សង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួរអនុវត្តន៍ច្បាប់ភ្លាមៗ ជាជាងការយោគយល់ ចំពោះជនបង្កដែលបើករថយន្ត បុកនិស្សិតស្រីម្នាក់ ដែលជិតបញ្ចប់ការសិក្សារហូតដល់ស្លាប់ កាលពីថ្ងៃទី២៦ ខែមីនា។
ការលើកឡើងនេះ បន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត កាលពីថ្ងៃទី២៧ ខែមីនា បានសម្រេចទុកពេលដល់ ក្រុមគ្រួសារអ្នកបើករថយន្តបុកគេស្លាប់ រយៈពេលបីថ្ងៃដើម្បីនាំខ្លួនជនបង្ក ដែលជាកូនស្រី ចូលមកបង្ហាញខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។
គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា បង្កដោយនារីម្នាក់ឈ្មោះ យិន ម៉ាណា ដែលជាកូនរបស់សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក យិន ង្គិច បានធ្វើឱ្យនិស្សិតស្រីវ័យ ជាង ម្ភៃឆ្នាំ ដែលជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រម្នាក់ឈ្មោះ ឌុំ រីដា បានស្លាប់។ ឪពុករបស់ជនបង្កលោក យិន ង្គិច កាលពីថ្ងៃទី២៧ ខែមីនា បានទទួលស្គាល់ថា អ្នកបើករថយន្តបុកជនរងគ្រោះនោះគឺពិតជាកូនស្រីរបស់ខ្លួនឈ្មោះ យិន ម៉ាណា ប្រាកដមែន។ គ្រួសារជនបង្កក៏បានផ្ដល់ប្រាក់ចំនួនប្រាំពាន់ដុល្លារ ដើម្បីចូលរួមបុណ្យសពនិស្សិត ឌុំ រីដា ដែលត្រូវកូនស្រីរបស់ខ្លួន បើកឡានបុករហូតដល់ស្លាប់។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី ២៨ ខែមីនា ថា អាជ្ញាធរគួរពន្លឿនចំណាត់ការរបស់ខ្លួន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះឱ្យបានឆាប់។ លោកថា ការយោគយល់មិនអនុវត្តច្បាប់ភ្លាមៗ ចំពោះគ្រួសារជនបង្ក ដែលជាមន្ត្រីរាជការ នឹងនាំឱ្យមានការរិះគន់ពីសំណាក់សាធារណៈចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ៖ «ជនរងគ្រោះគាត់ចង់តែបាន ( យុត្តិធម៌ ) ឆាប់ទេ ទីពីរការធ្វើការក៏យើងមិនអាចរង់ចាំអ្នកចូលដែរ ចុះបើចេះតែពន្យារទៅយើងធ្វើម៉េច រឿងហ្នឹងយើងត្រូវតែអនុវត្តន៍តាមវិធានការ តាមផ្លូវច្បាប់ ហើយយើងធ្វើម៉េចកុំអោយគេមើលឃើញថាការអនុវត្តច្បាប់ហ្នឹងវាមិនស្មើភាពគ្នា ថា ប្រសិនបើរាស្ត្រសាមញ្ញអីយើងអនុវត្តភ្លាមៗ ហើយបើសិនទាក់ទងអ្នកធ្វើការ ឬមានឪពុកធានាហើយយើងពន្យារអ៊ីចឹងធ្វើឱ្យមានការរិះគន់ទៅវិញ»។
សង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលឱ្យមានការអប់រំបន្ថែមអំពីការបើកបរ និងរឹតបន្តឹងជុំវិញការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសការត្រួតពិនិត្យលើការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលគេសង្កេតឃើញថា កើតមានជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ សង្គមស៊ីវិលក៏ស្នើដល់អាជ្ញាធរឱ្យអនុវត្តច្បាប់ ដោយស្មើភាពគ្នា មិនគួរមានការយោគយល់ចំពោះបុគ្គលណាម្នាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
