មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ស្រី​ ឡុច​ ទូច ​ស្នើសុំ​ក្រសួង​យុត្តិធម៌​ឲ្យ​បញ្ជាក់​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​សាលដីកា​តុលាការ​កំពូល​ស្ដីពី​ការ​ឃុំខ្លួន​កូន​ក្ដី​របស់​ខ្លួន

2019-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ស្រី ឡុច ទូច ជា​សកម្មជន​ដីធ្លី​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ពី​ខែ​ឧសភា ឆ្នាំ២០១៨ ជាប់​ចោទ​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត»។
លោក​ស្រី ឡុច ទូច ជា​សកម្មជន​ដីធ្លី​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ពី​ខែ​ឧសភា ឆ្នាំ២០១៨ ជាប់​ចោទ​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត»។
រូបថត៖ ហ្វេសប៊ុក Phel Pheap

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ស្រី​ ឡុច​ ទូច ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​សាលដីកា​តុលាការ​កំពូល​ស្ដីពី​ការ​ឃុំខ្លួន​កូន​ក្ដី​របស់​ខ្លួន។ សង្គម​ស៊ីវិល​យល់ថា ​ករណី​ទំនាស់​ដីធ្លី​មិន​គួរ​មាន​ការ​ឃុំ​ខ្លួន​ឡើយ​ ហើយ​តុលាការ​គួរ​អនុញ្ញាត​ឱ្យ​លោក​ស្រី​ ឡុច​ ទូច​ ទទួល​បាន​សេរីភាព​ឡើង​វិញ ​ព្រោះ​ស្ត្រី​រូប​នេះ​មាន​វ័យ​ចំ​ណាស់ និង​ជំងឺ​ជាប់​ខ្លួន។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ស្រី​ ឡុច​ ទូច​ លោក​មេធាវី​ ពុធ ធាវី ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​បាន​ដាក់​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ឱ្យ​ពន្យល់​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​សាលដីកា​តុលាការ​កំពូល​ស្ដី​ពី​ការ​ឃុំខ្លួន​កូន​ក្ដី​របស់​លោក​កាល​ពី​សប្ដាហ៍​មុន។ លោក​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ក្រុម​ការងារ​របស់​លោក​បាន​ទៅ​ជួប​មន្ត្រី​ក្រសួង​យុត្តិធម៌​ស្នើ​ឱ្យ​មាន​ការ​ពន្លឿន​ការ​ពន្យល់​ថា ​ប៉ុន្តែ​មិន​ទាន់​ទទួល​តម្រុយ​ណា​មួយ​នៅ​ឡើយ​ទេ៖ «»

កាលពី​ឆ្នាំ២០១៤ សាលដីកា​តុលាការ​កំពូល​បាន​ផ្ដន្ទាទោស​លោកស្រី ឡុច​ ទូច​ ឱ្យ​ជាប់​ឃុំ​ពន្ធនាគារ ១០ខែ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ខ្លួន​សកម្មជន​ធ្លី​រូប​នេះ​។ប៉ុន្តែ​ កាលពី​ថ្ងៃ​ទី៨ ខែ​ឧសភា​ ឆ្នាំ២០១៨ កន្លង​ទៅ​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោកស្រី​តាម​បណ្ដឹង​របស់​ឈ្មោះ​ តាន់​ តាត់​មាន​ងារ​ជា​ឧកញ៉ា​ និង​ឈ្មួញ​រក​ស៊ី​ដីធ្លី​ម្នាក់ទៀត​ឈ្មោះ​ ឡុញ​ វណ្ណៈ​ ហើយ​លោកស្រី​ត្រូវ​ជាប់ឃុំ​តាំងពី​ពេលនោះ​មក។

