មេធាវីការពារក្តីឱ្យក្រុមយុវជនខ្មែរថាវរៈ លោក សំ ចំរើន ឱ្យដឹងថា លោកនឹងដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលនៅថ្ងៃទី២០ វិច្ឆិកា ដើម្បីស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះដោះលែងកូនក្តីរបស់លោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
លោកបញ្ជាក់ថា បណ្តឹងសាទុក្ខនេះ មានកូនក្តីរបស់លោកចំនួន ៥នាក់ រួមមាន ព្រះភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ លោក ថា ឡាវី និងលោក មួង សុភ័ក្ត្រ។ ចំណែក បណ្តឹងសាទុក្ខរបស់លោក ហ៊ុន វណ្ណៈ និងស្ត្រី ឈឿន ដារ៉ាវី វិញ លោកបានដាក់ជូនតុលាការរួចហើយ តាំងពីក្រោយពិធីបុណ្យអុំទូក។
មេធាវី សំ ចំរើន បន្ថែមថា កូនក្ដីរបស់លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលតុលាការកំពូលអាចពិចារណាឱ្យពួកគេបាននៅក្រៅឃុំ៖ « ផ្អែកលើលទ្ធផលនៃការស៊ើបសួររហូតមកដល់ពេលនេះ ពួកគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដូចជាលក្ខខណ្ឌទាក់ទងនឹងអាសយដ្ឋាន មុខរបររបស់ពួកគាត់ ឆន្ទៈរបស់ពួកគាត់ ហើយនិងគោលការណ៍សន្មតជាមុនថាគ្មានទោសជាដើម»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនខ្មែរថាវរៈជាច្រើននាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្រោយពេលពួកគេចេញមុខតវ៉ាទាមទារឱ្យតុលាការដោះលែង មេដឹកនាំសហជីពលោក រ៉ុង ឈុន ។ ក្នុងរយៈពេលជាង៣ ខែ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន អាជ្ញាធរបានចាប់ខ្លួនសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងយុវជនដាក់ពន្ធនាគារជាង២០ នាក់ ដោយចោទប្រកាន់ពីបទញុះញង់។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ក្រៅពីនេះ សហគមន៍ជាតិ និងអន្តរជាតិទទូចឱ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាព និងគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។