អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ផ្អាក​ពិនិត្យ​ច្បាប់​ពាក់ព័ន្ធ​កំណែ​ទម្រង់​តុលាការ

ដោយ ខែ សុណង
2014-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
RFA/ Vohar Cheath

អង្គការ​ជាតិ អន្តរជាតិ បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ទៅ​ស្ថាប័ន​ព្រឹទ្ធសភា ឲ្យ​ផ្អាក​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

ច្បាប់​ទាំង​បី​នេះ គឺ​រួម​មាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​រៀបចំ​អង្គការ​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​យល់​ថា ច្បាប់​នេះ​មាន​មាត្រា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ។

ការ​អំពាវនាវ និង​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ ត្រូវ​បាន​ព្រឹទ្ធសភា​បដិសេធ ដោយ​ស្ថាប័ន​នេះ​យល់​ថា ខ្លួន​កំពុង​ធ្វើ​ការ​ដោយ​ផ្អែក​ទៅ​លើ​មាត្រា​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ និង​អាស្រ័យ​ទៅ​លើ​ពេល​វេលា។

កាល​ពី​ថ្ងៃ​ទី​១០ មិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា បាន​សម្រេច​ថា កិច្ច​ប្រជុំ​ពេញ​អង្គ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ការ​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែង​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា ព្រឹទ្ធសភា​មិន​អាច​ផ្អាក​កិច្ច​ប្រជុំ​នេះ​បាន​ទេ ហេតុផល គឺ​ជា​ការ​អនុលោម​ទៅ​តាម​មាត្រា​១១៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា នឹង​ពិនិត្យ​ឲ្យ​យោបល់​រយៈពេល​១​ខែ​លើ​សេចក្ដី​ព្រាង​ច្បាប់ និង​សេចក្ដី​ស្នើ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​យល់​ព្រម​លើក​ដំបូង​រួច​ហើយ​នោះ។ លោក​ថា រីឯ​ខ្លឹមសារ​ច្បាប់​នេះ​ទៀត​សោត ក៏​មិន​បាន​ខុស​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

លោក ម៉ម ប៊ុននាង៖ «ការ​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល យើង​ត្រូវ​បាន​បង្កើត​ច្បាប់​ឲ្យ​បាន​ច្រើន ដើម្បី​យើង​កំណែ​ទម្រង់​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់។ សង្គម​ស៊ីវិល​អី លោក​បាន​ស្នើ​មក​ហើយ មាន​អង្គការ ស៊ី.ស៊ី.ស៊ី (CCC) អិនជីអូ​ហ្វ័រ៉ុម (NGO FORUM) អេ.ភី.អាយ (API) ស៊ី.ស៊ី.អេច្ឆ.អ (CCHR) ហ្នឹង គឺ​គាត់​ស្នើ​មក ប៉ុន្តែ​យើង​ពិនិត្យ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ប្រការ​១១៣​ថ្មី​ហ្នឹង គឺ​យើង​មិន​អាច​ធ្វើ​តាម​សំណូមពរ​គាត់​បាន​ទេ។ ស្អែក​នេះ​យើង​នឹង​ប្រជុំ​ធ្វើ​ការ​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​បាន​ស្នើ​នោះ​ហើយ»

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ នៅ​ថ្ងៃ​ទី​១១ មិថុនា បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ពន្យារ​សេចក្ដី​សម្រេច​របស់​ខ្លួន ដើម្បី​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ច្បាប់​កំណែ​ទម្រង់​ផ្នែក​តុលាការ​ទាំង​៣​នេះ និង​បាន​ស្នើ​ឲ្យ​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សាធារណជន និង​សង្គម​ស៊ីវិល ក្នុង​បំណង​កែលំអ ដើម្បី​ធានា​ថា​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​នានា។

អ្នក​សម្រប​សម្រួល​គម្រោង​សង្កេតការណ៍​សវនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​ថា តាម​ការ​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​បំពាន​យ៉ាង​ជាក់ស្ដែង​ដល់​គោលការណ៍​បែង​ចែក​អំណាច។ លោក​ថា ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ ក្នុង​ទម្រង់​ដដែល​នោះ នឹង​ប្រគល់​អំណាច​ហួស​ហេតុ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​កម្ពុជា។

លោក ឌុច ពិសិដ្ឋ៖ «ពាក់ព័ន្ធ​នឹង​នីតិវិធី ជា​ធម្មតា​ការ​ពិភាក្សា​អនុម័ត គឺ​រដ្ឋសភា​គាត់​ពិភាក្សា​អនុម័ត ហើយ​តួនាទី​របស់​រដ្ឋសភា គឺ​ថា​ពិនិត្យ និង​ផ្ដល់​យោបល់​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ឡាយ​ណា ដែល​រដ្ឋសភា​អនុម័ត អ៊ីចឹង​ព្រឹទ្ធសភា​គេ​នឹង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់ ហើយ​នឹង​ផ្ដល់​មតិ​យោបល់។ បើ​ជា​មាន​មតិ​យោបល់​ណា​ដែល​វា​ដូច​ថា​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌ និង​ឯករាជ្យ​ភាព​របស់​តុលាការ អ៊ីចឹង​គេ​នឹង​អាច​ឲ្យ​មតិ​យោបល់។ ក៏ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ព្រឹទ្ធសភា​គាត់​នឹង​បដិសេធ​ទេ ព្រោះ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស សម រង្ស៊ី ក៏​នឹង​ធ្វើ​ពហិការ​មិន​ចូល​ដែរ។ អ៊ីចឹង​ហើយ​ព្រឹទ្ធសភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ទៀត បើ​តាម​យើង​មើល​ឥរិយាបថ​នៃ​ការ​ប្រជុំ​ធ្វើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​លឿន​មែន​ទែន»

សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យ៉ាង​តក់​ក្រហល់ ដោយ​គ្មាន​ការ​ជំទាស់ ដោយ​គ្មាន​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​នឹង​ផ្ដល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គ្រប់គ្រង​ហួស​ហេតុ​ទៅ​លើ​កិច្ចការ​ផ្នែក​រដ្ឋបាល​ជា​ច្រើន​របស់​តុលាការ និង​ការងារ​របស់​ព្រះរាជ​អាជ្ញា ដែល​កិច្ចការ​ទាំង​នេះ​គួរ​តែ​ស្ថិត​នៅ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​អាជ្ញាធរ​ទាំង​នោះ​ទៅ​វិញ។ ឧទាហរណ៍ មាត្រា​៣៩​នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ដ៏​សំខាន់​ក្នុង​ការ​ដំឡើង​មុខ​តំណែង​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា។ ឯ​មាត្រា​២៣ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ចែង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ទទួល​បន្ទុក​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ​បឋម​លើ​សំណុំ​រឿង​វិន័យ​ផ្នែក​តុលាការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល