ក្រសួងការងារសម្រេចផាកពិន័យ និងកសាងសំណុំរឿងព្រហ្មទណ្ឌទៅតុលាការ ចំពោះថៅកែសិប្បកម្មឥដ្ឋលោក លាង ស៊្រុន ករណីប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលបណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ ដាច់ដៃម្ខាងត្រឹមគល់ក្លៀកខាងស្ដាំចូលក្នុងម៉ាស៊ីនវាយដីឥដ្ឋ។ អង្គការសង្គមស៊ីវិលសាទរចំណាត់ការនេះ ប៉ុន្តែស្នើអាជ្ញាធរនិងក្រសួងពាក់ព័ន្ធចុះធ្វើអធិការកិច្ច និងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងនិងមានប្រសិទ្ធភាព ចំពោះម្ចាស់សិប្បកម្មឥដ្ឋទាំងឡាយ ដែលនៅបន្តប្រើប្រាស់កម្លាំងពលរដ្ឋកុមារ ទៅធ្វើការតាមឪពុកម្ដាយពួកគេ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ឃើញថា នេះជាចំណាត់ការដ៏ឆាប់រហ័ស និងដំបូងបង្អស់ ដែលក្រសួងការងារ ងាកមកយកចិត្តទុកជាខ្លាំង ករណីក្មេងស្រី ឈ្មោះ ឆេង ស្រីភ័ក្ត្រ អាយុ ១០ឆ្នាំ ត្រូវជាកូនកម្មករឡឥដ្ឋ ដែលជួបគ្រោះថ្នាក់ដាច់ដៃស្ដាំត្រឹមគល់ក្លៀក នៅសិប្បកម្មផលិតឥដ្ឋមួយកន្លែង នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍ ទី៩ មីនា។
លោក អំ សំអាត រំលឹកថា អង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) រងការរិះគន់យ៉ាងខ្លាំងពីក្រសួងការងារ ក្រោយបានចេញផ្សាយរបាយការណ៍មួយ កាលពីខែធ្នូ ឆ្នាំ២០១៦ ផ្ដោតពីអំពើការអភិវឌ្ឍលើទាសភាព ដោយផ្ដោតលើការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។
លោក អំ សំអាត យល់ថា ករណីក្មេងស្រី ឆេង ស្រីភ័ក្ត្រ ដែលរងគ្រោះនៅពេលនេះ ប្រហែលជាមិនអាចកើតមានឡើយ ប្រសិនបើក្រសួងការងារ ចុះធ្វើអធិការកិច្ច និងចាត់វិធានការឲ្យបានតឹងរ៉ឹងនៅតាមសិប្បកម្មផលិតឥដ្ឋទាំងអស់ ក្រោយពីអង្គការសិទ្ធិមនុស្ស លីកាដូ បានចេញរបាយការណ៍អំពី ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋចាប់តាំងពីចុងឆ្នាំ២០១៦ មកនោះ៖ «បញ្ហានេះ គឺជាមេរៀនហើយ។ ហើយរដ្ឋាភិបាល លោកត្រូវបង្កើនបន្ថែមទៀត។ ទី១ គឺថាត្រូវបង្កើនថវិកាទៅលើអធិការកិច្ច ក្នុងការចុះត្រួតពិនិត្យនៅតាមឡឥដ្ឋ ហើយលុបបំបាត់នៅអំពើពុករលួយចេញទាំងអស់។ នោះបានន័យថា ឡឥដ្ឋណាក៏ដោយបើនៅតែប្រើប្រាស់ទម្រង់ពលកម្មកុមារ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់។ ហើយនឹងត្រូវមានចាត់វិធានការណ៍តាមបែបព្រហ្មទណ្ឌអី ដើម្បីជាការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់សម្រាប់កុមារ ក្នុងការងារពលកម្មឡឥដ្ឋនេះតទៅទៀត»។
ម្ដាយកុមារីរងគ្រោះ និងជាកម្មករនៅសិប្បកម្មផលិតឡឥដ្ឋ លោកស្រី ឃឹម ចាន់ណា ប្រាប់អាស៊ីសេរី ថា កូនស្រីគាត់នៅមានអាការៈឈឺចាប់ខ្លាំងដដែល៖ «ស្ថានភាពកូនខ្ញុំវានៅ វាដឹងខ្លួនហើយ តែវាមិនទាន់ប្រក្រតី។ វានៅភ័យបារម្ភ។ វានៅឈឺចុកចាប់ដៃវាហ្នឹង។ ឲ្យតែដឹងខ្លួនម្ដងៗ ស្រែករហូត»។
