ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក មឿន តុលា ត្រលប់ទៅផ្ទះវិញ ក្រោយពីបានសាកសួរជាងមួយម៉ោង លើសំណុំរឿងរំលោភសេចក្ដីទុក្ខចិត្តលើរឿងលុយបច្ច័យបុណ្យសពបណ្ឌិត កែម ឡី។ អ្នកវិភាគផ្ដល់យោបល់ឲ្យរបបក្រុងភ្នំពេញ គួរពន្លឿនរកអ្នកបញ្ជាឲ្យបាញ់សម្លាប់បណ្ឌិត កែម ឡី ជាជាងព្យាយាមតាមធ្វើទុក្ខបុកម្នេញ អ្នកជួយពិធីបុណ្យសព។
សមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា បានចូលទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរ នៅថ្ងៃកាលពីម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២៥ ឧសភា។ ក្រោយពីការសាកសួរជាងមួយម៉ោង លោកត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។
អ្នកសម្របសម្រួលកម្មវិធី នៃអង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ ឲ្យដឹងថា ការចូលខ្លួនរបស់លោក មឿន តុលា គឺតម្រូវតាមនីតិវិធីរបស់តុលាការ ដើម្បីបង្ការកុំឲ្យមានការចោទប្រកាន់លោកបន្ថែមពីបទល្មើសផ្សេងទៀត ទាក់ទងនឹងការមិនចូលខ្លួន។ តែយ៉ាងណា សម្រាប់អង្គការ សង់ត្រាល់ គឺ លោក មឿន តុលា ជាមនុស្សស្អាតស្អំ មិនបានកេងយកបច្ច័យបុណ្យសពបណ្ឌិត កែម ឡី ដូចការចោទរបស់អ្នកនយោបាយទេ។
លោក មឿន តុលា និងសមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ២នាក់រូប គឺលោក ប៉ាង ងួន ទៀង និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវបានតុលាការរបបលោក ហ៊ុន សែន កោះហៅឲ្យចូលខ្លួនតាមពាក្យបណ្ដឹងរបស់អ្នកនយោបាយ មិនសូវមានអ្នកគាំទ្រម្នាក់ គឺលោក ពេជ្រ ស្រស់។ លោក មឿន តុលា ធ្លាប់ចូលឆ្លើយបំភ្លឺម្ដងហើយ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៧។
នៅថ្ងៃទី២៧ មេសា អំណាចនីតិប្បញ្ញត្តិក្នុងរបបក្រុងភ្នំពេញ (ក្រសួងការងារ) បានចេញសេចក្ដីប្រកាសព័ត៌មានថា បានចាត់វិធានការអន្តរាគមន៍ទៅតុលាការរួចរាល់ហើយ ក្នុងការលើកលែងការចោទប្រកាន់លោក មឿន តុលា ដែលត្រូវបានចោទប្រកាន់ កាលពីឆ្នាំ២០១៧ ពីបទរំលោភលើសេចក្ដីទុកចិត្ត ទាក់ទងនឹងលុយបុណ្យសពបណ្ឌិត កែម ឡី។ ក្រសួងការងារ អះអាងថា ការអន្តរាគមន៍លើកលែងការចោទប្រកាន់លើលោក មឿន តុលា គឺធ្វើឡើង ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ហើយរបបក្រុងភ្នំពេញ នៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សេរីភាព របស់អង្គការវិជ្ជាជីវៈឲ្យបានស្របតាមច្បាប់។ ប៉ុន្តែលោក មឿន តុលា ធ្លាប់អះអាងថា ការចោទប្រកាន់ថា ក្រុមគណៈកម្មការបុណ្យសព កេងយកបច្ច័យបុណ្យ ជារឿងអយុត្តិធម៌ ខណៈក្រុមគ្រួសារបណ្ឌិត កែម ឡី បញ្ជាក់ថា មិនមានការកិបកេងបច្ច័យបុណ្យសពទេ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង និងជាអ្នកធ្លាប់រៀនសូត្រពីបណ្ឌិត កែម ឡី លោក បុង ដែត យល់ថា ចាប់ពីពេលនេះទៅ របបក្រុងភ្នំពេញ លែងខ្វាយខ្វល់ពីការស្រាវជ្រាវរកឃាតកនៅពីក្រោយការបញ្ជាឲ្យបាញ់សម្លាប់បណ្ឌិត កែម ឡី ហើយ ព្រោះគ្មានប្រយោជន៍ដល់របបមួយនេះទេ។ អ្នកវិភាគវ័យក្មេងរូបនេះថា របបលោក ហ៊ុន សែន នឹងមិនចំណេញពីការព្យាយាមធ្វើទុក្ខបុកម្នេញ គណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ឡើយ។ តែយ៉ាងណាក្ដី លោកផ្ដល់អនុសាសន៍ឲ្យតុលាការ និងសមត្ថកិច្ច គួរតែព្យាយាមរកអ្នក ដែលបានបញ្ជាឲ្យបាញ់សម្លាប់បណ្ឌិត កែម ឡី ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ជាជាងការបន្ដចោទប្រកាន់ក្រុមគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី នោះ។
បើទោះជាត្រូវបានអនុញ្ញាតឲ្យលោក មឿន តុលា ត្រលប់ទៅផ្ទះវិញ ប៉ុន្តែចៅក្រមស៊ើបសួរ មិនទាន់ទម្លាក់ចោលបទចោទនៅឡើយទេ ហើយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
