លោក គឹម សុខ ធ្វើ​កូដកម្ម​បង្អត់​បាយ​និង​សាច់​ក្នុង​គុក​ទាមទារ​ដោះលែង លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2017-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

លោក គឹម សុខ ជា​អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម និង​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ធ្វើ​នយោបាយ​បំបែកបំបាក់​ជាតិ​ឯង​ជាបន្ទាន់ ដោយ​ងាក​ទៅ​រក​តុ​ចរចា ដើម្បី​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​នៅ​ឆ្នាំ​២០១៨ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បាន​សរសេរ​លិខិត​ពីរ​ច្បាប់​ចេញពី​មន្ទីរឃុំឃាំង​ព្រៃស​ថា លោក ហ៊ុន សែន ចាប់ចង​មេ​បក្ស​ប្រឆាំង និង​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​លោក ខ្លាច​ចាញ់​ការបោះឆ្នោត។

លោក គឹម សុខ ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារតែ​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់​នោះ បាន​សរសេរ​លិខិត​ពីរ​ច្បាប់​ដាច់ដោយឡែក​ពី​គ្នា ចេញពី​ពន្ធនាគារ​ដោយ​ប្រកាស​ថា លោក​ធ្វើ​កូដកម្ម​មិន ហូបបាយ និង​សាច់ ឬ​អាហារ​ណា​ដែល​មាន​ជាតិ​សាច់ គឺ​ហូប​តែ​ទឹក​បបរ​ស និង​អំពិល និង​ហូប​បន្លែ​ស្រស់​ទឹក​ក្ដៅ ចាប់​ពី​ពេល​នេះ រហូតដល់​ថ្ងៃ​ដោះលែង​លោក កឹម សុខា​វិញ។

លិខិត​ពីរ​ច្បាប់​របស់​លោក គឹម សុខ ដោយ​សរសេរ​ដោយ​ដៃ​ផ្ទាល់​របស់​លោក​នេះ ទី​១ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ទី​២ អំពាវនាវ​ឲ្យ​ពលរដ្ឋ ទាំងអស់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បោះឆ្នោត​ផ្លាស់ប្ដូរ​មេដឹកនាំ​រដ្ឋាភិបាល។

លិខិត​ទាំងពីរ​ច្បាប់​នេះ មួយ​សរសេរ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា និង​មួយទៀត​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៧ តុលា។

នៅ​ក្នុង​លិខិត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នោះ លោក គឹម សុខ អះអាង​ថា លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់ជាតិ​ទេ។ ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ ហើយ​ចាប់ ដាក់គុក​ទាំង​យប់ គឺជា​ការ​បង្ករឿង​បំបែកបំបាក់​ជាតិ​ដ៏​អាក្រក់​បំផុត​ក្នុង​ស្ថានភាព​នយោបាយ​ដូច បច្ចុប្បន្ន ដែល​តុលាការ​មិន​ឯករាជ្យ​យុត្តិធម៌ និង​គ្រាន់តែ​ជា​សេនាធិការ​នយោបាយ​ជួយ​ប្លន់​អំណាច ឲ្យ​អ្នកដឹកនាំ។

លោក គឹម សុខ នៅតែ​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា វិញ ដោយ លោក​អះអាង​ថា តាម​ការស្រាវជ្រាវ​របស់​លោក រក​មិន​ឃើញ​ពី​ចំណុច​ណាមួយ​ពី​សកម្មភាព​នយោបាយ និង​ទាំង​ពី​សម្ដី​ថ្លែង​របស់​គាត់​អាច​បញ្ជាក់​ថា លោក កឹម សុខា ជា​ជន​ក្បត់ជាតិ​នោះ​ទេ។ ប៉ុន្តែ​ជា​អ្នក​នយោបាយ ដែល​តែងតែ​រួមចំណែក​ក្នុង​កិច្ច​ដឹកនាំ​ពុះពារ​ព្យាយាម​នាំ​សេរីភាព​ប្រជាធិបតេយ្យ​មក​បញ្ជ្រាប ក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​ទូទៅ។ លោក គឹម សុខ បន្ថែម​ថា បើ​តុលាការ​ត្រូវការ​លោក​ទៅ​បំភ្លឺ ផ្អែក​លើ ការ​សិក្សា​របស់​លោក​ជា​មូលដ្ឋាន​ដើម្បី​បង្ហាញ​សក្ខីកម្ម នៃ​សកម្មភាព​ដឹកនាំ​របស់​លោក កឹម សុខា ដែល​ពិតជា​ផ្ទុយ​ស្រឡះ​ពី​ទង្វើ​នៃ​ជន​ក្បត់ជាតិ​នោះ លោក​រីករាយ​សហការ ផ្ដល់​ចម្លើយ​ពន្យល់ យ៉ាង​ក្បោះក្បាយ​គ្រប់​ពេល។