ករណីកុមារីជួបគ្រោះថ្នាក់ដាច់ដៃម្ខាងនៅសិប្បកម្មផលិតក្នុងខេត្តកណ្ដាលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចពិន័យសិប្បកម្មផលិតឥដ្ឋមួយនេះស្របតាមមាត្រា ៣៦៨នៃច្បាប់ការងារ និងកសាងសំណុំរឿងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មនេះ ឈ្មោះ លាង ស៊្រុន ទៅតុលាការ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងខ្វះវិធានការការពារសុវត្ថិភាពកុមារ មិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ កាលពីថ្ងៃទី១១ ខែមីនា ឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្ត្រ ទទួលបានការគាំទ្រពីរបបសន្តិសុខសង្គម មានដូចជា ការព្យាបាលរបួស រហូតដល់ជាសះស្បើយដោយមិនបង់ប្រាក់ ទទួលបានប្រាក់ឧបត្ថម្ភអំឡុងពេលព្យាបាលរបួស និងប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍មួយជីវិត ហើយនឹងសេវាស្ដារនីតិសម្បទាឡើងវិញ។
ចំពោះបណ្ដឹងព្រហ្មទណ្ឌទៅតុលាការវិញ អាស៊ីសេរីព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងអនុប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម លោក ស៊ុំ សុភ័ណ្ឌ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
អាស៊ីសេរី ក៏មិនអាចសុំការឆ្លើយបំភ្លឺពីមេការសិប្បកម្មផលិតឥដ្ឋ លោក ប៉េង លាង ករណីបណ្ដឹងក្រសួងការងារប្ដឹងសិប្បកម្មមួយនេះទៅតុលាការបាននៅឡើយ ដោយហៅទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។
ក្នុងរបាយការណ៍របស់អង្គការ លីកាដូ ដែលចុះសិក្សាស្រាវជ្រាវតំបន់សិប្បកម្មផលិតឥដ្ឋចំនួន១១ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល កាលពីឆ្នាំ២០១៦ រកឃើញថា មានករណីចំនួន៣ ដែលពាក់ព័ន្ធនឹងកុមារដាច់ដៃដោយសារម៉ាស៊ីនផលិតឥដ្ឋ។ ករណី ទី១ គឺពាក់ព័ន្ធនឹងកុមារម្នាក់ អាយុ ៧ឆ្នាំ ដែលលេងនៅក្បែរម្ដាយរបស់គាត់ ខណៈពេលម្ដាយគាត់កំពុងធ្វើការជាមួយម៉ាស៊ីនផលិតឥដ្ឋដែលគ្មានគម្រប។ ករណីទី២ ក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំ ដែលកំពុងធ្វើការដាក់ដីចូលក្នុងម៉ាស៊ីន។ ក្រោយមកកុមារាម្នាក់នេះ បានបាត់បង់ជីវិតដោយសារតែរបួសរបស់គាត់។ ហើយនឹងករណីទី៣ គឺកើតចំពោះកុមារអាយុ ១៤ឆ្នាំម្នាក់ ដែលកំពុងធ្វើការដាក់ដីចូលម៉ាស៊ីនផលិតឥដ្ឋ។
ក្រសួងការងារព្រមានថា ករណីនៅតែមានប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្រសួងនឹង ចាត់វិធានការតឹងរ៉ឹងទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌចំពោះសិប្បកម្មឡឥដ្ឋ សហគ្រាសគ្រឹះស្ថាន ដែលល្មើសនឹងប្រកាសរបស់ក្រសួងដែលបានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០០៧ ស្ដីពីលក្ខខណ្ឌការងារ និងជីវភាពរស់នៅក្នុងសហគ្រាសឡឥដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
