គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ប្ដឹង​លោក គឹម សុខ ទាក់ទង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ឡេង ម៉ាលី
2017.02.12
គឹម សុខ ២០១៧ ៨៥៥ អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ គឺ​លោក គឹម សុខ កំពុង​ប្រឈម​នឹង​ការ​ប្ដឹងផ្ដល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​ទស្សនៈ​របស់​លោក​អំពី​ឃាតកម្ម​លើ​លោក កែម ឡី។ មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​សម្ដី​លោក គឹម សុខ ថា​ជា​ការ​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច។

មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក គី តិច មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ថា ការ​ប្ដឹង​លោក គឹម សុខ គឺ​សំអាង​លើ​ប្រសាសន៍​របស់​លោក​ដែល​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ចុង​ក្រោយ​សម្លាប់​លោក កែម ឡី«ដើម​ហេតុ​នៃ​ការ​ប្ដឹង គឺ​ដូច​ខ្ញុំ​ជម្រាប​អម្បាញ់មិញ​អ៊ីចឹង ពាក់ព័ន្ធ​នឹង​ការ​និយាយ​ដែល​មាន​ចេតនា ចោទ​ថា គណបក្ស​កាន់​អំណាច​នេះ គឺ​ប្រើ​វិធី​សម្លាប់ កែម ឡី ចុង​ក្រោយ។ នេះ​ជា​មូលហេតុ​នៃ​ការ​ប្ដឹង»

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ កុម្ភៈ រំឭក​ពី​ព្រឹត្តិការណ៍​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ការ​បង្ក្រាប ការ​បាញ់​សម្លាប់ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣«បាន​ន័យ​ថា គឺ​គេ​ប្រើ​គ្រប់​រូបភាព​អស់​ហើយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ការ​បង្ក្រាប ទាំង​បាញ់​សម្លាប់​ទៅ​ទៀត។ ក្រោយ​មក​នៅ​តែ​តវ៉ា តវ៉ា​ហើយ​គេ​ប្រើ​រូបភាព​ផ្ដាច់ការ ដូចជា​យន្តហោះ ហោះ​លើ​អគារ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​មក​ពី​រូបភាព​ហ្នឹង។ មាន​រឿង​ផ្សេងៗ​ដូចជា ការ​ចាប់​ដៃ​លោក សម រង្ស៊ី លោក កឹម សុខា រូបភាព​អស់​ហ្នឹង គឺ​ថា​ដើម្បី​ជា​រូបភាព​មួយ​ក្នុង​ល្បិចកល​ផ្ដាច់ការ ដើម្បី​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ធ្វើ​បែប​អស់​ហ្នឹង​ហើយ សម្លាប់​ហើយ​អី​ហើយ​ហ្នឹង ទាំង​ចុង​ក្រោយ សម្លាប់​លោក កែម ឡី ទៀត សម្លាប់​ហើយ​អី​ហើយ ពលរដ្ឋ​នៅ​តែ​ងើប។ ដូច្នេះ​នៅ​តែ​វិធី​ចុង​ក្រោយ​មួយ​ទេ គឺ​វិធី​ប្រើ​ច្បាប់ គឺ​ថា​ប្រើ​ប្រព័ន្ធ​ច្បាប់ ដើម្បី​សម្លាប់​សកម្មភាព​នយោបាយ​ប្រជាធិបតេយ្យ​ជា​ប្រព័ន្ធ​តែ​ម្ដង។ បាន​ន័យ​ថា​កម្ទេច»

នៅ​រសៀល​ថ្ងៃ​ដដែល លោក គឹម សុខ ឆ្លើយតប​នឹង​រឿង​ប្ដឹងផ្ដល់​នេះ​ថា មាន​រឿង​ជាច្រើន​ដែល​លោក​បាន​និយាយ ចាប់​តាំង​ពី​ការ​ប្លន់​អំណាច ការ​លក់​ជាតិ ការ​បែកបាក់​ផ្ទៃ​ក្នុង ជាដើម។ លោក​បន្ត​ថា រឿង​សម្លាប់​លោក កែម ឡី លោក​ប្រើ​ពាក្យ​ថា គេ ហើយ​រដ្ឋាភិបាល​គួរ​ស៊ើប​អង្កេត​រក​គេ​នោះ​ជា​នរណា?«សម្ដេច​នាយក​រដ្ឋមន្ត្រី​មិន​គួរ​ខ្លួន​មក​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ថា គេ​ហ្នឹង ថា​ជា​គាត់​ទេ ចំណុច​សំខាន់។ ក៏ប៉ុន្តែ​ប្រសិន​បើ​គាត់​ពិត​ជា​ប្ដឹងផ្ដល់​ខ្ញុំ​មែន​ទៅ​តុលាការ ហើយ​ការ​អធិប្បាយ​របស់​ខ្ញុំ​ពិត​ជា​ជាប់​នៅ​ក្នុង​លក្ខខណ្ឌ​ច្បាប់​ត្រឹមត្រូវ​មែន (ខ្ញុំ​មិន​និយាយ​ពី​ច្បាប់​បំភ្លៃ​បន្លំ​ទេ។ ខ្ញុំ​ព្រម​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​អត្ថាធិប្បាយ»

