តុលាការ​ខេត្ត​កោះកុង​គ្រោង​ប្រកាស​សាលក្រម​សំណុំ​​រឿង​ហិង្សា​នៃ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ នៅ​សប្តាហ៍​ក្រោយ

0:00 / 0:00

តុលាការ​ខេត្ត​កោះកុង​ពន្យារ​ពេល​​ប្រកាស​សាលក្រម​សំណុំ​រឿងហិង្សា​ ដែល​ក្រុម​ហ៊ុន​អេសអ៊ីហ្សិត (Koh Kong SEZ) របស់​លោក​ លី យ៉ុង ផាត់ ប្តឹង​តំណាង​ពលរដ្ឋម្នាក់​នៅ​ឃុំ​ព្រែក​ខ្សាច់ ទៅ​ថ្ងៃ​ទី​៩ សីហា សប្តាហ៍​ក្រោយ​​​ ក្រោយ​ពេល​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​យល់​ថា ការ​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​រូប​នោះ​អស់​រយៈ​ពេល​ជិត ៦​ខែ​កន្លង​ទៅ​​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ ព្រោះ​រូប​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ​។

មន្ត្រី​សិទ្ធិមនុស្ស និង​ពលរដ្ឋ​​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​​តំណាង​​សហគមន៍​ព្រែក​ខ្សាច់​លោក​ ហេង សុខ ដែល​កំពុង​ជាប់​ឃុំ​ ដោយសារ​សំណុំ​​រឿង​ហិង្សា​នៃ​​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​​ហ៊ុន​ អេស​អ៊ីហ្សិត (SEZ) របស់​លោក​ លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋ​សហគមន៍​ព្រែក​ខ្សាច់ លោក​ រស់ សុផល អះអាង​ថា លោក​ ហេង សុខ មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​ក្រុម​ហ៊ុន​នោះឡើយ។ លោក​ថា តំណាង​ក្រុមហ៊ុន​នៅ​ពេល​នោះ បាន​ប្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​បង្គោល​លើ​ដី​ ដែល​ត្រូវ​ឈូសឆាយ​រួច​ដើម្បី​ងាយ​ស្រួល​ដោះស្រាយ​សំណង​តាម​​គោល​នយោបាយ ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​នោះ ប៉ុន្តែ​នៅ​ពេល​លោក​ ហេង សុខ បាន​ទៅ​បោះ​បង្គោល​កំណត់​ព្រំដី​ដែល​គាត់​ធ្លាប់​បាន​កាន់​កាប់​នោះ ស្រាប់​តែ​តំណាង​ក្រុមហ៊ុន​បាន​ប្តឹង​ចោទគាត់​ពី​បទ​ហិង្សា​ទៅវិញ។ លោក​ថា​ទង្វើនេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​កុំ​ឱ្យ​តវ៉ា​រឿង​ដីធ្លី​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ​ឡើយ​ ព្រោះ​លោក​ ហេង សុខ គ្មាន​កំហុស​អ្វីនោះ​ទេ៖ «គាត់​មានដីពិតប្រាកដ ​គ្រាន់ថា​អាជ្ញាធរ​មិនទទួល​ស្គាល់​ និងមិន​​ធ្វើ​​បង្កាន់ដៃ​ឱ្យ​គាត់​​ប៉ុណ្ណឹង​ឯង។ គាត់​មាន​ដី​ពិតប្រាកដ​របស់​គាត់។ ​​ក្រុម​ហ៊ុន​ឈូស​​ឆាយ​ចម្ការ​គាត់​ ហើយ​ដល់​ពេល​គាត់​ទៅ​បោះ​បង្គោល​ទៅ​ចាប់​គាត់។ ​​មុន​នឹង​ឈូស​ឆាយ​មេការ​ក្រុម​ហ៊ុន​​ប្រាប់​ថា ​ចាំឈូសឆាយ​​រួច ​ចាំ​បោះ​បង្គោល​ក្រោយ ​ចាំ​ក្រុម​ហ៊ុន​​គេ​ដោះ​ស្រាយសំណង​​គោល​នយោបាយ​ តែ​ដល់ពេល​គាត់​ធ្វើ​តាម​ក្រុម​ហ៊ុន​ ​គេ​ទៅ​ចាប់​គាត់​តែ​ម្ដង​​ដោយ​អត់​មាន​មូលហេតុ»

​តំណាងពលរដ្ឋ​សហគមន៍​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក​ ហេង សុខ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ បន្ទាប់​ពី​លោក​បាន​ទៅ​បោះបង្គោល​កំណត់​ព្រំដី​របស់​លោក​ដែល​កំពុង​​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​លោក​ លី យ៉ុងផាត់។ លោក​ត្រូវ​បាន​តំណាង​ក្រុម​ហ៊ុន​ប្តឹង​ទៅ​តុលាការ​ពី​បទ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុច្ចរិត ហើយ​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រហូត​មក ​ចាប់​តាំងពី​ពេល​ឃាត់​ខ្លួន​។