ប្អូនប្រុស​លោក គឹម សុខ គឺ លោក គឹម សេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ តុលា ថា បងប្រុស​របស់​លោក​ទោះបីជា នៅ​ពន្ធនាគារ​ព្រៃស ហើយ​សរសេរ​លិខិត​បែបនេះ គឺ​លោក គឹម សុខ ឃើញ​ភាព​អយុត្តិធម៌​ច្រើនពេក ហើយ​លោក​ចង់​ជួយ​ជាតិ​តាមរយៈ​ការ​បញ្ចេញមតិ​នេះ ទោះបីជា​លោក​ជាប់​ឃុំឃាំង​ក្ដី។

ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា ហេតុអ្វី​បានជា​លោក គឹម សុខ មិន​ទាមទារ​ឲ្យ​ដោះលែង​ខ្លួន​លោក និង​មិន​បារម្ភ​ពី​សុវត្ថិភាព​ខ្លួនឯង​ទេ ដែល​លោក​ហ៊ាន​សរសេរ​លិខិត​អំពាវនាវ​ដូច្នេះ?

លោក គឹម សេង ឆ្លើយ​ថា តាម​ការយល់​របស់​លោក ទោះបីជា​លោក គឹម សុខ បាន​ចេញ​ពី​មន្ទីរ​ឃុំ ឃាំង​នា​ពេល​បច្ចុប្បន្ន ក៏​មិន​អាច​មានលទ្ធភាព​ធ្វើ​អ្វីៗ ដើម្បី​សង្គ្រោះ​ជាតិ​បាន​ដូច​លោក កឹម សុខា ដែរ ព្រោះថា លោក កឹម សុខា សំខាន់​ជាង​អ្នក​ណាៗ​ទាំងអស់​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​មក​បន្ត ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​ក្នុង​ការ​ប្រកួតប្រជែង​បោះឆ្នោត។

លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូបលោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ កាលពី​ខែ​សីហា កន្លងទៅ សាលាដំបូង​រាជធានី ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល ទាក់ទង​ការ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

លោក គឹម សេង បញ្ជាក់​ថា ស្ថានភាព​លោក គឹម សុខ នៅ​ក្នុង​ពន្ធនាគារ​ក្នុង​បន្ទប់​តូច ៤​ម៉ែត្រ ៤​ជ្រុង ដែល​គ្នា​ជិត​៣០​នាក់​ក្ដី ប៉ុន្តែ​លោក គឹម សុខ នៅ​តែ​មាន​ស្មារតី​រឹងមាំ​ខ្លាំង​ដដែល។ ក៏ប៉ុន្តែ​លោក​មាន​ជម្ងឺ​ក្រពះ និង​អាសា​ឈឺក្បាល។

ក្នុង​លិខិត​របស់​លោក គឹម សុខ ដដែល​សរសេរ​បន្ត​ថា គេ​អាច​យកឈ្នះ​លោក កឹម សុខា ជា​បុគ្គល ដោយ​ការ​ប្រើ​កម្លាំងបាយ​ចាប់​គាត់​ដាក់គុក​យូរ​ខែ​ច្រើន​ឆ្នាំ។ តែ​លោក​មាន​ជំនឿ​ថា ឧបាយកល​បែប នេះ​នឹង​ធ្វើ​ឲ្យ​គេ​ចាញ់​យ៉ាង​អាម៉ាស់ នៅ​ចំពោះ​កម្លាំង​ប្រជាធិបតេយ្យ​មិន​បោះបង់​សកម្មភាព​ខ្លាំង​រួម ក្នុង​ឆន្ទៈ​ច្បាស់​ផ្លាស់ប្ដូរ ស្រប​ខ្សែ​ចិត្ត​គ្នា​របស់​ប្រជាពលរដ្ឋ​ជាតិខ្មែរ​ច្រើន​លើសលប់​ទាំង​ក្នុង​និង​ក្រៅ ប្រទេស។

លោក គឹម សុខ អះអាង​ថា ដើម្បី​ទម្លុះទម្លាយ​ស្ថានការណ៍​ជាតិ​ដ៏​កោលាហល​បែប​នេះ ជា​ជម្រើស ល្អ​បំផុត គឺ​ការ​ដោះលែង​លោក កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ហើយ​ងាក​ទៅកាន់​តុ​ជជែក​គ្នា បើក​ច្រក​ទៅ​រក​ការប្រកួតប្រជែង​យុត្តិធម៌។ ជាក់ស្ដែង​ណាស់ គឺ​មាន​តែ​ការប្រកួត​បោះ ឆ្នោត​ដោយ​យុត្តិធម៌​ប៉ុណ្ណោះ ទើប​ជា​សេណារីយូ នាំ​ផ្លូវ​ខ្មែរ​អាច​យោគយល់​ផ្សះផ្សា​គ្នា​បាន នូវ​គ្រប់ ដំណោះស្រាយ​ជម្លោះ​ខ្វែងគំនិត​នយោបាយ​ផ្ទៃក្នុង​ខ្មែរ។