លោក​ថា រឿង​នេះ​មក​ពី​លោក​និយាយ​ចំៗ ហើយ​លោក​នឹង​នៅ​តតាំង​រឿង​ក្ដី​នេះ តែ​លោក​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​វីដេអូ​ពី​ការ​សម្លាប់​នោះ«ម៉េច​នឹង​អាច​បញ្ជាក់​ថា​ការ​និយាយ​របស់​ខ្ញុំ​ហ្នឹង​ខុស​បាន? បើ​មិន​អាច​បញ្ជាក់​និយាយ​របស់​ខ្ញុំ​ហ្នឹង​ខុស​បាន ប្រសិន​បើ​អង្គ​ចងចាំ​នោះ​បញ្ជាក់​ថា វា​មិន​ពាក់ព័ន្ធ​ទៅ​ដល់​កិត្តិយស​អ្នក​ដឹកនាំ​ទេ វា​មិន​មែន​ជា​រឿង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ពីព្រោះ​ខ្ញុំ​ប្រើ​ពាក្យ​ថា គេ។ ដូច្នេះ​ហើយ ខ្ញុំ​បញ្ជាក់​ដោយ​ខ្លី​ថា ខ្ញុំ​នៅ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ មិន​រត់​ទៅ​ណា​ទេ។ ទទួល​ខុស​ត្រូវ​ការ​អធិប្បាយ​របស់​ខ្ញុំ ក៏ប៉ុន្តែ​សុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​ក្នុង​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ឲ្យ​ខ្ញុំ​ស្ងប់​ចិត្ត​ផង​ថា ប្រសិន​ជា​ខ្ញុំ​ពិត​ជា​មាន​ទោស​មែន អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ឬ​សម្លាប់​លោក​បណ្ឌិត កែម ឡី ផ្ទាល់​នោះ មិន​មែន​គេ ដែល​ខ្ញុំ​ចង់​និយាយ​ទេ ជា​អ្នក​ផ្សេង។ ដូច្នេះ បង្ហាញ​អង្គ​ចងចាំ​ហ្នឹង​មក»

ទាក់ទង​នឹង​ប្រសាសន៍​របស់​លោក គឹម សុខ ដែល​នាំ​ឲ្យ​មាន​បណ្ដឹង​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ គឺ​លោក សូ ចន្ថា យល់​ឃើញ​ថា គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​លោក គឹម សុខ ប៉ុណ្ណោះ«ដោយសារ​តែ​ការ​ស្លាប់​របស់​សកម្មជន​ព្រៃ​ឈើ សកម្មជន​សិទ្ធិ​មនុស្ស ហើយ​អ្នក​ផ្សេងៗ​ទៀត​ហ្នឹង គឺ​ក្នុង​ដំណាក់កាល​នៃ​ការ​កាន់​អំណាច​របស់​បក្ស​កាន់​អំណាច គឺ​បក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​ហើយ​ទស្សនៈ​ដែល​បាន​លើក​ឡើង ខ្ញុំ​គិត​ថា​ជា​ការ​បញ្ចេញ​មតិ​មួយ​ដែល​យើង​មើល​ទៅ​វា​ជា​ការ​លើក​ឡើង ហើយ​អាច​ជា​ការ​បង្ហាញ​ថា បក្ស​កាន់​អំណាច​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ពេល​នេះ»

លោក សូ ចន្ថា មាន​អនុសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​នៅ​ពេល​នេះ គួរ​តែ​បើក​ទូលាយ​សម្រាប់​អ្នក​វិភាគ ដើម្បី​មាន​ឱកាស​បញ្ចេញ​មតិ​យោបល់​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ។ លោក​ថា ការ​ថ្លែង​ខុស គួរ​តែ​មាន​ការ​សុំ​ឲ្យ​កែ​តម្រូវ មុន​នឹង​ប្ដឹង។

ទោះ​ជា​យ៉ាង​ណា មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក គី តិច មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ពាក្យ​បណ្ដឹង​ប្រឆាំង​លោក គឹម សុខ នឹង​ត្រូវ​ដាក់​នៅ​ម៉ោងប៉ុន្មានពិត​ប្រាកដទេនៅថ្ងៃ​ទី​១៣ កុម្ភៈ ដោយសារ​តែ​លោក​កំពុង​រៀបចំ​បណ្ដឹង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។