ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក គិត ធាង ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត រ៉ក់ បណ្ដោះអាសន្ន ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ជាង ៥០គីឡូក្រាម។ បណ្ដាញយុវជន និងសង្គមស៊ីវិល គាំទ្រចំណាត់ការតុលាការ និងទាមទារឲ្យស្រាវជ្រាវអ្នកពាក់ព័ន្ធ និងម្ចាស់ក្លឹបកម្សាន្តពេលរាត្រី និងបារបារាំងដទៃទៀត។
លោក ឧកញ៉ា គិត ធាងត្រូវចៅក្រមស៊ើបសួរ លោក សេង លាង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារស្នងការនគរបាលរាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ)។ ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (ហ្វ្រេសញូវ) ចុះផ្សាយថា លោកគិត ធាង ត្រូវចោទប្រកាន់ពីបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានទេ នៅថ្ងៃទី១២ មីនា ដោយលោកមិនទទួលទូរស័ព្ទ។
កាលពីព្រឹកថ្ងៃទី១២ មីនា នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់ (ROCK) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីសមត្ថកិច្ចរកឃើញគ្រឿងញៀនជាង ៥០គីឡូក្រាម ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ជាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីវេលាទៀបភ្លឺថ្ងៃទី២៣ ខែកុម្ភ:។
លោក គិត ធាង ត្រូវបានចាប់ខ្លួន នៅក្នុងភូមិគ្រឹះក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក នៅព្រលប់ថ្ងៃទី១១ មីនា ក្រោយពេលមេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតរកមេក្លោងជួញដូរគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងបញ្ជាឲ្យតុលាការដំណើរនីតិវិធីឲ្យបានម៉ឺងម៉ាត់។
លោក គិត ធាង គឺជាឈ្មួញល្បីឈ្មោះម្នាក់នៅកម្ពុជា និងជាបងប្រុសបង្កើតរបស់លោក ឧកញ៉ា គិត ម៉េង ម្ចាស់អាជីវកម្មច្រើនវិស័យ និងមានការជួយជ្រោមជ្រែងពី លោក ហ៊ុន សែន។ លោក គិត ធាងធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ចំនួន ៣ដងរួចមកហើយ ដើម្បីឈប់ផ្ដល់ទីតាំងក្លឹបកម្សាន្តរ៉ក់ សម្រាប់ប្រមូលផ្ដុំ សេពគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ នេះមិនទាន់រាប់បញ្ចូលករណីបាញ់បោះ ច្រើនលើកច្រើនសា និងករណីបែកធ្លាយវីដេអូ អាសអាភាសជាច្រើនឃ្លីប ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កន្លងមកនោះទេ។ វីដេអូខ្លះ មានឃើញ យុវជនស្លៀកសំលៀកបំពាក់សិស្សសាលាទៀតផង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គឹមអេង ស្វាគមន៍ចំណាត់ការរបស់សមត្ថកិច្ចក្នុងការស្វែងរកមេក្លោងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងស្នើសុំឲ្យបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ព្រោះ អាចមានអ្នកមានអំណាច ឬអាជ្ញាធរខ្លះ ជួយជ្រោមជ្រែង ឬលាក់បាំងករណីនេះ ទើបករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ អាចលាក់បាំងបានច្រើនឆ្នាំ៖ «ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរ ឬក៏សមត្ថកិច្ចដទៃទៀត ក៏ត្រូវតែរកដែរបាទ។ ម្យ៉ាងវិញទៀត ដើម្បីកុំឲ្យគេចោទប្រកាន់ទៅដល់ អាជ្ញាធរផង ហើយម្យ៉ាងវិញទៀត ដើម្បីធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចហ្នឹង កាន់តែមានកិត្តិយសផង ក្នុងការធ្វើកិច្ចការបម្រើជាតិ។ »
នៅក្រោយពេលសមត្ថកិច្ចបង្ក្រាបក្លឹបកម្សាន្ត រ៉ក់ និងឃាត់ខ្លួនមនុស្ស ៣១១នាក់ ទៅស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចអះអាងថា បានរកឃើញក្លឹបកម្សាន្តរាត្រី និងបារបារាំងជាង ១ពាន់ ២រយកន្លែងនៅភ្នំពេញ ជាកន្លែងប្រមូលផ្ដុំរបស់យុវជនសេពគ្រឿងញៀន។ សមត្ថកិច្ចមិនបានចាត់វិធានការច្បាប់ទេ គ្រាន់តែឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តរាត្រី និងបារបារាំងទាំងជាង ១ពាន់ ២រយ កន្លែងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានគ្រឿងញៀនក្នុងទីតាំងខ្លួនតទៅទៀត។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី យល់ថា សមត្ថកិច្ចគួរបង្ក្រាបទីតាំងទាំងនោះ ដូចករណីនៅក្លឹបកម្សាន្ត រ៉ក់ ដែរ ដើម្បីកុំឲ្យក្លាយជាកន្លែងប្រមូលផ្ដុំសេពគ្រឿងញៀន។ លោក ស ម៉ូរី បន្តថា បើត្រឹមធ្វើកិច្ចសន្យាគ្មានប្រសិទ្ធិភាពទេ។ ក្រៅពីបង្ក្រាបតាមច្បាប់ បណ្ដាញយុវជនស្នើសុំសមត្ថកិច្ចឲ្យអនុវត្តតឹងរ៉ឹងបំផុត លើក្លឹបកម្សាន្តរាត្រី និងបារបារាំងទាំងអស់ ចៀសវាងករណីមិនរាងចាល៖ « រាជរដ្ឋាភិបាល គឺត្រូវតែមានកងកម្លាំងឯករាជ្យរបស់ខ្លួន ហើយចុះធ្វើការត្រួតពិនិត្យ។ ចុះធ្វើអធិការកិច្ចជាប្រចាំចំពោះក្លឹបកម្សាន្តទាំងអស់ ហើយករណីប្រសិនជារដ្ឋាភិបាលប្រទះឃើញក្លឹបណាមួយ មានការជួញដូរគ្រឿងញៀន ត្រូវចាប់អ្នកជួញដូរ និងម្ចាស់អាជីវកម្មផ្ដន្ទាទោសតាមច្បាប់»។
ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ មាត្រា៤៤ ចែងក្នុងន័យថា អំពើជួលទីកន្លែង ផ្ដល់ទីកន្លែង ឬអំពើផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្ដន្ទាទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។