នៅក្នុង​លិខិត​មួយ​ច្បាប់​ទៀត​របស់​លោក គឹម សុខ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅ​ចុះឈ្មោះ ត្រៀម​ទៅ​បោះឆ្នោត​សង្គ្រោះ​ខ្មែរ។ លោក គឹម សុខ បញ្ជាក់​ថា រឿង​កញ្ជ្រោល​នយោបាយ​ថ្មីៗ ចាំ​តាំងពី​ការ​រំខាន​សកម្មភាព​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ព្រមទាំង​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ទាំង កាសែត​វិទ្យុ និង​ការ​ចាប់​កម្ចាត់​អ្នកនយោបាយ​ខ្មែរ​ជាតិ​ឯង គឺជា​ស្ថាន​ការ​ស្ដែង​បញ្ជាក់​ថា លោក ហ៊ុន សែន ខ្លាច​ការបោះឆ្នោត​ត្រឹមត្រូវ។ បុគ្គល​នេះ​ដឹង​ច្បាស់​ថា បើ​គាត់​ហ៊ាន​ប្រកួតប្រជែង​ដោយ​ចំហ យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​នោះ គាត់​ដឹង​ប្រាកដ​ណាស់​ថា អ្នក​ចាញ់​គឺជា​គាត់។ ហេតុនេះ ល្បិចកល​របស់​លោក ហ៊ុន សែន គឺជា​ការ​រុញ​ឲ្យ​មាន​កោលាហល​នយោបាយ ដើម្បី​កូរ​ឲ្យ​ច្របល់ យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ជា​ឧបាយកល​រាវរក​វិធី​សង្គ្រោះ​អំណាច​របស់​ខ្លួន។

លោក គឹម សុខ បញ្ជាក់​ថា ល្បិចកល​លោក ហ៊ុន សែន មាន​គោលដៅ ៥​ចំណុច​ដូចជា បង្វែរ​ចំណាប់អារម្មណ៍​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ផ្ដោត​តែ​លើ​ការ​ដោះស្រាយ​នយោបាយ​ថ្មីៗ ហើយ​រំសាយ​ពី ការងារ​យុទ្ធនាការ​ជំរុញ​ការបោះឆ្នោត។ ខ្ទប់​សកម្មភាព​ក្រុម​ណា​ដែល​ជា​បង្អែក​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ ដូចជា​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន​ចុះឈ្មោះ​បោះឆ្នោត។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន់​ប្រាកដ​គាំទ្រ​បក្ស​ណាមួយ។ វាយប្រហារ​ស្មារតី​អ្នកបោះឆ្នោត​ខ្មែរ ដែល​ប៉ុនប៉ង​ដូរ​មេដឹកនាំ។

ជា​សរុប​សេចក្ដី​ទៅ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន មិន​សង្ឃឹមលើ​ការ​ឈ្នះ​ការ​បោះ ឆ្នោត ម្ល៉ោះ​ហើយ ក៏​ព្យាយាម​កូរ​ឲ្យ​ច្របល់​យុទ្ធនាការ​បោះឆ្នោត។ ប៉ុន្តែ វា​គ្មាន​ប្រយោជន៍​ដែល​យើង ត្រូវ​នាំគ្នា​ទៅ​គិត​លេងល្បិច​ល្បែង​កខ្វក់​នេះ​ទេ។ រឿង​ដែល​ត្រូវ​ស្រុះគ្នា​លេង​នៅ​ក្នុង​កាលៈទេសៈ នេះ គឺ​ការ​បបួលគ្នា​ស្រូត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ត្រៀមខ្លួន​សង្គ្រោះ​ខ្មែរ​នៅ​ឆ្នាំ​២០១៨ ដោយ ក្រោយ​ចេញពី​គុក​លោក គឹម សុខ សន្យា​ថា នឹង​សាង​ផ្នួស​សូត្រ​ធម៌​មួយ​ឆ្នាំ ទុកជា​ការ​ដឹង​គុណ ពលរដ្ឋ​រួម​ជាតិ​ទាំងអស់៕

ព័ត៌មាន (1)
Share

Jim

ពី Phnom Penh

ប្រយ័ត្នតែលួចញាំុ គឺថា ហាហាហា

Oct 09, 2017 08:55 AM

គេហទំព័រ​ទាំងមូល