ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ចំនួន​៣ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់

0:00 / 0:00

ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ចំនួន​បី ជា​ការ​ប្រញាប់។ ច្បាប់​ថ្មី​ទាំង​បី​នោះ​ត្រូវ​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី២៧ ខែមិថុនា រួម​មាន ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ មាន ៨ជំពូក និង ២៤មាត្រា និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម មាន ៩ជំពូក និង ៤៧មាត្រា។ ចុង​ក្រោយ​គឺ ច្បាប់​ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​មាន ៦ជំពូក និង ៤៤មាត្រា។ ច្បាប់​ទាំង​បី​នេះ ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​របប​ឯក​បក្ស អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​កាល​ពី​ដើម និង​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ មាន​វិសាលភាព​ចំពោះ​សកម្មភាព​បទ​ល្មើស​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ រីឯ​ច្បាប់​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​កំណត់​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កម្ពុជា និង​រដ្ឋ​បរទេស ពាក់ព័ន្ធ​នឹង​ការ​បង្កក ការ​ចាប់​យក និង​ការ​រឹបអូស​ទ្រព្យ រួម​ទាំង​បទ​ល្មើស​ព្រហ្មទណ្ឌ​នានា មាន​វិសាលភាព​អនុវត្ត​ជាមួយ​រដ្ឋ​ពាក់ព័ន្ធ​ទាំង​អស់ បើ​ទោះ​ជា​រដ្ឋ​ទាំង​នោះ​មិន​មាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​ក៏​ដោយ។

ទោសទណ្ឌ​ដែល​ច្បាប់​ថ្មី​ទាំង​នេះ​ដាក់​ចេញ រួម​មាន បទ​សម្អាត​ប្រាក់ អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥រយ​លាន​រៀល ស្មើ​នឹង​ប្រមាណ ១២ម៉ឺន​ដុល្លារ។ រីឯ បទ​ហិរញ្ញប្បទាន​ភេរវកម្ម អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់ ២០ឆ្នាំ។ ដោយ​ឡែក ចំពោះ​បទ​ល្មើស​នៃ​ការ​ប្រគល់​ទ្រព្យ​សម្បត្តិ ដល់​ជន ឬ​អង្គភាព ដែល​ច្បាប់​ហាមប្រាម អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ទៅ​ពីរ​រយ​លាន​រៀល ស្មើ​នឹង ៥ម៉ឺន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។