ក្រសួង​យុត្តិធម៌​ប្ដេជ្ញា​ដាក់​ទោស​ដល់​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​ធំៗ

ដោយ ប្រាជ្ញ ចេវ
2016.12.30
ជិន ម៉ាលីន ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថា នឹង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ឈ្មួញ​​ជួញដូរ​គ្រឿង​ញៀន​ធំៗ ដែល​នេះ​ជា​វិធានការ​ដ៏​ក្ដៅ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន។ ប៉ុន្តែ​សង្គម​ស៊ីវិល មិន​សូវ​មាន​ជំនឿ​លើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ ខណៈ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា រង​ការ​រិះគន់​ពី​ការ​អនុវត្ត​ការងារ​មាន​ស្តង់ដារ​ពីរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ ប្ដេជ្ញា​ថា នឹង​ចាប់​យក​មក​ផ្ដន្ទាទោស។ លោក​បន្ត​ថា ដើម្បី​អាច​អនុវត្ត​ផែនការ​នេះ​បាន​ជោគជ័យ លុះ​ត្រា​ណា​មាន​កិច្ច​សហការ​គ្នា​ល្អ​រវាង​ក្រុម​សមត្ថកិច្ច និង​មន្ត្រី​តុលាការ៖ «កន្លង​មក​យើង​ឃើញ​ថា អាច​មាន​តែ​ចាប់​អ្នក​តូច​តាច ឬ​អ្នក​ប្រើប្រាស់​អី​តិចតួច​ទេ​ណា ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​​នេះ បាន​ន័យ​ថា ឆមាស​ទី​១ ឆ្នាំ​២០១៧ នេះ ធ្វើ​ឲ្យ​ចេញ​រូបរាង​ធំ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ឈ្មួញ​ធំៗ​ត្រូវ​តែ​ចាប់​មក​ផ្ដន្ទាទោស​ឲ្យ​អស់»

​លោក​និយាយ​ដែរ​ថា កន្លង​មក​តែង​មាន​ចោទ​គ្នា​ថា ប៉ូលិស​ប្រឹង​ចាប់​ជនល្មើស ឬ​ឈ្មួញ​គ្រឿងញៀន ប៉ុន្តែ​តុលាការ​ជា​អ្នក​ដោះលែង ឬ​សម្រាល​ទោស។  ថ្លែង​បែប​នេះ​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ក្រោយ​ពី​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​យុត្តិធម៌ ជួប​ជែក​ជាមួយ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស ក្នុង​សិក្ខាសាលា​មួយ​នៅ​ក្រសួង​យុត្តិធម៌ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

ប្រកាស​ធ្វើ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ដែល​ក្រសួង​យុត្តិធម៌ នៅ​ពេល​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១ ដែល​មាន​រយៈពេល ៦​ខែ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

ដោយ​ឡែក នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា សន ជ័យ ថា អ្វី​ដែល​រដ្ឋាភិបាល​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន ជា​ការ​កម្រើក​ឡើង​វិញ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​ខ្លាំង​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​បាន​ពង្រីក​បណ្តាញ​យ៉ាង​រឹងមាំ​មួយ ដោយ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ក្លាយ​ជា​ចែកចាយ​គ្រឿងញៀន និង​បាន​រីកសាយ​ភាយ​ពី​ទីក្រុង​ទៅ​ដល់​វត្តអារាម សាលារៀន ពន្ធនាគារ និង​ទី​ជនបទ៖ «យើង​ពិនិត្យមើល​ជា​រួម​ឃើញ​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​ឈ្មួញ​ជួញដូរ​គ្រឿងញៀន គេ​បាន​រៀបចំ​រចនាសម្ព័ន្ធ​គេ​ខ្លាំង ខណៈ​ដែល​វិធានការ​បង្ក្រាប​នៅ​ដដែល ខ្ញុំ​មិន​ទាន់​មាន​ជំនឿ​ទេ ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ឃ្លីងឃ្លោង​នៅ​ឡើយ»

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៦ បង្ហាញ​ថា សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​សរុប ៩.៨០០​នាក់ ក្នុង​នោះ អ្នក​ប្រើប្រាស់​ជាង ៣.៦០០​នាក់។ របាយការណ៍​ដដែល ឲ្យ​ដឹង​ថា ចំណោម​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដូចជា មន្ត្រី​រាជការ សិស្ស និស្សិត អ្នក​នៅ​កន្លែង​សប្បាយ កម្មករ​ពលករ អ្នក​ជំនួញ អ្នក​គ្មាន​មុខរបរ​ពិត​ប្រាកដ ជនអនាថា និង​ករណី​ផ្សេងៗ។ ក្នុង​នោះ សិស្ស​និស្សិត មាន​ចំនួន​ច្រើន​ជាង​គេ ២៩,៨៨​ភាគរយ ហើយ​ចំណាត់​ថ្នាក់​ទី​២ គឺ​អ្នក​គ្មាន​មុខ​របរ​ពិត​ប្រាកដ ២៦,០៣​ភាគរយ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ប្រសិន​ការ​អនុវត្ត​វិធានការ​នេះ មិន​ប្រកាន់​បក្សពួក​អាច​ទទួល​បាន​លទ្ធផល។ លោក​ថា អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នេះ នឹង​ក្លាយ​ជា​ឧបករណ៍​បង្ក្រាប​អ្នក​ណា​ដែល​មិន​មែន​ជា​បក្សពួក​របស់​ខ្លួន៖ «សុំ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​បំពេញ​តួនាទី​ជា​អ្នក​យុត្តិធម៌ កុំ​ឲ្យ​យក​រឿង​អយុត្តិធម៌​ទៅ​ប្រឡូក​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រកាស​ផ្ដល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន។ វិធានការ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១ របស់​រដ្ឋាភិបាល។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា សន ជ័យ យល់​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​មួយ​ដែល​ស៊ី​ជម្រៅ និង​ប្រើប្រាស់​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។