អាស៊ីសេរី​សេរីមិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​កោះកុង​ដើម្បី​សាក​សួរបន្ថែម​​អំពី​រឿង​នេះ​បាន​ទេ នៅថ្ងៃ​ទី២ សីហា ចំណែក​ឯ​ខាង​ភាគី​ក្រុមហ៊ុន​ក៏​មិន​អាចទាក់​ទង​បាន​ដូច​គ្នា។

អ្នក​សម្របសម្រួល​ស្តីទីនៃ​អង្គការ​ លីកាដូ​ (LICADHO) ប្រចាំខេត្ត​កោះកុង លោក​ ហ៊ួរ អ៊ីន យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​ធ្វើ​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​លោក​ ហ៊ុន​ សែន ដែល​ថា មិន​ឱ្យ​​ពលរដ្ឋ​ណា​ម្នាក់​​ត្រូវជាប់​ពន្ធនាគារ​ដោយសារ​រឿង​វិវាទ​ដីធ្លីនេះ​​​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​ចាត់​ការ​តែទៅលើ​ក្រុម​ពលរដ្ឋ​ ប៉ុន្តែភាគី​ក្រុម​ហ៊ុន​ដែល​កំពុង​ឈូស​ឆាយ​ដីទំនាស់​វិញ ត្រូវ​រួច​ខ្លួន​រហូត​។ លោក​ជំរុញ​ឱ្យ​តុលា​ការ​​ខេត្ត​កោះកុង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​លោក​ ហេង សុខ​ ឱ្យ​មាន​សេរីភាព​វិញ៖ «តុលាការ​ខេត្ត​កោះ​កុង​គួ​រតែ​ពិចារណា ​ទម្លាក់ចោល​ការ​​ចោទ​ប្រកាន់ ​ហើយ​ដោះ​លែង​ប្រជាពល​រដ្ឋ​​​ឈ្មោះ ​ហេង​ សុខ​ នោះ ឱ្យមាន​​សេរី​ភាព​ឡើង​វិញ​ ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ​ឆ្នាំ២០១៨ នេះ​ទៅ​​ ពី​ព្រោះ​អ្វី​ដែល​ ​ហេង សុខ បានធ្វើ​ គឺ​គ្រាន់​តែ​ទៅ​ដាំ​បង្គោល​នៅ​លើដី​ដែល​កំ​ពុង​​​មាន​ទំនាស់​តែ​ប៉ុណ្ណោះ ​មិនបាន​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ទៅ​លើ​ក្រុម​ហ៊ុន ឬ​ក៏​បំផ្លិច​បំ​ផ្លាញ​សម្ភារៈណា​មួយ​ដែរ។​​ ដូច្នេះ​អ្វី​ដែល​គាត់បាន​​ធ្វើ​​​មិនមាន​​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​​ណាមួយ​ដើម្បី​​ធ្វើ​ការ​ចោទ​ប្រកាន់​​​រូប​គាត់នោះ​​ទេ ហើយ​ដើម្បី​​ឱ្យ​គាត់​​មាន​សេរី​ភាព​ឡើង​​វិញ មក​ធ្វើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​នេះ​នៅ​ពេល​ខាង​មុខ​នេះ»

មន្ត្រីសិទ្ធិ​មនុស្ស​រូប​នេះបន្ថែម​ទៀត​ថា​ ការ​ប្តឹង​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​លោក ហេង សុខ ជិត​ ៦​ខែ​មក​នេះ​ ជា​រឿង​អយុត្តិធម៌​ចំពោះ​តំណាង​ពលរដ្ឋ​រូប​នោះ ព្រោះ​កន្លងទៅ ប្រជា​ពលរដ្ឋ​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ជា​ច្រើន​​ដង ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លីរបស់​ពួក​គាត់​​ជាមួយ​ក្រុមហ៊ុន ហើយ​ទំនាស់​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ដោះ​ស្រាយ​នៅ​ឡើយ​។ លោក​ថាអាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដែល​នៅ​សេសសល់​រវាង​ពលរដ្ឋ​សហគមន៍​ព្រែក​ខ្សាច់​ជាង ៣០​គ្រួសារ និង​ក្រុមហ៊ុន​អេសអ៊ីហ្សិត​ ប្រសើរ​ជាង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​លើ​ប្រជា​ពលរដ្ឋ​ ព្រោះ​ការ​​ធ្វើ​របៀប​នេះធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​អាជ្ញាធរ ហើយ​ក៏​​ប៉ះពាល់​ដល់​មុខ​មាត់​របស់​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ផង​ដែរ។ កាល​ពី​ពេល​ថ្មីៗ នេះ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស (Global Witness) ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដាក់​ឧកញ៉ា​ល្បីៗ ​ខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ​ចំនួន​បួន​រូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​ដើម្បី​ដាក់​ទណ្ឌកម្ម។ ក្នុងនោះ លោក​ឧកញ៉ា លី យ៉ុងផាត់ គឺជា​ម្ចាស់​បន​ល្បែង និង​ជាម្ចាស់​ទូរទស្សន៍ PNN និង​ក្រុមហ៊ុន​មួយ​ចំនួន ក៏​ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទា​ន ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​រាប់​ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះ​​សម្បែង ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ដើម្បី​យក​ដី​ឲ្យ​លោក​កាន់​កាប់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។