លោក​មេធាវី​ ពុធ ធាវី យល់​ថា បើ​ផ្អែក​លើ​គោលការណ៍​ស្រូប​ទោស​ទោះ​ពេល​ចាប់​ខ្លួន​នោះ​ជា​សំណុំរឿង​ផ្សេង​គ្នា ក៏​ត្រូវ​រាប់​ពី​ថ្ងៃ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​ស្រី​ ឡុច​ ទូច​ ដែរ​ព្រោះ​សាលដីកា​តុលាការ​កំពូល​មិន​បាន​កំណត់​ថ្ងៃ​ចាប់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​ កាលពី​ថ្ងៃ​ទី៨មីនា​ ដែល​ជា​ថ្ងៃ​គម្រប់ ១០ខែ​ នៃ​ការ​ចាប់​ខ្លួន​លោក​ស្រី​ ឡុច​ ទូច​ សមត្ថកិច្ច​មិន​ដោះ​លែង​លោក​ស្រី​ទេ។

លិខិត​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចុះ​កាលពី​ថ្ងៃទី០៧​ មីនា​ឱ្យ​ដឹង​ថា​ លោកស្រី​ ឡុច​ ទូច​មិនបាន​ដាក់ពាក្យ​ស្នុំ​សុំ​ស្រូប​ទោស​បញ្ចូល​គ្នា​ដែល​ត្រូវ​លើក​ឡើង​នៅ​មុខ​តុលាការ​ ដែល​ជា​ការ​សម្រេច​ចុងក្រោយ​នោះ​ទេ។ ដូចនេះ​អយ្យ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅតែ​អនុវត្ត​អំណាច​សាលដីកា​តុលាការ​កំពូល​ដដែល។

ទោះ​លិខិត​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​អះអាង​បែបនេះ​ក្ដី ក៏​អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ​លោកស្រី​ ជាប​ សុធារី យល់ថា​ក្នុង​ករណី​សាលដីកា​តុលាការ​កំពូល​ចែង​មិន​ច្បាស់លាស់​បែប​នេះ​លោកស្រី​ ឡុច​ ទូច​គួរ​ទទួល​បានផល​ប្រយោជន៍​ពី​ការ​ចែង​នេះ ​ដែល​ការ​ចាប់ខ្លួន​គិត​រាប់​ពី​ថ្ងៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៨​ ខែ​សភា​ ឆ្នាំ២០១៨ កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ទៀត​ថា​ បើ​ផ្អែក​តាម​បទបញ្ជា​របស់​លោក​ហ៊ុន​ សែន​មិន​អនុញ្ញាត​ឱ្យ​មានការ​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​ករណី​ជម្លោះដីធ្លី​ទេ​ដែល​លោកស្រី​យល់ថា ការ​ឃុំខ្លួន​លោកស្រី​ ឡុច​ ទូច គឺ​បំពាន​ទៅ​បទបញ្ជា​របស់​លោក​ហ៊ុន​ សែន​ បាត់​ទៅ​ហើយ៖ «»

លោក​ស្រី ឡុច ទូច ជា​ប្រធាន​សហគមន៍​អូរ​ខ្សាច់​ស្ថិតនៅ​ភូមិ៤​ ឃុំ​អូរត្រេះ​ស្រុក​ស្ទឹងហាវ​ លោកស្រី​និង​ក្រុម​គ្រួសារ​រស់នៅ​លើ​ជម្លោះ​ទំហំ​ប្រមាណ៥ហិកតារ​តាំង​ពី​អំឡុង​ឆ្នាំ១៩៩២ មក​ម្ល៉េះ ប៉ុន្តែ​អ្នក​ប្ដឹង​លោកស្រី​ភាគច្រើន​ដែល​ឈ្មួញ​មាន​លុយ​និង​មានអំណាច​ដែល​អះអាង​ថា​មាន​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ គឺ​ចុះ​កាលបរិច្ឆេទ​ក្រោយពេល​លោកស្រី​ទៅ​រស់នៅ​ទីនោះ​។ទោះ​បែបនេះ​ក្តី​ លោកស្រី​តែង​ចាញ់​ក្តី​អ្នក​ទាំងនោះ​រហូត​។សព្វថ្ងៃ​ដី​នៅ​តំបន់​នោះ​មានតម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល