សំណូម​ពររបស់​យើង​ទេ »

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​ស្ដាប់​សវនាការ​នេះ កត់សម្គាល់​ថា ក្នុង​សវនាការ​លើក​នេះ ចៅក្រម​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ភាគី​ទាំងសងខាង ដើម្បី​ដេញដោល​គ្នា​ដែល​ខុស​ពី​សវនាការ​លើក​មុនៗ ក៏​ប៉ុន្តែ​លោក​ថា ខាង​តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល​បាន​តាំង​សំណួរ​ដដែល និង​ជាន់គ្នា ដែល​ជា​រឿង​ខាត​ពេលវេលា​។ លោក​ថា សំណើ​របស់​ក្រុម​មេធាវី​ដែល​ចង់​ឱ្យ​តុលាការ​បើកសវនាការ​រឿង​នេះ​ឱ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នោះ តុលាការ​គួរតែ​ពិចារណា​ទទួលយក ព្រោះ​រឿង​ក្តី​នេះ​ត្រូវ​ប្រើ​ពេល​យូរ«នីតិវិធី​ហ្នឹង​ហាក់​ដូច​ជា​មាន​ការ​ច្រំដែលច្រើន អ៊ីចឹងគួរ​តែ​ខាង​សាលាដំបូង ឬក៏​គ្រប់ភាគី​ពាក់ព័ន្ធ​គួរ​តែ​ធ្វើ​យ៉ាងណាកំណត់​នូវ​សំណួរ​ណា​ខ្លះដែល​មិន​គួរ​ណាលើក​មក​​សួរ​ដដែលអ៊ីចឹងទេ។ បើ​មាន​អយ្យការ​សួរ​ហើយ មេធាវី​ដើម​បណ្តឹងមិន​គួរ​ណា​បន្ថែម​សួរ​លើ​សំណួរ​ដដែល​ទៀត​ទេ។ យើង​​មិន​ចង់​ឃើញ​របៀប​ដដែល​ហ្នឹង​ទេ ទីមួយ​វា​ធ្វើ​ឱ្យ​ខាតពេល ហើយ​ធ្វើ​ឱ្យ​ដំណើរ​រឿង​ហ្នឹង​វា​យឺត​ពេល​ជាដើមអ៊ីចឹង​ទៅ។ យើង​ចង់​ធ្វើ​ម៉េច​ឱ្យ​មាន​វា​មាន​ការ​សម្រួល​នូវ​នីតិវិធីហ្នឹង​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​ហ្នឹង​ទៅទៀត»

ស្រប​ពេល​នៃ​សវនាការ​នេះ នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ឯណោះ​វិញ មិន​សូវ​មាន​អ្នកឃ្លាំមើល​ច្រើន​ដូច​ពីមុនៗ​នោះ​ទេ គឺ​មានតែ​អ្នកសារព័ត៌មាន​មួយ​ចំនួន និង​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ប៉ុណ្ណោះ​។ សវនាការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កុម្ភៈ បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល