ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​លោក អាឡិច ថ្លែង​ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយកំបាំង​មុខ

ដោយ មួង ណារ៉េត
2021-07-13
Share
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​លោក អាឡិច ថ្លែង​ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយកំបាំង​មុខ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
រូប៖ RFA

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយ​គ្មាន​វត្តមាន​របស់​លោក​ក្នុង​សវនាការ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ដែរ បើ​ចំណុច​សំខាន់ៗ នៃ​ការ​គោរព​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ត្រូវ​គេ​មើល​រំលង​បែប​នេះ។

សារ​របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ក្នុង​បញ្ជី​ខ្មៅ លែង​ឲ្យ​ចូល​ប្រទេស​រូប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ជា​ការ​ឆ្លើយតប​ទៅ​នឹង​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ហៅ​លោក​ឲ្យ​ចូល​ទៅកាន់​សាលាដំបូង​នេះ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា​ជា​កំហិត ដើម្បី​ចូលរួម​សវនាការ។ លោក​ត្រូវ​បាន​តុលា​ការចោទប្រកាន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២០ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

លើក​នេះ ក៏​មិន​ខុស​ពីលើ​ក​មុនៗ ដែរ លោក អាឡិច បញ្ជាក់​ជំហរ​ជា​សាធារណៈ​ថា លោក​ពិត​ជា​មាន​បំណង និង​ឆន្ទៈ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​បង្ហាញ​ខ្លួន និង​ចូលរួម​ក្នុង​សវនាការ​រឿង​ក្តី​របស់​លោក។ លោក​ថា លោក​មិន​គេចវេស និង​រីករាយ​ចូល​ខ្លួន ដើម្បី​តតាំង​ក្នុង​រឿង​ក្ដី ដែល​លោក​ថា តុលាការ​ចោទ​ប្រកាន់​លោក ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ។

កន្លង​មក តុលាការ​បាន​កាត់​ក្តី​លោក​ដោយ​គ្មាន​វត្តមាន​លោក​ដែរ ទោះ​បី​ជា​លោក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក​បាន​ចូលរួម​ក្នុង​សវនាការ​នោះ​ក៏​ដោយ។ លើក​នេះ លោក​ថា រដ្ឋាភិបាល​ច្បាស់​ជា​កាត់​ក្ដី​លោក ដោយ​គ្មាន​វត្តមាន​លោក​ទៀត។

លោក អាឡិច ថា បើ​សវនាការ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា​ខាង​មុខ​ធ្វើ​ដោយ​មិន​ឲ្យ​លោក​ចូលរួម​បាន គឺ​វា​នឹង​បញ្ជាក់​ម្ដង​ទៀត​ថា មនុស្ស​ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់ បែរ​ជា​រំលោភ​ច្បាប់​ទៅ​វិញ។ លោក​បន្ថែម​ថា វា​នឹង​បញ្ជាក់​កាន់​តែ​ច្បាស់ នៅ​ចំពោះ​មុខ​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ថា ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ គឺ​គ្រាន់​តែ​ជា​ការ​ប្រឌិត ដើម្បី​ចោទ​ប្រកាន់ និង​មាន​លក្ខណៈ​នយោបាយ​តែ​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធតែ​មាន​ចែង​អំពី​ការ​ទទួលស្គាល់​សិទ្ធិ​ជន​ជាប់​ចោទ និង​កាតព្វកិច្ច​របស់​តុលាការ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។

មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា ជន​ជាប់​ចោទ​ណា​ក៏​ដោយ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ឥត​ទោស​ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ និង​មាត្រា ១៤() () នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែង​ថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ និង​ត្រូវ​ជំនុំ​ជម្រះ​ដោយ​មាន​វត្ត​របស់​ខ្លួន ដែល​ជា​ជន​ជាប់​ចោទ។

ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា និង​ព្រម​ទទួល​ស្គាល់ និង​អនុវត្ត​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ឲ្យ​ចូល​ខ្លួន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ជន​នោះ​មាន​វត្តមាន​នៅ​តុលាការ គឺ​ជា​ការ​រំលោភ​សិទ្ធ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ និង​រំលោភ​បំពាន​គោល​ការណ៍​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌។

ប្រធាន​សមាគម​អាដហុក លោក នី សុខា ថា រឹត​តែ​ពិសេស​ជាង​នេះ ក្នុង​ករណី​នេះ ជន​ជាប់​ចោទ​ថែម​ទាំង​បាន​បញ្ជាក់​អំពី​ចេតនា ចង់​ចូលរួម​នៅ​ក្នុង​សវនាការ ដែល​អាជ្ញាធរ​រដ្ឋ ត្រូវ​សម្រប​សម្រួល​និង​ផ្តល់​លទ្ធភាព​ឲ្យ​ជន​នោះ​អាច​ចូលរួម​បាន៖ «ធម្មតាយើងដឹងហើយថា សិទ្ធិស្មើគ្នាចំពោះ​មុខច្បាប់ ទាក់ទងទៅនឹងយុត្តិធម៌នៅក្នុងដំណើរការកាត់​សេចក្ដីជា​ទូទៅជន​ជាប់​ចោទត្រូវ​តែមាន​មុខចំពោះ​មុខតុលាការជាប្រយោជន៍ក្នុងការ ដែលគាត់ត្រូវការពារសិទ្ធិរបស់គាត់នៅ​ចំពោះ​មុខតុលាការ។ ប៉ុន្តែ បើ​សិន​ជាគាត់មានឆន្ទៈចង់មកបំពេញ ដើម្បីឆ្លើយចំពោះ​មុខតុលាការ ហើយបែរ​ជាយើងមិនបង្កលក្ខណៈឲ្យគាត់បានមកចូល​រួម ខ្ញុំគិត​ថា ជារឿងមួយដែលរំលោភ ធ្វើ​ឲ្យប៉ះពាល់ទៅ​ដល់សិទ្ធិរបស់គាត់ ដែលហៅ​ថា សិទ្ធិស្មើភាពចំពោះ​មុខតុលាការ។ ដូច្នេះគាត់បាត់បង់ឱកាសក្នុងការមកតតាំងក្ដី នៅ​ចំពោះ​មុខតុលាការ ជា​ពិសេសគឺ នៅ​ចំពោះ​មុខអង្គជំនុំជម្រះ។ ប្រការនេះ វាប៉ះពាល់ដល់សេរីភាព និងយុត្តិធម៌សម្រាប់គាត់ធំណាស់។ វាខ្លាំងណាស់

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ធ្លាប់​ស្នើ​ជារឿយៗ ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ដោយ​ផ្ដើម​ពី​ការ​ពង្រឹង​ភាព​ឯករាជ្យ យុត្តិធម៌ និង​ត្រឹមត្រូវ​របស់​ស្ថាប័ន​តុលាការ​នេះ។ បើ​មិន​ដូច្នេះ​ទេ អំពើ​អយុត្តិធម៌​សង្គម នៅ​តែ​បន្ត​កើតមាន ជា​ពិសេស ចំពោះ​សកម្មជន ដែល​ហ៊ាន​រិះគន់​លើ​បញ្ហា​សង្គម​បរិស្ថាន​ធនធានធម្មជាតិ និង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល