មេធាវី​លោក កឹម សុខា មិន​ទាន់​សម្រេច​ថា ត្រូវ​ស្នើ​សុំ​ឱ្យ​តុលាការ​បើក​សវនាការ​ឡើងវិញ ឬក៏​អត់​នោះ​ទេ

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា មិន​ទាន់​សម្រេច​ថា នឹង​ស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បើក​សវនាការ​រឿង​ក្តី​នេះ​ឡើយ​វិញ ឬមួយ​ក៏​យ៉ាង​នោះ​ទេ គិត​ត្រឹម​ចុងខែ​ឧសភា នេះ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា លោក អាង ឧត្តម ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ជម្រើស​មាន​ពីរ​ដើម្បី​ដំណើរការ​ក្តី​នេះ​ឡើងវិញ គឺ​ចៅក្រម​អាច​សម្រេច​ខ្លួនឯង​ដោយ​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺ​កូវីដ-១៩ ឬក៏​មានការ​ស្នើសុំ​ពី​ខាង​មេធាវី​។ លោក​ថា មក​ដល់​ពេលនេះ ពួក​លោក​មិន​ទាន់​បាន​ជំនុំ​គ្នា​ថា តើ​ត្រូវ​ស្នើ​ទៅ​តុលាការ ឬមួយ​ក៏​អត់​នោះ​ទេ។ ទោះជា​យ៉ាងណា លោក​កត់សម្គាល់​ថា ស្ថាប័ន​នានា​ចាប់ផ្ដើម​បើក​ឡើងវិញ​ហើយ ហើយ​សូម្បីតែ​ការ​ជម្រះ​ក្តី​រឿង​ទូទៅ​ក៏​មាន​ដំណើរការ​ឡើងវិញ​ដែរ លើកលែងតែ​សំណុំរឿង​វិសាមញ្ញ​មួយ​នេះ ដែល​នៅ​ស្ងប់ស្ងាត់។

ចំណែក ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល លោក គី តិច វិញ ប្រាប់​អាស៊ីសេរី​ថា ខាង​លោក​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​បើ​តុលាការ​សម្រេច​បែប​ណា ពួក​លោក​នឹង​គោរព​តាម​សេចក្ដី​សម្រេច​នោះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​អំពី​រឿង​សវនាការ​លោក កឹម សុខា នេះ​បានទេ​នៅ​ថ្ងៃ​ទី​៣០ ឧសភា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​ផ្អាក​សវនាការ​ក្តី​លោក កឹម សុខា តាំងពី​ថ្ងៃ​ទី​២៤ មីនា រហូត​មក តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​បារម្ភ​ខ្លាច​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ ក្នុង​បន្ទប់​សវនាការ។ ពេលនោះ​កម្ពុជា​កំពុង​កើន​ឡើងជា​គំហុក​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​គិត​ត្រឹម​ចុងខែ​ឧសភា កម្ពុជា​នៅ​សល់​អ្នកជំងឺ​តែ ២​នាក់​ទេ ព្រោះ​អ្នក​ជំងឺ ១២៣​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប ១២៥ នាក់ បានជា​សះស្បើយ​អស់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។