យុវជន គង់ រ៉ៃយ៉ា ពហិការ​​បង្អត់អាហារ ដើម្បី​ឲ្យ​សម្រួល​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ

ដោយ ជុន ច័ន្ទបុត្រ
2019-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា។
សកម្មជន​គណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា។
បណ្ដាញ​សង្គម​ហ្វេសប៊ុក

យុវជន កែម ឡីនិយម គឺ​លោក គង់ រ៉ៃយ៉ា កំពុង​ធ្វើ​ពហិការ​បង្អត់​អាហារ​ខ្លួន​ឯង តាំង​ពី​ថ្ងៃ​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ដើម្បី​ទាមទារ​ឲ្យ​ខាង​ពន្ធនាគារ​អនុញ្ញាត បាន​ហាត់​ប្រាណ និង​អាន​សៀវភៅ គ្រប់គ្រាន់​ព្រម​ទាំង​មាន​កន្លែង​គេង​ល្មម​អាច​ធ្វើ​វិបស្សនា​បាន។ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​សន្យា​ថា នឹង​ពិនិត្យ​ដោះ​ស្រាយ​សំណើ​នេះ ព្រោះ​វា​មិន​មែន​ជា​រឿង​ធំ​ដុំ។

ភរិយា និងមេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​បារម្ភ​ពី​សុខភាព​លោក គង់ រ៉ៃ យ៉ា ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ តាំង​ពី​ទី១១ ខែ​កក្កដា ខណៈ​លោក​កំពុង​មាន​ជំងឺ​ក្រពះ​ស្រាប់។

ភរិយា​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច ប្រាប់​អាស៊ី​សេរី​ថា សុខភាព​ស្វាមី​របស់​លោកស្រី កំពុង​ទ្រុឌទ្រោម​ខ្លាំង នៅ​ពេល​ទៅ​ជួប​ស្វាមី​ក្នុង​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​កក្កដា។ លោកស្រី​បន្ត​ថា ស្វាមី ផឹក​តែ​ទឹក តែ​មិន​ទទួល​អាហារ​ឡើយ ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ខាង​ពន្ធនាគារ​អនុញ្ញាត ឲ្យ​គាត់​បាន​ហាត់​ប្រាណ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​ខ្ចី​សៀវភៅ​ទៅ​អាន​ក្នុង​បន្ទប់ ព្រម​ទាំង​ស្នើសុំ​កន្លែង​គេង ដែល​ល្មម​អាច​ធ្វើ​វិបស្សនា​បាន៖ «គាត់​អត់​ហូប​អី​សោះ​អ៊ីចឹង ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ ហើយ​ជំងឺ​ក្រពះ គាត់​រើ​ឡើង​វិញ ហើយ​គាត់​កំពុង​តែ​ចុក​ទ្រូង​គាត់​ខាង​ស្តាំ​ខ្លាំង​មែនទែន។ ឃើញ​ព្រឹក​មិញ​សុខភាព​របស់​គាត់​ដូច​ជា​ទ្រុឌទ្រោម​មែនទែន»

លោកស្រី សុខ ស្រីនិច បន្ត​ថា ចំពោះ​ស្ថានភាព​គ្រួសារ​វិញ កំពុង​តែ​មាន​បញ្ហា​ពិបាក​ដោយសារ​តែ​លោកស្រី​កំពុង​តស៊ូ​ម្នាក់​ឯង​ចិញ្ចឹម​កូន​តូច​អាយុ ៧ខែ នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មិន​អាច​រក​ចំណូល​អ្វី​បាន​ឡើយ។ លោកស្រី​បន្តថា នៅ​មុន​ពេល​ជាប់​ពន្ធនាគារ ស្វាមី​គឺ​ជា​អ្នក​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ដូច្នេះ​បច្ចុប្បន្ន​លោកស្រី​គ្មាន​អ្វី​ជា​បង្អែក​ទៀត​ទេ៖ «ណា​មួយ​ខ្ញុំ​នៅ​ផ្ទះ​ជួល​ផង ដល់​ពេល​អ៊ីចឹង ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន ដោយ​ខ្លួន​ឯង​ហើយ​ពិបាក ព្រោះ​ថ្លៃ​ទឹក​ដោះ​គោ​កូន​ផង និង​ថ្លៃ​ផ្ទះ​ជួល​ផង»

មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ដែរ​ថា កូន​ក្តី​ទាំង​ពីរ​ពិត​ជា​មាន​បញ្ហា​សុខភាព​មែន។ ប៉ុន្តែ​សុខភាព​របស់​លោក គង់ រ៉ៃយ៉ា មាន​សភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​លោក​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ទាមទារ​ឲ្យ​ពន្ធនាគារ​សម្រួល​ការ​កន្លែង​ស្នាក់​នៅ និង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ហាត់​ប្រាណ និង​អាន​សៀវភៅ៖ «ខ្ញុំគិតថា ទាក់ទង​នឹង​លក្ខខណ្ឌ​ទាំង ៣ នេះ​មិន​មែន​ជា​លក្ខខណ្ឌ​មួយ​តឹងរ៉ឹង ហើយ​មិន​អាច​ដោះ​ស្រាយ​ឲ្យ​គាត់​បាន​ទេ ដោយសារ​ថា វា​ពាក់ព័ន្ធ​នឹង​សិទ្ធិរបស់ ជន​ជាប់​ឃុំ។ ជា​គោលការណ៍​ច្បាប់ គឺ​ជន​ជាប់​ឃុំ​បាត់បង់​តែ​សិទ្ធិ​ដើរ​ហើរ​ទេ ចំណែក​សិទ្ធិ​ដទៃ​ផ្សេង​ទៀត គឺ​ទទួល​បាន​ដូច​អ្នក ដែល​នៅ​ក្រៅ​ឃុំ​ចឹង»

បន្ទប់ពន្ធនាគារ​ព្រៃ​ស រង​ការ​រិះគន់​ជា​យូរ​ណាស់​មក​ហើយ​ដោយសារ​តែ​បន្ទប់​តូច​មួយ ប៉ុន្តែ​ផ្ទុក​អ្នក ទោស​រហូត​ដល់​ជាង ២០នាក់ ដែល​ពិបាក​ដេក និង​អង្គុយ។

លោក គង់​ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ នាគារព្រៃ​ស កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា។ ទោសទណ្ឌ​ដែល​រហូត​ដល់​ឃុំ​ខ្លួន​នេះ ដោយសារ​តែ​លោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ការ​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត ​កែម ឡី។ ចំណែក​យុវជន សួង នាគព័ន្ធ វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ដូច លោក គង់ រ៉ៃយ៉ា ដែរ​ដោយ​សារ​តែ​លោក បាន​ចូលរួម​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​កាន់​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន ឬ​សំណើ​របស់​លោក គង់ រ៉ៃយ៉ា នៅ​ឡើយ​ទេ។ លោក​សន្យា​ថា ពិនិត្យ​ដោះ​ស្រាយ​ករណី​នេះ ប៉ុន្តែ​លោក​យល់​ថា ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ គឺ​ជា​ការ​នាំ​បញ្ហា ដល់​ពន្ធនាគារ៖ «ធម្មតា​ក្នុង​ពន្ធនាគារ​វា​តែង​តែ​ចង្អៀត​ហើយ ដូច​យើង​ដឹង​ស្រាប់​ហើយ​តើ​ថា ពន្ធនាគារ​យើង​កំពុង​មាន​ភាព​ចង្អៀត​ណែន ជា​ពិសេស នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ។ ចំពោះ​បញ្ហា​បរិស្ថាន វា​មិន​ដូច​នៅ​ខាង​ក្រៅ​ទេ វា​មាន​របង វា​មាន​មន្ត្រី​ឆ្មាំ និង​មាន​អ្នក​ទោស​ផ្សេង​ទៀត ធ្វើ​ម៉េច​គេ​ហៅ​ថា​គុក។ ចំពោះសំណើរ វា​មាន​ម៉ោង​ចេញ​ពី​បន្ទប់​មក​ហាត់​ប្រាណ​តើ មាន​នរណា​គេ​ឃុំ​គាត់​ចោល​ក្នុង​បន្ទប់»

លោក​បន្ត​ថា ពន្ធនាគារ​តែង​តែ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​ចេញ​ពី​បន្ទប់ ដើម្បី​ហាត់​ប្រាណ​ក្នុង ១ថ្ងៃ​ជាង ១ម៉ោង ហើយ​ពួក​គេ ក៏​អាច​យក​សៀវភៅ​ទៅ​អាន​បាន​ផង​ដែរ។

មេធាវីការពារក្តី លោក សំ សុគង់ ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​លែង យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ពី​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ក្នុង​សប្តាហ៍ ព្រោះ​ពួក​គេ​ពុំ​បាន​ប្រពឹត្ត​បទ​ល្មើស​នោះ​ទេ ហើយ​សុទ្ធ​តែ​មាន​កាតព្វកិច្ច​រក​ស៊ី​ចិញ្ចឹម​គ្រួសារ។

កាលពីថ្ងៃទី១២ ខែ​កក្កដា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួម​នឹង​អង្គការ​ក្នុង​ស្រុក​ជិត ១០០ស្ថាប័ន ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ ឱ្យ​មាន​សេរីភាព​វិញ។ អង្គការ​ជាតិ និង​អន្តរជាតិ លើក​ឡើង​ថា អ្នក​ទាំង​ពីរ គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​តាម​ច្បាប់​ប៉ុណ្ណោះ គ្មាន​ចំណុច​ណា​មួយ​ជា​បទ​ល្មើស​នោះ​ទេ។ ដូច្នេះ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នេះ គឺ ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល